អន្តរជាតិ
ជំនួប​ចរចា​អាមេរិក​-​កូរ៉េខាងជើង​នៅតែ​បន្ត ទោះ​ក្រុមប្រឹក្សាសន្តិសុខ​នឹង​បើក​កិច្ចប្រជុំ​នៅ​សប្តាហ៍​ក្រោយ​
04, Oct 2019 , 10:19 pm        
រូបភាព
រូបភាព (AFP)
រូបភាព (AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៣ ខែតុលា បាន​អះអាងថា កិច្ចចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នៅតែ​បន្ត បើទោះបីជា​ទីក្រុង​ព្យុងយ៉ាង​បាន​សាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ក៏ដោយ​។ ការលើកឡើង​លោក ត្រាំ ធ្វើ​មុន​ជំនួប​ចរចា​រវាង​មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​នៅ​ស៊ុយអែត​នា​ថ្ងៃទី​៥ ខែតុលា​ខាងមុខ​។ ចំណែកឯ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​វិញ នឹង​បើក​កិច្ចប្រជុំ​បិទទ្វារ​បន្ទាន់​មួយ​ដើម្បី​ជជែក​ពី​ការសាកល្បង​មី​ស៊ី​ល​កូរ៉េខាងជើង​។



​បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង​បានប្រកាសថា ខ្លួន​ទទួលជោគជ័យ​យ៉ាង​ធំធេង​លើ​ការបាញ់​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ចេញពី​នាវាមុជទឹក (SLBM) ប្រភេទ​ថ្មី Pukguksong3 វា​បាន​បង្ក​ឲ្យ​មានការ​បារម្ភ​យ៉ាងខ្លាំង​ដល់​សហគមន៍​អន្តរជាតិ​។ ប៉ុន្តែ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ថា ជំនួប​ចរចា​អាមេរិក និង​កូរ៉េខាងជើង​នៅតែ​កើតមាន​។

​កិច្ចប្រជុំ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នៅតែ​បន្ត​

«​ពួកគេ [​កូរ៉េខាងជើង​] ចង់​ចរចា ហើយ​យើង​នឹង​ចរចា​ជាមួយ​ពួកគេ​»​។ នេះ​ជាការ​អះអាង​របស់លោក ត្រាំ បន្ទាប់ពី​កូរ៉េខាងជើង​បាន​សាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ប្រភេទ​ថ្មី​។ ប៉ុន្តែ​ការលើកឡើង​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ ហាក់ដូចជា​មិន​បារម្ភ​អំពី​សន្តិសុខ​ពិភពលោក​បន្តិច​សោះ​។ ពិតណាស់ វា​មិន​ចម្លែក​ទេ​សម្រាប់​លោក ត្រាំ ព្រោះ​កាលពី​ការសាកល្បង​មី​ស៊ី​ល​មុនៗ ប្រធានាធិបតី​រូបនេះ​ក៏បាន​បញ្ជាក់ដែរថា មិនមាន​បញ្ហា​អ្វី​ទេ​លើ​ការសាកល្បង​មី​ស៊ី​ល​ចំងាយ​ខ្លី​បែបនេះ​។ 

​បើតាម​អ្នកនាំពាក្យ​យោធា​អាមេរិក Pat Ryder ការសាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នា​ថ្ងៃទី​២ ខែតុលា អាចជា​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ចំងាយ​ខ្លី ឬ​មធ្យម​តែប៉ុណ្ណោះ​។ សម្រាប់​ការសាកល្បង​នេះ​ទៀតសោត វា​មិនមាន​អ្វី​ចង្អុលបង្ហាញ​ទាល់តែសោះ​ថា បាញ់​ចេញពី​នាវាមុជទឹក ប៉ុន្តែ​អាចជា​ការបាញ់​ចេញពី​ជើង​ទម្រ​នៅលើ​ទឹក​។

​ជំនួប​ចរចា​នៅ​ទីក្រុង​ស្តុក​ខុល ប្រទេស​ស៊ុយអែត​

​ដូចជា​អ្វីដែល​គេ​បាន​រំពឹងទុក កិច្ចប្រជុំ​រវាង​មន្ត្រី​អាមេរិក និង​កូរ៉េខាងត្បូង​បាន​លេច​រូបរាង​ឡើង​នៅ​ទីក្រុង​ស្តុក​ខុល ប្រទេស​ស៊ុយអែត​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap លោក Kim Myong-gil និង​អ្នកតំណាង​កូរ៉េខាងជើង​ផ្សេងទៀត​បាន​ទៅដល់​ប្រទេស​ស៊ុយអែត​ហើយ នា​ម៉ោង​៥ និង​៤០ នាទី​ព្រឹក​ថ្ងៃទី​៤ ខែតុលា​។ ចំណែក​ខាង​ភាគី​អាមេរិក លោក Stephen Biegun ត្រូវបាន​គេ​រំពឹងថា នឹង​ទៅដល់​ឆាប់ៗ​នេះដែរ​។ ភាគី​ទាំងពីរ​នឹងមាន​ជំនួប​ជាមួយគ្នា​មួយ​នៅ​ថ្ងៃទី​៤ ខែតុលា មុននឹង​កិច្ចចរចា​ផ្លូវការ​នៅ​ថ្ងៃទី​៥ ខែតុលា​មកដល់​។

