ជាតិ
បាក់ឌុប
វិទ្យាល័យ​ចំនួន​៥ ទទួល​ពានរង្វាន់ «​វិទ្យាល័យ​សិស្ស​ពូកែ​»
05, Oct 2019 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ វិទ្យាល័យ​ចំនួន ៥ ក្នុងចំណោម​វិទ្យាល័យ ១៨៨ ដែលមាន​សិស្ស​ជាប់​និទ្ទេស A ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ ២០១៩  ទទួលបាន​ពានរង្វាន់ «​វិទ្យាល័យ​សិស្ស​ពូកែ​» ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងឱកាស​ទិវា​គ្រូបង្រៀន​។ វិទ្យាល័យ​ទាំង ៥ ដែល​ទទួលបាន​ពានរង្វាន់​នេះ មានដូចជា វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​, វិទ្យាល័យ​ទួល​ទំពូង​, វិទ្យាល័យ​ព្រះមុនីវង្ស​, វិទ្យាល័យ ១០ មករា ១៩៧៩ និង​វិទ្យាល័យ ហ៊ុន សែន សេរីភាព​។​



​តាមរយៈ​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ ១៩ សីហា ២០១៩ សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ មកពី​វិទ្យាល័យ​ចំនួន ១៨៨​។ ក្នុងចំណោម​វិទ្យាល័យ ១៨៨ ដែលមាន​សិស្ស​ជាប់​និទ្ទេស A មាន​វិទ្យាល័យ​តែ ៥ ប៉ុណ្ណោះ ទទួលបាន​ពានរង្វាន់ «​វិទ្យាល័យ​សិស្ស​ពូកែ​» ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​បើតាម​ក្រសួង​អប់រំ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​រាជធានី​ភ្នំពេញ បាន​ជាប់​លេខ ១ ដោយ​ទទួលបាន​សិស្ស​និទ្ទេស A ចំនួន ១៨​នាក់​។ ចំណែក​វិទ្យាល័យ​ទួល​ទំពូង នៅ​រាជធានី​ភ្នំពេញ​,  វិទ្យាល័យ​ព្រះមុនីវង្ស នៅ​ខេត្តបាត់ដំបង និង​វិទ្យាល័យ​១០ មករា ១៩៧៩ នៅ​ខេត្តសៀមរាប បាន​ជាប់​លេខ ២ ដែល​ទទួលបាន​សិស្ស​និទ្ទេស A ចំនួន ១០​នាក់​។ ដោយឡែក វិទ្យាល័យ ហ៊ុន សែន សេរីភាព នៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ទទួលបាន​ចំណាត់ថ្នាក់​លេខ ៥ ដែលមាន​សិស្ស​និទ្ទេស A ចំនួន ៩​នាក់​។​

​វិទ្យាល័យ​ចំនួន ៥ ខាងលើនេះ ទទួលបាន​ពានរង្វាន់​មួយ និង​ថវិកា​មួយចំនួន​។ ជាមួយគ្នានេះ គ្រូបង្រៀន ចំនួន ១១​រូប ក៏​ទទួលបាន​ការបំពាក់​គ្រឿង​ឥស្សរិយ​ស​មុនី​សារា​ភ័​ណ្ឌ​ថ្នាក់ ធិ​ប​ឌិ​ន្ទ ដែល​បង្រៀន​សិស្ស​ឲ្យ​ទទួលបាន​និទ្ទេស A ដោយមាន​ពិន្ទុ​ខ្ពស់​ជាងគេ ទាំង ១១ មុខវិជ្ជា ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។

​សូមបញ្ជាក់ថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ សិស្ស​ប្រឡង​ជាប់​មាន​ចំនួន ៧៩ ០៥២​នាក់ ត្រូវជា ៦៨.៦២​ភាគរយ​។ ក្នុងនោះ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ និទ្ទេស B មាន​ចំនួន ២ ៤៣០​នាក់ និទ្ទេស C មាន​ចំនួន ៥ ៨៤៧​នាក់​។ ចំណែកឯ​និទ្ទេស D មាន​ចំនួន ១៤ ១០០​នាក់ និង​និទ្ទេស E មាន​ចំនួន ៥៦ ២៣២ នាក់​៕

Tag:
 បាក់​ឌុប​
  អប់រំ​
  និទ្ទេស A
© រក្សាសិទ្ធិដោយ thmeythmey.com