ជាតិ
សង្គមជាតិ
មន្ត្រី ប​.​ស​.​ស ច្រានចោល ដែលថា​កម្មករ​ធ្វើ​ឈឺ ដើម្បី​បើក​លុយ​ថ្លៃ​ព្យាបាល​
04, Oct 2019 , 6:19 pm        
រូបភាព
លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយប.ស.ស (រូបពីប.ស.ស)
លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយប.ស.ស (រូបពីប.ស.ស)
លោក ហេង សុផាន់​ណា​រិ​ទ្ធ ប្រធានការិយាល័យ​គោលនយោបាយ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បាន​បដិសេធថា គ្មាន​ករណី​កម្មករ​ធ្វើ​ពុត​ជា​ឈឺ ហើយ​ទៅ​រួមគំនិត​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​បើក​លុយ​ពី​ប​.​ស​.​ស ឡើយ ដោយសារ ប​.​ស​.​ស មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ច្បាស់លាស់​ចំពោះ​អ្នកមាន​ប័ណ្ណ ជា​សមាជិក ប​.​ស​.​ស​។ 



​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៩ លោក ហេង សុផាន់​ណា​រិ​ទ្ធ ពន្យល់ថា​៖«​ពេល​អ្នកជំងឺ ទៅ​មូលដ្ឋាន​សុខាភិបាល ត្រូវ​បង្ហាញ​កាត ប​.​ស​.​ស ទៅ​ឲ្យ​ភ្នាក់ងារ​មន្ទីរពេទ្យ​នៅ​ប្រចាំការ​ក្នុង​ពេទ្យ​នីមួយៗ ដើម្បី​ឲ្យ​ភ្នាក់ងារ ប​.​ស​.​ស បញ្ជាក់​ជាមួយ​ប្រព័ន្ធ HSPIS ថា​អ្នកជំងឺ​នេះ​ពិតជា សមាជិក ប​.​ស​.​ស ឬ​មិនមែន ហើយ​សមាជិក​នេះ នៅមាន​សុពលភាព ប្រើប្រាស់​សេវា ឬ​អស់​សុពលភាព​ប្រើប្រាស់​សេវា​។ បន្ទាប់ពី​បញ្ជាក់​ក្នុង​ប្រព័ន្ធ​រួច ភ្នាក់ងារ​នឹង​ចេញ​លិខិតអនុញ្ញាត​ឲ្យ​ប្រើប្រាស់​សេវា​នៅក្នុង​មន្ទីរពេទ្យ​ដោយ​មិន​គិតថ្លៃ រីឯ​ខាង​មន្ទីរពេទ្យ​វិញ​ពេល​ព្យាបាល នៅពេល​ឃើញ​មាន​លិខិតបញ្ជាក់​ពី​ភ្នាក់ងារ ប​.​ស​.​ស គឺ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​សេវា​ដោយ​មិន​គិតថ្លៃ​»​។  

​ការច្រានចោល​របស់លោក ហេង សុផាន់​ណា​រិ​ទ្ធ គឺ​បន្ទាប់ពី​លោក ឈាង វុន សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​ទី​៥​នៃ​រដ្ឋសភា បានលើកឡើង​នាពេល​ថ្មីៗ​នេះ​ថា មាន​កម្មករ​ខ្លះ រួមគំនិត​ជាមួយ​ពេទ្យ ដើម្បី​បាន​បើក​លុយ​ថ្លៃ​ព្យាបាល ខណៈ​ពួកគេ មិនមាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​។ 