​ជាការ​ពិត កិច្ចចរចា​នៅ​ទីក្រុង​ស្តុក​ខុល គឺជា​លើកទីមួយ​ហើយ ចាប់​តាំង​ជំនួប​រវាង​ត្រាំ និង​គីម បរាជ័យ​នៅ​វៀតណាម ក៏ដូចជា​ជំនួប​នៅ​តំបន់​គ្មាន​យោធា​នៅ​ឧបទ្វីប​កូរ៉េ​។ ជាការ​រំពឹងទុក ភាគី​កូរ៉េខាងជើង និង​អាមេរិក នឹង​ផ្តោតទៅលើ​ការចង់​បានជា​មូលដ្ឋាន ឬ​ការចង់បាន​រួមគ្នា​ជាមុនសិន បន្ទាប់មក​ទើប​ឈានទៅដល់​កិច្ចចរចា​រំសាយ​អាវុធ​នុយក្លេអ៊ែរ ក៏ដូចជា​ការលុបចោល​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​កូរ៉េខាងជើង​។

​បើទោះបីជា​អ្វីៗ​មិន​ងាយស្រួល​ក៏ដោយ លោក Kim Myong-gil បាន​ប្រាប់​អ្នកសារព័ត៌មាន​មុន​ចាកចេញ​មកពី​ទីក្រុង​ប៉េកាំង​ក្នុង​ដំណើរ​ទៅ​ស៊ុយអែត​ថា កូរ៉េខាងជើង​នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​លទ្ធផល​នៃ​កិច្ចចរចា​មួយ​នេះ​។

​កិច្ចប្រជុំ​បិទទ្វារ​រប​ស់​ក្រុមប្រឹក្សាសន្តិសុខ​

​បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ កិច្ចប្រជុំ​បិទទ្វារ​រប​ស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នឹងធ្វើ​ឡើង​ឆាប់ៗ​ខាងមុខនេះ តាម​ការស្នើ​របស់​អង់គ្លេស អាល្លឺម៉ង់ និង​បារាំង​។ កិច្ចប្រជុំ​មួយ​នេះ ធ្វើឡើង​គឺ​ក្នុង​គោលបំណង​ដាក់​សម្ពាធ​ទៅលើ​ទីក្រុង​ព្យុងយ៉ាង ដែល​បាន​សាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ក​ម្តង​ហើយ​ម្តងទៀត​។ សកម្មភាព​របស់​កូរ៉េខាងជើង​បែបនេះ ត្រូវបាន​គេ​ជឿថា​គឺជា ការគំរាមកំហែង​សន្តិសុខ​ពិភពលោក​យ៉ាងខ្លាំង ជាពិសេស​គឺ​ការបំពាន​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ក​ន្ល​ង​មក​។​

«​អាមេរិក​មិន​ចង់បាន​កិច្ចប្រជុំ​ផ្លូវការ​ណាមួយ​ទេ​»​។ នេះ​គឺជា​មូលហេតុ ដែល​ក្រុមប្រឹក្សាសន្តិសុខ​បើក​កិច្ចប្រជុំ​បិទទ្វារ ម្យ៉ាងវិញទៀត​ក្រុមប្រឹក្សា​មួយ​នេះ ក៏​ចង់​និយាយ​ពី​លក្ខខណ្ឌ​សំងាត់​ផងដែរ​។

​សូមបញ្ជាក់ថា ប្រទេស​អង់គ្លេស អាល្លឺម៉ង់ និង​បារាំង​ធ្លាប់​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​បើក​កិច្ចប្រជុំ​ម្តង​ហើយ​បន្ទាប់ពី​កូរ៉េខាងជើង​បាន​សាកល្បង​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ចម្រុះ ប៉ុន្តែ​ចុងក្រោយ​ប្រទេស​ទាំងបី​បាន​ត្រឹម​អំពាវនាវ​ឲ្យ​បន្ត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​បន្ថែមទៀត​លើ​កូរ៉េខាងជើង​។ ចំណែក​រុស្សី និង​ចិន​វិញ បាន​អំពាវនាវ​ឲ្យ​អង្គការសហប្រជាជាតិ​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ចេញពី​កូរ៉េខាងជើង ដើម្បី​ជំរុញ​ឲ្យ​មាន​ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ​កាន់តែ​ឆាប់រហ័ស ប៉ុន្តែ​ត្រូវបាន​អាមេរិក​ច្រានចោល​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  ក្រុមប្រឹក្សាសន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com