អន្តរជាតិ
ហុងកុង ប្រកាសប្រើច្បាប់បន្ទាន់ ដើម្បីហាមការប្រើម៉ាស់បិទមុខ ប្រភពរូប៖ AFP
× ប្រធានប្រតិបត្តិប្រចាំទីក្រុងហុងកុង លោកស្រី ការី ឡាំ បានប្រើប្រាស់ច្បាប់បន្ទាន់ (emergency law) សម័យអាណានិគម ដើម្បីហាមប្រាមការប្រើប្រាស់ម៉ាស់បិទមុខ។ ចំណាត់ការនេះ ត្រូវបានប្រកាស ក្រោយពីផ្ទុះបាតុកម្មហិង្សាខ្លាំងក្នុងទីក្រុងហុងកុង នាយប់ថ្ងៃ០១ តុលា ដែលចំថ្ងៃខួប៧០ឆ្នាំនៃការដឹកនាំកម្មុយនីស្តក្នុងប្រទេសចិន។
ថ្លែងនៅសន្និសីទព័ត៌មាន នៅរសៀលថ្ងៃសុក្រ ទី ៤ តុលា លោកស្រី ការី ឡាំ បាននិយាយថា អំពើហិង្សា កំពុងបំផ្លិចបំផ្លាញទីក្រុងហុងកុង ហើយអាជ្ញាធរពុំអាចអង្គុយនៅស្ងៀម ដោយទុកស្ថានការណ៍នេះកាន់តែធ្ងន់ធ្ងរឡើយ។ យោងតាមលោកស្រី ច្បាប់នេះ នឹងចូលជាធរមាន ចាប់ពីថ្ងៃសៅរ៍ទី ៥ តុលា តទៅ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកស្រី ការី ឡាំ បញ្ជាក់ថា លោកស្រី ជឿជាក់ថា ច្បាប់ថ្មីនេះ នឹងមានឥទ្ធិពលបង្អាក់មួយប្រឆាំងនឹងបាតុករហិង្សាដែលពាក់ម៉ាស់ និងអ្នកធ្វើកុបកម្ម ហើយវាក៏នឹងជួយដល់ប៉ូលិសក្នុងការអនុវត្តច្បាប់ផងដែរ»។ សម្រាប់លោកស្រី ការសម្រេចចិត្តប្រើច្បាប់នេះ គឺជារឿងដ៏ពិបាកមួយ ប៉ុន្តែវាចាំបាច់សម្រាប់ផលប្រយោជន៍សាធារណៈ។
ក៏ប៉ុន្តែលោកស្រី សង្កត់ធ្ងន់ថា ការប្រើប្រាស់អំណាចនេះ ពុំមែនមានន័យថា រដ្ឋាភិបាលបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នជាផ្លូវការនោះឡើយ។ ត្រង់នេះ លោកស្រីនិយាយបែបនេះ៖«ទោះជាបទបញ្ញាត្តិនេះ មានចំណងជើងថា បន្ទាន់ ក៏ដោយក្តី ហុងកុងពុំស្ថិតក្នុងភាពអាសន្នឡើយ»។
គួរឲ្យកត់សម្គាល់ថា នេះជាលើកដំបូងក្នុងរយៈពេល ៥២ឆ្នាំ ដែលបទបញ្ញត្តិបទបញ្ជាបន្ទាន់ (Emergency Regulations Ordinance) នេះ ត្រូវបានយកមកប្រើ។ យោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីសន្តិសុខហុងកុង John Lee ច្បាប់នេះ នឹងអនុវត្តលើបាតុករទាំងស្របច្បាប់ និងខុសច្បាប់ ហើយវាគ្របដណ្តប់រាល់ម៉ាស់បិទមុខទាំងអស់ ដែលក្នុងនោះ ការលាបថ្នាំពណ៌លើមុខ ក៏រាប់បញ្ចូលផងដែរ។ ក៏មានករណីលើកលែងផងដែរ នោះគឺសម្រាប់ មនុស្សដែលពាក់ម៉ាស់ដោយសារបញ្ហាសុខភាព ឬប្រសិនបើតម្រូវដោយអាជីព (គ្រូពេទ្យ) ពួកគេជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com