កំណាព្យ
ជាតិ
អរគុណសិស្សគ្រប់គ្នាដែលចងចាំគ្រូ!
×
បទផ្កាឈូករីក
សប្បាយចិត្ត ដ្បិតដឹងថា សិស្សជោគជ័យ
សប្បាយចិត្ត សិស្សចេះលៃ នឹកឃើញគ្រូ
សប្បាយចិត្ត ទោះវេលា កន្លងយូរ
សប្បាយចិត្ត សិស្សនឹកគ្រូ សួររាក់ទាក់។
គ្រូគ្រប់គ្នា គ្រាសិស្សជុំ ផ្តុំផ្តួចផ្តើម
គ្រូគ្រប់គ្នា ពេញចិត្តថ្លើម រំភើបជាក់
គ្រូគ្រប់គ្នា អរចង់យំ ហើយហាក់ភ្ញាក់
គ្រូគ្រប់គ្នា ថ្លែងមិនលាក់ អរគុណណាស់។
សិស្សមិនខឹង ដឹងគុណតប អបអំណោយ
សិស្សមិនខឹង ឃើញគ្រូខ្សោយ ស្រោចស្រង់ច្បាស់
សិស្សមិនខឹង គុំកួនគ្រូ ព្រោះរឿងចាស់
សិស្សមិនខឹង កាលសិស្សខ្លះ ជាប់វិន័យ។
សិស្សចម្រើន កើនចំណេះ ចេះជាងគ្រូ
សិស្សចម្រើន ថ្កើនធារធូ រស់ផុតភ័យ
សិស្សចម្រើន មានទាំងកេរ្តិ៍ ឈ្មោះប្រពៃ
សិស្សចម្រើន បែរលកលៃ តបគុណគ្រូ។
ដឹងគុណតប ស្របដីកា សាស្តាស្តែង
ដឹងគុណតប ព្រះសម្តែង មកជាយូរ
ដឹងគុណតប សិស្សគ្រប់គ្នា មកជួបគ្រូ
ដឹកគុណតប ពិតគំរូ គួរត្រាប់ត៕
© រក្សាសិទ្ធិដោយ thmeythmey.com