FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ​នឹង​កែលម្អ​កីឡដ្ឋាន​ដើម្បី​ត្រៀម​ដេញថ្លៃ​រៀប World Cup ជាមួយ​បណ្តា​មិត្ត​អាស៊ាន​
06, Oct 2019 , 8:59 am        
រូបភាព
​ថៃ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ដេញថ្លៃ​រួមគ្នា​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ ២០៣៤​។ លោក Pipat Ratchakitprakan រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​កីឡា​ថៃ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ថៃ​ថា​ថៃ​នឹង​កែលម្អ​កីឡដ្ឋាន​របស់ខ្លួន​ឲ្យ​ស្របតាម​ស្តង់ដារ​បស់ FIFA សម្រាប់​ការដេញថ្លៃ​នេះ​។​



​ក្រោយ​កិច្ចប្រជុំ​ស្តីពី​ការដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup រដ្ឋមន្ត្រី​ថៃ​ខាងលើ​បាន​លើកឡើងថា ថៃ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​ប្រជែង​ដេញថ្លៃ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដែល​ធ្វើឡើង​៤​ឆ្នាំ​ម្តងនេះ​រួមជាមួយ​បណ្តា​ប្រទេស​អាស៊ាន​។ ការអះអាង​របស់លោក Pipat បែបនេះ​គឺ​ស្របតាម​គោលនយោបាយ​របស់​នាយ​ក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា​។​

​នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី​២៣ ខែមិថុនា​កន្លងទៅ លោក​ប្រា​យុទ្ធ ធ្លាប់បាន​ប្រកាស​ហើយ​ថា ប្រទេស​តំបន់​អាស៊ាន​រួមទាំង​កម្ពុជា​ផង​នោះ​នឹងចូលរួម​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​កីឡាបាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០៣៤​។​

​គណៈកម្មាធិការ​ដែល​ប​ង្កើ​ត​ឡើង​ដើម្បី​ធ្វើការ​លើ​ការដេញថ្លៃ​នេះ ត្រូវបាន​ដឹកនាំ​ដោយ​លោក Pipat ដែលមាន​តំណែង​ជា​លេខាធិការ​អចិន្ត្រៃយ៍​ទេសចរណ៍ និង​កីឡា​ថៃ​ស្រាប់​ហើយ​នោះ​។​

​ស្របពេល​មានការ​ប្រកាស​នេះ លោក Kongsak Yodmanee ប្រធាន​សហព័ន្ធ​កីឡា​ថៃ (SAT) លើកឡើងថា​សព្វថ្ងៃនេះ​នៅ​មិនទាន់មាន​ទីលាន​បាល់ទាត់​ណា​ស្របតាម​ស្តង់ដារ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA នៅឡើយ​ទេ​នៅក្នុង​ប្រទេស​ថៃ​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ កីឡដ្ឋាន​ដែលមាន​ស្រាប់​នឹងត្រូវ​ជួសជុល​ឡើងវិញ ហើយ​កីឡដ្ឋាន​ថ្មី​មួយ​នឹងត្រូវ​សាងសង់​នៅក្នុង​ខេត្ត​ឈុន​បុរី​សម្រាប់​ត្រៀម​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ​អូឡាំពិក​យុវជន​រដូវក្តៅ​ឆ្នាំ ២០២៦ ផង​។

​ប្រទេស​អាស៊ាន​ទាំង​១០​រួមមាន ថៃ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី វៀតណាម និង​ព្រុយ​ណេ​។ ចំណោម​ទាំង​១០​ប្រទេស​នេះ មាន​ប្រជាជន​សរុប​ជាង ៦៤០​លាន​នាក់​ដែល​ភាគច្រើន​សុទ្ធតែ​ចូលចិត្ត​លេង​កីឡាបាល់ទាត់ ខណៈដែល​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​មិន​ធ្លាប់​ឈានដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ឡើយ​។​

​ប្រសិន​ការដេញថ្លៃ​នេះ​បានសម្រេច​មានន័យថា ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​បំផុត​លំដាប់​ពិភពលោក FIFA World Cup ត្រូវ​រៀបចំ​នៅ​តំបន់​អាស៊ាន​ជា​លើកដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ពោលគឺ​នៅ​រយៈពេល​១៥​ឆ្នាំក្រោយ គិត​ចាប់ពី​ឆ្នាំ​២០១៩​នេះ​តទៅ​។​

​ក្នុងចំណោម​ការប្រកួត​កីឡា​នេះ​ចំនួន​២១​លើក​កន្លងមក ទ្វីបអាស៊ី​ទទួល​សិទ្ធិ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​បាន​មួយ​លើក​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០០២ ដែល​ដឹកនាំ​ដោយ​ជប៉ុន​និង​កូរ៉េខាងត្បូង​។ កាតា​ក៏​នឹង​ក្លាយជា​ប្រទេស​អាស៊ី​ទី​៣​ដែល​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២២​ផងដែរ​៕

Tag:
 World Cup
  ថៃ​
  ប្រា​យុទ្ធ ចាន់​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com