អន្តរជាតិ
តើសត្វល្អិតតូចៗដកដង្ហើមតាមពោះ?
× សត្វល្អិតក៏ដូចជាសត្វដទៃទៀតដែរស្រូបយកអុកស៊ីសែន និងបញ្ចេញកាបូនឌីអុកស៊ីតដើម្បីទ្រទ្រង់ជីវិត។
ប៉ុន្តែអ្វីដែលសំខាន់ លំនាំដង្ហើមនេះឯងដែលធ្វើឲ្យសត្វល្អិតមានលក្ខណៈពិសេសខុសពីសត្វជាច្រើនដទៃទៀត។ នេះក៏ដ្បិតថា សត្វល្អិតគ្មានសួតនោះទេ ហើយពួកវាក៏គ្មានប្រព័ន្ធសរសៃឈាមដែលដឹកឧស្ម័នអុកស៊ីសែននោះដែរ។
គេហទំព័រ thoughtco.com បាននិយាយថា សត្វល្អិតប្រើប្រាស់ប្រព័ន្ធដង្ហើមសាមញ្ញមួយក្នុងការផ្លាស់ប្តូរប្រភេទឧស្ម័ន។ នៅតាមដងខ្លួននៃសត្វល្អិត ជាពិសេសនៅតាមផ្ទៃពោះ សម្បូរទៅដោយរន្ធបើកតូចៗ មាននាទីក្នុងការនាំចូល និងនាំចេញខ្យល់ ហៅថារន្ធ Spiracle ។
នៅពេលដែលខ្យល់ធ្វើដំណើរទៅតាមរន្ធទាំងនោះ វាត្រូវបានចាប់យកនៅក្នុងប្រព័ន្ធម្យ៉ាងមួយទៀតនៅក្នុងខ្លួនសត្វល្អិត ដែលសម្បូរទៅដោយសរសៃដឹកនាំខ្យល់តូចៗវែងៗ ហៅថា Tracheae ។ កាបូនឌីអុកស៊ីត ដែលជាកាកសំណល់មេតាប៉ូលីសក៏ចេញដំណើរមកក្រៅតាមរន្ធទាំងនេះដែរ។
សត្វល្អិតអាចគ្រប់គ្រងការបិទបើកនៃរន្ធទាំងនេះបាន។ ដូចជាពេលមេឃក្តៅ សត្វល្អិតអាចបិទរន្ធមួយចំនួន ដើម្បីកាត់បន្ថយការបាត់បង់ជាតិទឹក។ នៅពេលដែលវាខ្វះអុកស៊ីសែន សត្វល្អិតអាចប្រើប្រាស់សាច់ដុំនៅតាមរន្ធ ដើម្បីទាញយកខ្យល់ពីបរិយាកាសបន្ថែម៕
© រក្សាសិទ្ធិដោយ thmeythmey.com