ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ធនាគារអភិវឌ្ឍន៍អាស៊ី ក្រើនរំឭក​ពី​ហានិភ័យ​កម្ចី​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​
06, Oct 2019 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាត់ទុក​កំណើន​ឥណទាន​ដែល​ប្រមូលផ្តុំ​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​នៅ​កម្ពុជា គឺជា​ហានិភ័យ​មួយ​អាច​បង្អាក់​ដល់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​។


​យោងតាម​របាយការណ៍ ស្តីពី​ទស្សនៈ​វិស័យសេដ្ឋកិច្ចរ​បស់ ADB ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៤ កញ្ញា​កន្លងទៅ សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្តដំណើរ​ទៅមុខ ហើយ​ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង ៧​ភាគរយ នៅ​ឆ្នាំ​២០១៩​នេះ ដោយសារ​ការបន្ត​រឹងមាំ​ពី​វិស័យ​សម្លៀកបំពាក់ ទេសចរណ៍ ពាណិជ្ជកម្ម និង​សំណង់​។​

​ទោះយ៉ាងណា ADB ក៏បាន​លើកឡើង ពី​ការ​ពូ​នគរ​កំណើន​កម្ចី នៅក្នុង​វិស័យ​អចលនទ្រព្យ​ដែលជា​ហានិភ័យ​ក្នុងស្រុក​។ បន្ថែម​លើ​នេះ កំណើនសេដ្ឋកិច្ច អាច​នឹង​ត្រូវបាន​រំខាន​ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ទាំងស្រុង ឬ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់យ៉ាង​លើកលែង​អាវុធ (EBA)​។​

​លោកស្រី Sunniya Durrani-Jamal នាយក​ប្រចាំ​ប្រទេស​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​មានប្រសាសន៍ថា​៖«​ភាពមិនប្រាកដប្រជា​កា​ន់​តែ​កើនឡើង នៅក្នុង​បរិយាកាស​ពាណិជ្ជកម្ម​ពិភពលោក ដែល​អាច​ប៉ះពាល់​ដល់​វិស័យ​សេវាកម្ម ដូចជា​ទេសចរណ៍​កម្ពុជា ដែល​ត្រូវការ​ជាបន្ទាន់ នូវ​យុទ្ធសាស្ត្រ​ធ្វើ​ពិពិធ​កម្ម​ផលិតផល និង​សេវាកម្ម​ដែលមាន​តម្លៃ​ខ្ពស់​»​។ អ្នកស្រី​ថ្លែងថា​៖«​ដើម្បី​បង្ការ​ហានិភ័យ តម្រូវ​ឲ្យ​កាត់បន្ថយ​ហានិភ័យ ដែល​បានមកពី​ការផ្តល់ប្រាក់​កម្ចី​ដល់​វិស័យ​អចលនទ្រព្យ​ហួសប្រមាណ ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ និង​ផលិតភាព​ខ្ពស់ ដើម្បី​ប៉ះប៉ូវ​ដល់​ការកើនឡើង​ប្រាក់​ឈ្នួល និង​ការទាក់ទាញ​ការវិនិយោគ​»​។​

​ទោះបីជា​បានបង្ហាញ​ក្តីបារម្ភ ពី​ការ​ពូ​នគរ​ការផ្តល់​ឥណទាន​ដល់​វិស័យ​អចលនទ្រព្យ​ច្រើនក្តី ADB មិនបាន​លើកឡើង​ពី​ទិន្នន័យ​ជាក់លាក់ បង្ហាញ​នៅក្នុង​របាយការណ៍​នេះ​ទេ​។ 
​យោងតាម​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​បាន​កើនឡើង​ដល់ ៣.៤២ ពាន់​លាន​ដុល្លារ នៅ​ចុងខែ​មិថុនា​ឆ្នាំ​២០១៩​នេះ គឺ​កើនឡើង ៣០ ភាគរយ បើ​ប្រៀបធៀប​នឹង​ដំណាច់​ខែមិថុនា​ឆ្នាំមុន​។ តែ​តួលេខ​នេះ មិន​រាប់បញ្ចូល​ប្រាក់កម្ចី​ទិញ​ផ្ទះ​ដែល​គាំទ្រ​ដោយ​អ្នក​អភិវឌ្ឍ ដែល​កំពុង​រីក​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី មិនមែនជា​ស្ថាប័ន​តែមួយ​ទេ ដែល​សម្តែង​ការព្រួយបារម្ភ​ទាក់ទង​នឹង​កំណើន​ដ៏​លឿន​រហ័ស​ពេក នៃ​កម្ចី​ក្នុង​វិស័យ​អចលនទ្រព្យ​។ ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​ធនាគារពិភពលោក​នៅ​កម្ពុជា បានកត់សម្គាល់​ពី​ហានិភ័យ នៃ​ការកើនឡើង​ឥណទាន​ហួស​ពី​តម្រូវការ​នេះដែរ​។​
NBC បានចេញ​សេចក្តីថ្លែងការណ៍​មួយ កាលពីដើម​ឆ្នាំនេះ ដោយ​បញ្ជាក់ថា​កំណើន​ឥណទាន​នៅក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅតែ​ខ្ពស់ ប្រហែល ៣១​ភាគរយ​។​

