ជាតិ
សង្គមជាតិ
លោកគ្រូ នាង បូ​៖ គ្រូ​ត្រូវ​ឈ្វេងយល់​ពី​ប្រព័ន្ធ​ឌីជីថល​ឲ្យ​ច្បាស់ ដើម្បី​ជា​ឈ្នាន់​ដល់​សិស្ស​ជំនាន់​ក្រោយ​
06, Oct 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក នាង បូ គ្រូ​គណិតវិទ្យា​នៅ​សាលា​ជ័យ​ថា​វី និង​ជា​គ្រូបង្រៀន​តាម Online បាន​លើកឡើងថា អនាគត​មនុស្ស​ជំនាន់​ថ្មី គឺ​អាស្រ័យ​លើ​គ្រូបង្រៀន​ដែល​ប្រកបដោយ​គុណភាព​ផ្នែក​ប្រព័ន្ធ​ឌីជីថល​។ តាមរយៈ​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោកគ្រូ នាង បូ បាន​និយាយថា​៖«​គុណភាព​គ្រូ​ជា​មូលដ្ឋានគ្រឹះ​នៃ​យុគសម័យ​ឌីជីថល​។ ដោយសារ​ចរន្ត​ពិភពលោក បាន​អភិវឌ្ឍ​មកដល់​ប្រព័ន្ធ​ឌីជីថល​ហើយ ដូច្នេះ​គ្រូៗ​ទាំងអស់ ត្រូវ​ឈ្វេងយល់​ពី​ប្រព័ន្ធ​ឌីជីថល​ឲ្យ​ច្បាស់ ដើម្បី​ផ្ទេរ​គំនិត​ដល់​សិស្ស​ឲ្យ​មាន​គ្រឹះ​សិក្សា​នៅ​ថ្នាក់​បន្ត​»​។



​ចង់​ជ្រាប​ច្បាស់ សូម​ស្តាប់​បទ​សម្ភាស​រវាង​លោកគ្រូ នាង បូ និង កញ្ញា សៅ សុខ​អេង អ្នកសារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖




«​គុណភាព​គ្រូ​ជា​មូលដ្ឋានគ្រឹះ​នៃ​យុគសម័យ​ឌីជីថល​» ជា​ប្រធានបទ​ដែល​ត្រូវ​នឹង​បរិបទ​ការអប់រំ​របស់​ពិភពលោក ដែល​កំពុង​ដើរ​ដល់​ប្រព័ន្ធ​ទំនើប​ឌីជីថល​។ លោកគ្រូ នាង បូ និយាយថា គ្រូ និង​សិស្ស​នៅក្នុង​យុគសម័យ​នេះ គឺ​ចាំបាច់​ត្រូវតែ​ចេះ​ជំនាញ​ឌីជីថល​ឲ្យ​ច្បាស់ ដើម្បី​ជា​ឈ្នាន់ និង​ផ្តល់​ជាដើម​ទុន​ឲ្យ​សិស្ស​សិក្សា​ឲ្យ​ទាន់សម័យ​ឌីជីថល​ជឿនលឿន​។
​លោក នាង បូ បាន​លើក​ឧទាហរណ៍​ដូច្នេះ​ថា​៖«​សិស្ស​ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប ហើយ​គាត់​ទៅ​រៀន​នៅ​ស្រុក​គេ ដែល​អភិវឌ្ឍ​ផ្នែក​ឌីជីថល​ហ្នឹងហើយ បើ​យើង​អត់​មាន​ជំនាញ​ហ្នឹង​ពី​គ្រឹះ​មក​ទេ  ប្រាកដជា​ពិបាក​ណាស់​។ ដូច្នេះ​សិស្ស​គ្រប់រូប ក៏ត្រូវ​អភិវឌ្ឍ​ខ្លួនឯង ឲ្យ​សមស្រប​នឹង​ចរន្ត​ពិភពលោក​»​។ 



​ចំពោះ​លោកគ្រូ នាង បូ ដើម្បី​អភិវឌ្ឍ​ប្រទេស​ឲ្យ​ឈានទៅ​មុខ​លឿន​បាន ទាល់តែ​អភិវឌ្ឍ​ខួរក្បាល​មនុស្ស​ជាមុនសិន​។ បើ​មនុស្ស​រឹងមាំ​ហើយ ប្រទេស​ក៏​អភិវឌ្ឍ​ទៅតាម​ហ្នឹង​ដែរ​។ លោក បន្តថា  មនុស្ស​ជំនាន់​ថ្មី​គឺ​អាស្រ័យ​លើ​គ្រូបង្រៀន​។

​មានបទពិសោធន៍​បង្រៀន​ផ្នែក​គណិតវិទ្យា​ជិត​៣០​ឆ្នាំ លោកគ្រូ នាង បូ អះអាង​ដូច្នេះ​ថា​៖«​អ្វីៗ​ទាំងអស់​គឺ​អាស្រ័យ​លើ​គ្រូបង្រៀន ព្រោះ​សិក្សា​នុ​សិស្ស​រង់ចាំ​ថត ហើយ​ខួរក្បាល​គាត់​រង់ចាំ​ទទួល និង​កត់ត្រា​ពី​ខួរក្បាល​របស់​គ្រូ​។ ពេល​រៀន​គាត់​បើក​ខួរក្បាល​ត​ភ្ជាប់​ជាមួយ​ខួរក្បាល​គ្រូ​។ អ៊ីចឹង​បើ​ខួរក្បាល​គ្រូ ផ្ទេរ​ទៅ​ម៉េច​គឺ​គាត់​ចាប់បាន​អ៊ីចឹង​»៕

Tag:
 ​គ្រូបង្រៀន​
  នាង បូ​
  អប់រំ​
  ប្រព័ន្ធ​ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com