អន្តរជាតិ
អាមេរិក​៖ ១៨​នាក់​ស្លាប់ និង​មួយ​ពាន់​នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ​ព្រោះ​បារី​អេឡិចត្រូនិក​
05, Oct 2019 , 8:59 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​នៅ​ថ្ងៃទី​៣ ខែតុលា មន្ត្រី​សុខាភិបាល​សហរដ្ឋអាមេរិក​បាន​រាយការណ៍​ពី​ករណី​មនុស្ស​ចំនួន​១៨​នាក់​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​សួត​ដ៏​អាថ៌កំបាំង​ដែលមាន​ទាក់ទង​បារី​អេឡិចត្រូនិក​។ មនុស្ស​ជាង​១០០០​នាក់​ទៀត ក៏បាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ​សួត​ដែល​ទាក់ទង​នឹង​បារី​អេឡិចត្រូនិក​នេះដែរ​។​



​ករណី​ស្លាប់ និង​ការ​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ​ទាក់ទង​អេឡិចត្រូនិក​នៅ​អាមេរិក បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC) បាន​រកឃើញ​និយាយថា ករណី​ជាង​១០៨០ ត្រូវបាន​រាយការណ៍​ពីរ​ដ្ឋ និង​ទឹកដី​អាមេរិក​ចំនួន​៤៨ ខណៈ​កាលពី​សប្ដាហ៍​មុន មនុស្ស​ឈឺ​ដោយសារ​ជំងឺ​សួត​មានតែ​៨០៥​ករណី​ប៉ុណ្ណោះ​។​

​រដ្ឋ​ចំនួន​១៥ បាន​រាយការណ៍​ករណី​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​ទាក់ទង​បារី​អេឡិចត្រូនិក​ក្នុងនោះ​នោះ អា​ឡា​បា​ម៉ា ច​ច​ជី កាន់​សាស់ មី​ស៊ូ​រី វើ​ជី​ញ៉ា និង​អ៊ី​លីណ​យ​ជាដើម​។​
​ក្រុម​អ្នកស៊ើប​អង្កេត​មិនបាន​ភ្ជាប់​ករណី​ជំងឺ​សួត​នេះ​បណ្តាល​ទៅនឹង​ផលិតផល​ច្បាស់លាស់​ណាមួយ​ទេ ប៉ុន្តែ​បាន​ច​ង្អុ​ក​ទៅរក​ទឹក​បន្ថែម​ក្នុង​បារី​អេឡិចត្រូនិក​ដែល​ផ្ទុក​សារធាតុ​ផ្សំ​របស់​កញ្ឆា tetrahydrocannabinol​។​

​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រីរដ្ឋបាល​ចំណីអាហារ​និង​ឱសថ និយាយថា គំរូ​ជាង ៤៤០ កំពុង​ត្រូវបាន​ប្រមូល​ពី​រដ្ឋ​ចំនួន​១៨ និង​បន្ត​ប្រមូល​ទៀត​ដើម្បី​ពិសោធ​។ ទន្ទឹមនឹង​ការកើនឡើង​នៃ​ករណី​ស្លាប់ និង​ការ​ធ្លាក់ខ្លួន​ឈឺ​នេះ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​បាន​ណែនាំ​ប្រជាជន​អាមេរិក គួរតែបញ្ឈប់​ការប្រើប្រាស់​បារី​អេឡិចត្រូនិក​នេះ​។​

​ដើម្បី​ទប់ស្កាត់​ផលវិបាក​បណ្ដាលមកពី​ការជក់បារី​អេឡិចត្រូនិក​នេះ អាមេរិក​ក៏​ចេញ​ការហាម​ប្រាម​ការប្រើប្រាស់ និង​ការលក់​បារី​អេឡិចត្រូនិក​ដែលមាន​រស់ជាតិ​។ ក្រៅពី​អាមេរិក ឥណ្ឌា និង​ប្រទេស​មួយចំនួនទៀត​ក៏បាន​នឹង​ចាប់ផ្តើម​ហាមឃាត់​ការប្រើប្រាស់​បារី​អេឡិចត្រូនិក​នេះ​ផងដែរ​។ ថ្មីៗ​នេះ ម៉ាឡេស៊ី ក៏​គ្រោង​ចេញ​ច្បាប់​ហាមឃាត់​ចរាចរណ៍​បារី​មួយ​ប្រភេទ​នេះ​ដែល​ពេញនិយម​ខ្លាំង​ក្នុងចំណោម​យុវជន​៕

© រក្សាសិទ្ធិដោយ thmeythmey.com