ជាតិ
សាលាជំនាន់ថ្មីចំនួន១១ ត្រូវបានបង្កើតឡើងដើម្បីពង្រឹងប្រព័ន្ធអប់រំ និងជំរុញការអប់រំបែបឌីជីថល លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កំពុងថ្លែងសុន្ទរកថាក្នុងទិវាគ្រូបង្រៀន៥តុលា ឆ្នាំ២០១៩(រូបភាពពីក្រសួងអប់រំ យុវជន និងកីឡា
× ក្រសួងអប់រំ យុវជន និងកីឡាន បានបង្កើតសាលាជំនាន់ថ្មីចំនួន ១១ ហើយដើម្បីរួមចំណែកពង្រឹងប្រព័ន្ធអប់រំ,ជំរុញការអប់រំតាមបែបឌីជីថល និងទិសដៅសេដ្ឋកិច្ចឌីជីថលកម្ពុជា។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ បានថ្លែងក្នុងឱកាសទិវាគ្រូបង្រៀន ថ្ងៃទី៥តុលា ឆ្នាំ២០១៩ ថាក្រសួងបានជ្រើសរើសសាលាមួយចំនួន ដើម្បីអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី សំដៅពង្រឹងសមត្ថភាពគ្រូបង្រៀន កែលម្អវិធីសាស្ត្របង្រៀន ពង្រឹងការគ្រប់គ្រងសាលា និងជាសាលារៀនគំរូ ដល់គ្រឹះស្ថានសិក្សាផ្សេងទៀត។ លើសពីនេះ ក្រសួងបានកែលម្អវិធីសាស្ត្របង្រៀន ផលិតកម្មវិធីទូរស័ព្ទដៃ Apps រៀបចំកម្មវិធីមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មានតាមការសរសេរកម្មវិធីកុំព្យូទ័រ (Coding) គម្រោងអប់រំឌីជីថលបង្កើត Media Studio និងបង្កើត Date Center និងSmart E-Classroom។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា បច្ចុប្បន្នសាលាជំនាន់ថ្មីមាន១១សាលា ក្នុងនោះមានសាលាបឋមសិក្សាចំនួន៤ និងសាលាមធ្យមសិក្សាចំនួន៧។ បើតាមអ្នកនាំពាក្យដដែល សាលាបឋមសិក្សាទាំង៤ មានសាលាបឋមសិក្សាហ៊ុន សែន កំពង់ចាម ទីរួមខេត្តកំពង់ចាម។ សាលាបឋមសិក្សាព្រះរាជអគ្គមហេសី ក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ សាលាបឋមសិក្សាអង្គរបាន នៅស្រុកកងមាស ខេត្តកំពង់ចាម។សាលាបឋមសិក្សាស្វាយជ្រុំ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ចំណែកឯសាលាមធ្យមសិក្សាទាង៧ រួមមានវិទ្យាល័យព្រះស៊ីសុវត្ថិ នៅខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ។ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម នៅទីរួមខេត្តកំពង់ចាម។ វិទ្យាល័យព្រែកលៀប នៅជ្រោយចង្វាររាជធានីភ្នំពេញ។ វិទ្យាល័យសម្ដេច ជា ស៊ីម ព្រែកអញ្ចាញ នៅមុខកំពូលខេត្តកណ្ដាល។ វិទ្យាល័យ ហ៊ុន សែន ពាមជីកង នៅខេត្តកំពង់ចាម និងវិទ្យាល័យព្រះយុគន្ធរ នៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានបង្កើតកម្មវិធីសាលាជំនាន់ថ្មី ផ្ដោតទៅលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា( STEM ) ដើម្បីជំរុញឲ្យមានអ្នកជំនាញខាងវិទ្យាសាស្ត្រ កាន់តែច្រើននៅកម្ពុជា។ កម្មវិធីនេះ ត្រូវបានក្រសួងអប់រំ ដាក់ឲ្យអនុវត្តន៍សាកល្បងនៅឆ្នាំ២០១៥ ៕
Tag:
ក្រសួងអប់រំ
ការអប់រំបែបឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com