​នៅពេល​អចលនទ្រព្យ​កើន​ឡើងដល់​កំពូល វា​នឹង​ធ្លាក់ចុះ​វិញ​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​សិក្ខាសាលា​មួយ កាលពីដើម​ឆ្នាំនេះ លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក បាន​មានប្រសាសន៍ថា វិស័យ​សំណង់ និង​អចលនទ្រព្យ តែងតែ​មើលឃើញ​ពី​វដ្ត​នៃ​ការលូតលាស់ និង​ការធ្លាក់ចុះ​។ លោក​ថ្លែងថា​៖«​នៅពេល​វា​ឡើងដល់​កំពូល វា​នឹង​ធ្លាក់ចុះ​វិញ​។ គ្មាន​នរណាម្នាក់​ដឹង​ច្បាស់​ថា ពេលវេលា​នេះ នឹង​ទៅជា​យ៉ាងណាទេ ហើយ​សម្រាប់​ពេលបច្ចុប្បន្ន តម្លៃ​អចលនទ្រព្យ និង​សំណង់ បាន​នឹង​កំពុង​កើនឡើង​ខ្លាំង ដែល​ធ្វើឱ្យ​ប្រាក់កម្ចី​ធនាគារ​មាន​កាន់តែច្រើន​។ ប្រការនេះ អាច​បង្ក​ជា​ហានិភ័យ ដូច្នេះ​ការការពារ​សុខភាព​វិស័យ​ហិរញ្ញវត្ថុ មាន​សារៈសំខាន់​ណាស់​ក្នុងការ​ការពារ​បញ្ហា​សេដ្ឋកិច្ច​»​។​

​លោក ហ៊ឹម សីហា នាយក​ស្រាវជ្រាវ​របស់ VTrust Appraisal បាន​ឲ្យ​ដឹងថា កំណើន​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​ការរីកចម្រើន​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ តែង​កើតឡើង​ស្របគ្នា ហើយ​តែង​ត្រូវការ​គ្នា​ទៅវិញទៅមក ដើម្បី​បន្ត​រីកចម្រើន​។ លោក​បញ្ជាក់​៖«​ភាពបត់បែន នៃ​ជម្រើស​ទូទាត់​ប្រាក់​សំណង​សម្រាប់​កម្ចី​គេហដ្ឋាន បាន​ជំរុញ​ទីផ្សារ​លំនៅដ្ឋាន​ក្នុ ង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​»​។​

​លោក នួន រិទ្ធី នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សេវា​អ​ចនទ្រ​ព្យ Khmer Appraisal Foundation (KFA) បាន​មានប្រសាសន៍ថា វិស័យ​ហិរញ្ញវត្ថុ​បាន​ជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ហើយ​វិស័យ​ទាំងពីរ កំពុង​រីកចម្រើន​ស្រប​នឹង​កំណើនសេដ្ឋកិច្ច​។

​លោក​បាន​បន្ថែមថា ប្រទេស​កម្ពុជា មាន​ចំនួន​ប្រជាជន​ពេញវ័យ​ច្រើន ហើយ​កំពុង​ងាក​ទៅរក​បែបបទ​នៃ​ការរស់នៅ​ថ្មី ដោយ​គូស្រករ​វ័យក្មេង ចង់​រស់នៅ​ដោយ​ឯករាជ្យ​ពី​ឪពុកម្តាយ ហើយ​អាចមាន​លទ្ធភាព​ទិញ​ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន​។ កត្តា​នេះ បាន​បង្កើន​តម្រូវការ​កម្ចី​សម្រាប់​វិស័យ​អចលនទ្រព្យ​ជា​បន្តបន្ទាប់​។ លោក​បន្តថា​៖«​ឥឡូវ​ប្រជាជន​កម្ពុជា មាន​ប្រាក់ចំណូល​ខ្ពស់ ហើយ​ចង់បាន​របៀប​រស់នៅ​ល្អ​ជាង​មុន​។ អ្នក​ដែលមាន​ផ្ទះ​នៅ​កម្រិត​មធ្យម បាន​ប្តូរ​ទៅរក​កម្រិត​ខ្ពស់ ហើយ​អ្នក​ដែល​រស់នៅក្នុង​កម្រិត​ទាប ប្តូរ​មក​កំរិត​មធ្យម​»៕

(​ប្រភព​៖ https://www.realestate.com.kh/km/news/asia-development-bank-raises-concerns-over-credit-in-property-sector/)


© រក្សាសិទ្ធិដោយ thmeythmey.com