​លោក ឈាង វុន ថ្លែង​ដូច្នេះ​ថា​៖«​មូលនិធិ ប​.​ស​.​ស លោកជំទាវ ឡោក ខេង [​តំណាងរាស្ត្រ​] បាន​លើក​ខ្លាំង​មែនទែន​ពាក់ព័ន្ធ​នឹង​ការបាត់​ចំណូល​និង​ការចាយវាយ ដែលមាន​ការកេងបន្លំ​។ អ៊ីចឹង តើ​យើង​ត្រូវ​ដោយ​ស្រាយ​ម៉េច​? កេង​បន្លំ​ហ្នឹង មិនមែន​តែម​ន្រី្ត​រាជ​ការដែល​ពាក់ព័ន្ធ​រឿង​ហ្នឹង​ទេ កម្មករ​របស់​យើង​មួយចំនួន ក៏​ឆ្លៀតឱកាស​ហ្នឹង​ដែរ ដូចជា ទៅ​ត្រូវរ៉ូវ​ជាមួយ​មន្ទីរពេទ្យបង្អែក​សុខាភិបាល ឬក៏​មណ្ឌល​សុខភាព ត្រូវរ៉ូវ​គ្នា​ចេញ​សំបុត្រ​អ៊ីចឹងទៅ ទៅ​បើក​លុយ​របស់​រដ្ឋ រួច​ហើយក៏​សម្រាក​នៅផ្ទះ តាមពិត​អត់​ឈឺ​ខ្លាំង​អី​ផង ក៏មានដែរ​។ អ៊ីចឹង​ហើយ​ធ្វើ​ឲ្យ​រដ្ឋ​បាត់​ថវិកា​មួយចំនួនធំ ហើយ​ខាង​វិ​ស័​ឯកជន​ជួល​កម្មករ ក៏​បាត់​កម្លាំង​ពលកម្ម ដែល​អត់​បាន​ទៅធ្វើ​ការ​។ អ៊ីចឹង​ហើយ យើង​បាន​ជជែក​គ្នា​រក​រូបមន្ត​ដើម្បី​ដោះស្រាយ​...»​។

​លោក ហេង សុផាន់​ណារិទ្ធ បកស្រាយ​បែបនេះ​ថា​៖«​គ្មាន​ករណី​ដូច​លោក ឈាង វុន លើកឡើង​នោះទេ ដោយសារ ប​.​ស​.​ស មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ចំពោះ​អ្នកមាន​ប័ណ្ណ​ដែលជា​សមាជិក ប​.​ស​.​ស ច្បាស់លាស់​។ លោក ឈាន វុន អាច​បកស្រាយ​ច្រឡំ​។ ប៉ុន្តែ​បើ​ករណី​កម្មករ​សុំ​ឈប់សម្រាក​ដោយសារ​ឈឺ គឺមាន​»​។

​លោក សោម អូន ប្រធាន​សហ​ព័​ន្ឋ​សហជីព​កម្មករ​កម្ពុជា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​មិន​ច្បាស់​ថា​មាន​ឬ​គ្មាន​នោះទេ តែ​លោក​សុំ​ឲ្យ​លោក ឈាង វុន បង្ហាញ​ឯកសារ​ផ្លូវការ ពី​ករណី​កម្មករ​ធ្វើ​ពុត​ជា​ឈឺ​។

​ជាមួយគ្នានេះដែរ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា សន្និដ្ឋានថា ប្រហែលជា​គ្មាន​ករណីបែបនេះ​ទេ ហើយ​លោក ក៏​មិនដែល​ឃើញ​មានការ​ខាតបង់​អ្វី​ដោយសារ​កម្មករ​ដែរ​។ លោក មានប្រសាសន៍ថា ឃើញតែ​កម្មករ​លំបាក ឈឺ និង​សុំច្បាប់​មិនបាន គ្មាន​រឿង​ទៅ​គប់គិត​ជាមួយ​ពេទ្យ​ដើម្បី​បាន​លុយ​ឡើយ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អាត់ ធន់ ចាត់ទុក ការលើកឡើង​របស់លោក ឈាង វុន ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​កម្មករ​ខ្លាំង ហើយ​លោក យល់ថា ក្នុងនាម​ជា​តំណាងរាស្ត្រ លោក ឈាង វុន មិនគួរ​និយាយ​បែបនេះ​ទេ​៕

Tag:
 ប​.​ស​.​ស​
  កម្មករ​
© រក្សាសិទ្ធិដោយ thmeythmey.com