ONE Championship
កីឡាជាតិ
ជាតិ
ម្តាយ​ជា​កម្លាំងចិត្ត​សំខាន់បំផុត​នាំ​ឲ្យ Angela Lee អាច​គ្រង​ខ្សែក្រវាត់​គុន​ចម្រុះ​លំដាប់​ពិភពលោក​
05, Oct 2019 , 12:09 pm        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

​កីឡាការិនី Angela Lee ដែលមាន​រហស្សនាម «Unstoppable» ជា​កីឡាការិនី​គុន​ចម្រុះ​លេចធ្លោ​លំដាប់​ពិភពលោក​សម្រាប់​អ្នកគាំទ្រ​។ ជាពិសេស កីឡាការិនី​វ័យក្មេង​រូបនេះ ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ក្នុង​ពិភព​ក្បាច់​លំដាប់​ពិភពលោក​មួយ​នេះ​។​



​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ONE Women’s Atomweight World Champion បាន​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ តាំងពី​នៅ​ក្មេង​វ័យ មុន​ទទួលបាន​កេរ្តិ៍ឈ្មោះ ត្រដែត​លើ​ឆាក​អន្តរជាតិ​។ យ៉ាងណាក្ដី កីឡាការិនី​រូបនេះ អះអាងថា មាន​ស្ត្រី​ជា​គំរូ​ល្អ​នៅ​ពីក្រោយ​ភាពជោគជ័យ​ដ៏​សំខាន់​នេះ គឺ​ម្ដាយ Jewelz និង​ជីដូន​របស់ខ្លួន​។ ម្ដាយ​របស់ Lee មាន​កម្រិត​ខ្សែក្រវាត់​ខ្មៅ ខាង​ក្បាច់គុន​ដែល​ជួយ​ណែនាំ​ផ្លូវ និង​ការចិញ្ចឹម​បីបាច់​ថែរក្សា​យ៉ាង​ល្អ តាំងពី​តូច​រៀងមក​។ កីឡាការិនី សញ្ជាតិ​សិង្ហ​បុរី​រូបនេះ នឹង​ឡើង​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​ទល់នឹង Xiong Jing Nan  ឬ គេ​ស្គាល់​រហស្សនាម​ថា «The Panda» នៅ​សង្វៀន  ONE: CENTURY PART I នា​ថ្ងៃទី​១៣ ខែតុលា ខាងមុខ​នៅ​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។



«​ម៉ាក់​របស់ខ្ញុំ ជា​មនុស្ស​ដ៏​ខ្លាំង​ម្នាក់​សម្រាប់​គ្រួសារ​។ គាត់​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​គ្រួសារ ហើយ​ជីដូន​របស់ខ្ញុំ ក៏​ជា​គំរូ ល្អ​ម្នាក់​សម្រាប់​ជីវិត​របស់ខ្ញុំ​ដែរ​»​។ កីឡាការិនី​វ័យ ២៣ ឆ្នាំ​ថ្លែង​បែបនេះ​។

​កីឡាការិនី​ដដែល​បញ្ជាក់ថា​៖«​ជីដូន​របស់ខ្ញុំ​ជួយ​ចិញ្ចឹម​ខ្ញុំ គាត់​ជួយ​មើលថែ​ខ្ញុំ​។ នោះ​ជា​ក្ដី​ស្រលាញ់​សម្រាប់​គ្រួសារ​។ គាត់​តែងតែ​មើលថែ​ចៅៗ​។ តាំងពី​ខ្ញុំ​ក្លាយជា​ជើងឯក​ពិភពលោក ជីដូន និង​ជីតា គឺជា​អ្នកគាំទ្រ​លេខ​១»​។ Lee និង ប្អូនប្រុស Christian Lee ជា​ម្ចាស់​ខ្សែក្រវាត់ ONE Lightweight World Champion បានចាប់ផ្ដើម​ហ្វឹកហាត់​តាំងពីក្មេង​ដោយសារ​មានការ​ណែនាំ​ពី​សំណាក់​ឪពុកម្ដាយ​។ Ken ដែលជា​ឪពុក​របស់ Lee គឺជា​គ្រូបង្វឹក ហើយ​លោក​នាំ​ផ្លូវ​ឲ្យ​កូន​របស់ខ្លួន ទទួលជោគជ័យ​ដល់​បច្ចុប្បន្ន​។ Lee សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​នៅតែ​ទទួល​ការណែនាំ និង ដំបូន្មាន​របស់គាត់​ដល់​បច្ចុប្បន្ននេះ​»​។



