ជាតិ
រដូវនេសាទ២០១៩-២០២០ ចាប់ផ្តើមពីថ្ងៃទី១តុលា ដល់៣០មិថុនាឆ្នាំក្រោយ
× ភ្នំពេញ៖រដូវបើកនេសាទឆ្នាំ២០១៩-២០២០ ចាប់ផ្តើមពីថ្ងៃទី១តុលានេះ ដល់ថ្ងៃទី៣០មិថុនាឆ្នាំ២០២០។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល ដែននេសាទត្រូវបែងចែកជាពីរគឺដែននេសាទខាងជើង និងត្បូង នៃទន្លេសាប និងចតុមុខ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល បានឲ្យដឹងថា ចាប់ពីថ្ងៃទី១តុលា ដល់ថ្ងៃទី៣១ ខែឧសភា ពលរដ្ឋអាចនេសាទនៅដែននេសាទទឹកសាបដែលស្ថិតនៅខាងជើងស្របទន្លេចតុម្មុខ មានខេត្តទាំងអស់ជុំវិញបឹងទន្លេសាប រួមទាំងបណ្តាខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និងរាជធានីភ្នំពេញ ខេត្តកណ្តាលប៉ែកខាងជើង។ ដោយឡែកខេត្តស្ទឹងត្រែង ចាប់ផ្តើមពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី១ ខែឧសភា។
ចំពោះដែននេសាទទឹកសាបដែលស្ថិតនៅខាងត្បូង ស្របទន្លេចតុម្មុខ រួមមានខេត្តព្រៃវែង តាកែវ កំពង់ស្ពឺ ស្វាយរៀង និងមួយផ្នែកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាលនៅប៉ែកខាងត្បូងនៃទន្លេចតុម្មុខ នឹងបើកឲ្យមានការនេសាទចាប់ពីថ្ងៃទី១ វិច្ឆិកា ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០។
នៅរដូវបើកនេសាទ ប្រជាពលរដ្ឋអាចធ្វើអាជីវកម្មនេសាទនៅក្នុងដែននេសាទទឹកសាបនេះ ដោយឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ហើយអ្នកនេសាទត្រូវមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មនេសាទ មានកាតព្វកិច្ចបង់ពន្ធ និងថ្លៃឈ្នួលនេសាទជូនរដ្ឋ។ ក្រៅពីនេះអ្នកនេសាទត្រូវគោរពតាមបទបញ្ជា ដែលមានចែងលិខិតក្នុងអនុញ្ញាតសម្រាប់ធ្វើនេសាទ។
រីឯអ្នកនេសាទដែលចង់ធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅដងទន្លេមេគង្គ និងដងទន្លេសាប នៅទីតាំងដែលរាជរដ្ឋាភិបាលបានអនុញ្ញាត ត្រូវសុំលិខិតអនុញ្ញាតធ្វើនេសាទ នៅខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម ដើម្បីបានប្រកបមុខរបរនេះ,ទទួលការណែនាំពីសមត្ថកិច្ចជំនាញ និងស្វែងយល់ពីបទបញ្ជាពាក់ព័ន្ធនានាដល់ការធ្វើនេសាទ ដើម្បីធានានិរន្តរភាពនៃធនធានជលផល៕
© រក្សាសិទ្ធិដោយ thmeythmey.com