ជាតិ
ជប៉ុន​ផ្ដល់ជំនួយ​ជាង​១​លាន​ដុល្លារ សម្រាប់​លើកកម្ពស់​ការថែទាំ​សុខភាព និង​បោសសម្អាត​មីន​នៅ​កម្ពុជា
05, Oct 2019 , 6:29 pm        
រូបភាព
រូបភាពពី ស្ថានទូតជប៉ុន
រូបភាពពី ស្ថានទូតជប៉ុន
​ភ្នំពេញ​៖ ប្រទេស​ជប៉ុន ផ្ដល់​ជំនួយឥតសំណង​ជាង​១​លាន​ដុល្លា សម្រាប់​អភិវឌ្ឍ​សហគមន៍​តាមរយៈ​កា​រលើ​កម្ពស់​ការថែទាំ​សុខភាព និង​បោសសម្អាត​មីន​នៅ​កម្ពុជា​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​សរ​បស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។



ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​នេះ នៅ​ថ្ងៃទី​៤ តុលា ឆ្នាំ​២០១៩ ដើម្បី​ប្រគល់​ថវិកា​ជាង ១​លាន​ដុល្លារ ដល់​អង្គការ​ចំនួន​ពីរ​នៅ​កម្ពុជា​។ ក្នុងនោះ​ថវិកា​ចំនួន ៨.៤​សែន​ដុល្លារ បានផ្ដល់​ឲ្យ​អង្គការ​សកម្មភាព​កម្ចាត់​មីន​ជប៉ុន (JMAS)​។ គម្រោង​នេះ​គឺ​ដើម្បី​អនុវត្ត​គម្រោង ការលើកកម្ពស់​ការអភិវឌ្ឍ​សហគមន៍ រួមជាមួយ​ការ​បោសសម្អាត​មីន ក្នុង​ខេត្តបន្ទាយមានជ័យ ឆ្នាំ​ទី​៣​។



​ចំណែកឯ​អង្គការ​ទី​ពីរ គឺ​អង្គការ​មូលនិធិ​ជប៉ុន​-​ភី​អេ​ចស៍ PHJ ដើម្បី​អនុវត្ត​គម្រោង ការពង្រឹង​ការថែទាំ​សុខភាព​សហគមន៍ និង​បណ្តាញ​គាំទ្រ​សម្រាប់​កុមារ ក្នុង​ខេត្តកំពង់ចាម​ឆ្នាំ​ទី​១ ។
​សូមបញ្ជាក់ថា ជំនួយឥតសំណង​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន បានចាប់ផ្តើម​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០០២ ដើម្បី​គាំទ្រ​ដល់​សកម្មភាព របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​ជួយ​ដល់​ការកសាង​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា នៅ​កម្រិត​មូលដ្ឋាន​។ ចាប់តាំងពី​ឆ្នាំ​២០០២ រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ថវិកា​ជាង ៣៧​លាន​ដុល្លារ សម្រាប់​គម្រោង​ចំនួន ១២០ ដែល​ភាគច្រើន​ផ្តោតលើ​វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​បោសសំអាត​មីន​នៅ​កម្ពុជា​៕

Tag:
 ជំនួយ​
 ​មីន
© រក្សាសិទ្ធិដោយ thmeythmey.com