Lee បាន​អះអាង​បន្តទៀតថា រូបគេ​មានសំណាង​ខ្លាំងណាស់​ដែលមាន​ម្ដាយ និង​លោកយាយ​ដ៏​អស្ចារ្យ ប្រកបដោយ​ចំណេះដឹង​នៅក្នុង​ជីវិត​របស់ខ្លួន​។ កីឡាការិនី​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​រូបនេះ​រៀបរាប់​ទៀតថា​៖«​ពេល​ជួប​រឿង អាក្រក់ ឬ​រឿង​ល្អ ខ្ញុំ​តែងតែ​ទទួលបាន​ដំបូន្មាន​ល្អៗ​ពី​ពួកគាត់​ដើម្បី​ជម្នះ​ឧបសគ្គ​។ ពួកគាត់​ជួយ​ពង្រឹងស្មារតី​ដល់​ខ្ញុំ បង្រៀន​ខ្ញុំ​អំពី​ការដោះស្រាយ​បញ្ហា ក្នុង​ជីវិត​»​។ បច្ចុប្បន្ននេះ Lee បាន​បន្ត​ធ្វើជា​គំរូ​ល្អ​ដល់​ប្អូនៗ​បង្កើត ៣ នាក់​ផ្សេងទៀត​។ Lee តែងតែ​ជួយ​មើលថែ​ដល់​ប្អូនៗ​ដោយ​យក​លំនាំ​តាម​ជីដូន និង​ម្ដាយ​របស់ខ្លួន​បន្ទាប់ពី​រូបគេ​ជោគជ័យ​ក្នុង​ពិភព​ក្បាច់គុន​លើ​ឆាក​អន្តរជាតិ​។



«Unstoppable»  គូសបញ្ជាក់​យ៉ាង​ដូច្នេះ​៖« ខ្ញុំ​ធ្វើជា​គំរូ​ល្អ និង​ជា​លំនាំ​ល្អ ដែល​ខ្ញុំ​បានទទួល​កន្លងមក​។ វា​ជា​រឿង​ធម្មជាតិ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ចូលចិត្ត​ធ្វើ​វា​។ ឥឡូវនេះ​ប្អូនស្រី​របស់ខ្ញុំ Victoria មាន​ចំណែក​ការលើកទឹកចិត្ត​ពី​ខ្ញុំ​។ ប្អូន​ខ្ញុំ​ទើប ១៥ ឆ្នាំ​តែ​នាង​ពិតជា​អស្ចារ្យ​ណាស់ »​។ Victoria ដែលជា​ប្អូនបង្កើត​របស់ Lee ទទួល​ការលើកទឹកចិត្ត​ផ្នែក​ស្មារតី​ពី​សំណាក់​កីឡាការិនី​លំដាប់​ពិភពលោក​នៅក្នុង​គ្រួសារ និង អាចមាន​ឈ្មោះ​សំឡេង​ទៅ​ថ្ងៃមុខ​។



ONE: CENTURY ជាការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភពលោក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ហើយ​មាន​គូប្រកួត​ជើងឯក​ពិភពលោក ប៉ះ​ជើងឯក​ពិភពលោក​។​

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​

© រក្សាសិទ្ធិដោយ thmeythmey.com