អន្តរជាតិ
ហេតុអ្វី​បានជា​មនុស្ស​មាន​កោសិកា​មហារីក​?
06, Oct 2019 , 11:19 am        
រូបភាព
រូបភាព Cancer Today
រូបភាព Cancer Today
​មហារីក ជា​ជំងឺ​មួយ​ប្រភេទ​ដែល​បានសម្លាប់​មនុស្ស​ជាច្រើន​លាន​នាក់​នៅក្នុង​ពិភពលោក​។ វា​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​ពិបាក​នឹង​តាមដាន ហើយ​វា​ក៏​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​ពិបាក​ក្នុងការ​ព្យ​បាល​ឲ្យ​ជាសះស្បើយ​ទាំងស្រុង​នោះដែរ​។



​មហារីក​ជា​ភាពមិនប្រក្រតី​មួយ​ដែល​កើតចេញពី​ខ្លួន​របស់​មនុស្ស​ផ្ទាល់​។ គេហទំព័រ​សុខភាព cancer.gov ក្រោម​ចំណងជើង​ថា «What is Cancer?» បាន​ពន្យល់ថា នៅក្នុង​ករណី​ធម្មតា សរីរាង្គ​របស់​មនុស្ស​ផលិត​កោសិកា​ទៅតាម​លក្ខ​ខ​ណ្ខ​សមស្រប​នៃ​តម្រូវការ ដើម្បី​ជំនួស​កោសិកា​ដែល​បាន​ងាប់ ឬ​ខូចខាត​ទៅវិញ​។

​ប៉ុន្តែ​នៅពេលដែល​មហារីក​ចាប់ផ្តើម ការលូតលាស់​ទៅតាម​លក្ខ​ខ​ណ្ខ​ខាងលើនេះ​ប្រព្រឹត្តទៅ​មិន​ត្រឹមត្រូវ​តាម​លំនាំ​នោះឡើយ​។ លក្ខណៈ​នៃ​កោសិកា បង្ហាញ​ពី​ភាពមិន​សមស្រប​។ កោសិកា​ដែល​មិនត្រូវ​ការ​បែរជា​ត្រូវបាន​ផលិត ចំណែកឯ​កោសិកា​ដែល​ត្រូវ​ងាប់​បែរជា​នៅ​បន្ត​រស់​។ កោសិកា​ដែល​នៅ​បន្តរ​ស់មាន​ចំនួន​កាន់តែច្រើន​ទៅៗ ផ្តុំគ្នា​ទៅជា​កូន​ដុំ​សាច់ ដែល​ភាសា​អង់គ្លេស​ហៅថា «Tumor» ។

​ភាពខុសគ្នា​គឺ​នៅត្រង់ថា កោសិកា​មហារីក រីកលូតលាស់​ដោយ​មិនមាន​មុខងារ​ច្បាស់លាស់​នោះទេ​។ ដោយឡែក កោសិកា​ដែល​ប្រក្រតី​លូតលាស់​ជាមួយនឹង​មុខងារ​ច្បាស់លាស់​ក្នុងការ​បំពេញ​តួរ​នាទី​ក្នុង​រា​ង្គ​កាយ​។ កោសិកា​មហារីក​មា​នល​ក្ខ​ណៈ​ពិសេស​មួយទៀត​គឺជា​អាច​លាក់​អត្តសញ្ញាណ​របស់ខ្លួន​ពី​កោសិកា​ការពារ​រាងកាយ​។ ដូច​ច្នេះ កោសិកា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​មិន​ងាយ​អាច​កំចាត់​វា​បាន​ដោយ​ស្រួល​ប៉ុន្មាន​នោះទេ​។

​សំណួរ​សួរថា ហេតុអ្វី​បានជា​វា​កើតឡើង​? ធាតុ​បង្ក​របស់​វា​គឺ សែន​ដែល​នៅក្នុង​ខ្លួន​របស់​មនុស្ស​ផ្ទាល់​។ សែន​គឺជា​អង្កត់​ទិន្នន័យ​ជីវសាស្ត្រ​ម្យ៉ាង​ដែលមាន​វត្តមាន​ក្នុង​ស្នូល​កោសិកា​។ ទិន្នន័យ​នោះ​ត្រូវបាន​គេ​ហៅថា DNA ។ នៅពេលដែល DNA ត្រូវបាន​ផ្លាស់ប្តូរ​ដោយ​ប្រការ​ណាមួយ  នោះ​ការរីកលូតលាស់​នៃ​កោសិកា​ក៏​ប្រែប្រួល​ទៅតាម​នោះដែរ​។

​ករណី​ដំបូង​នោះ​គឺ ការទទួលបាន​សែន​ពី​សំណាក់​អ្នក​ជំនាន់​មុន តាម​ការបន្ត​ពូជ​។ ពេលខ្លះទៀត វា​កើត​មកពី​ការរស់នៅ​របស់​មនុស្ស​ជាមួយនឹង​បរិស្ថាន​របស់គាត់ ដូចជា​បរិស្ថាន​ដែល​សម្បូរ​ទៅដោយ​ផ្សែង​បារី វិទ្យុសកម្ម ឬ កាំរស្មីស្វាយអ៊ុលត្រា UV ពី​ព្រះអាទិត្យ​ជាដើម​។ ធាតុ​បង្ក​ទាំងឡាយ​នេះ​អាចមាន​ឥទ្ធិពល​ជាមួយនឹង​អង្កត់​សែន​នៃ​កោសិកា​របស់​មនុស្ស​ម្នាក់ៗ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញ​មហារីក​ជាង​១០០​ប្រភេទ ហើយ​គេ​តែងតែ​ឲ្យ​ឈ្មោះ​វា​ទៅតាម​សរីរាង្គ ឬ​ជាលិកា​ដែល​វា​រីកលូតលាស់​ចេញមក​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com