ជាតិ
រថយន្ត
វីដេអូ
ព្រឹក,រសៀល,យប់ នៅសៀមរាប គួរទៅកម្សាន្តកន្លែងណា?
× ភ្នំពេញ៖ ខេត្តសៀមរាប សម្បូរទៅដោយសក្តានុពលទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។ តំបន់ទេសចរណ៍នាទីក្រុងអង្គរនេះ អាចឲ្យភ្ញៀវទេសចរទៅកម្សាន្តគ្រប់ពេលវេលា មិនថាពេលព្រឹកព្រលឹម, ពេលរសៀល, ពេលល្ងាច និងពេលយប់។ លោក ជុក ជំនោរ បានបញ្ជាក់ប្រាប់ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» យ៉ាងដូច្នេះ៖ «ពេលព្រឹកអាកាសធាតុត្រជាក់ ភ្ញៀវទេសចរអាចកម្សាន្តនៅតំបន់ប្រាសាទ, ពេលរសៀល អាចទស្សនាតាមសហគមន៍, ពេលល្ងាច ទៅមើលសត្វស្លាប និងថ្ងៃលិច និងពេលយប់ ទៅទស្សនាជីវិតពេលរាត្រីរបស់អ្នកសៀមរាប»។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ដូចតទៅ៖
ក្នុងបទសម្ភាសជាមួយក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ លើកឡើងថា ខេត្តសៀមរាប នៅពេលព្រឹកព្រលឹម ភ្ញៀវទេសចរណ៍អាចទៅមើលថ្ងៃរះលើភ្នំបាក់ខែង និងបន្តទស្សនាតំបន់ប្រាសាទ។ ចំណែកពេលរសៀល និងពេលល្ងាច លោក ជុក ជំនោរ ប្រាប់ថា ភ្ញៀវទេសចរណ៍ អាចទៅទស្សនាតាមសហគមន៍នានា និងបន្តមើលសត្វស្លាប រួមទាំងថ្ងៃលិច។ លោក ជុក ជំនោរ បន្ថែមថា សម្រាប់ពេលយប់វិញ ភ្ញៀវទេសចរ អាចទៅទស្សនាជីវិតពេលរាត្រីរបស់អ្នកសៀមរាប ពិសេសតំបន់ Pub Street។
នៅថ្ងៃទី ៧-៩ តុលានេះ ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» នឹងផ្តិតយកទស្សនីយភាពនៃសក្តានុពលទេសចណ៍ល្អឯកនៃ«រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» នៅក្នុងទឹកដីអង្គរសៀមរាបមក ផ្សព្វផ្សាយជូនប្រិយមិត្តដែលតាមដានកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង»។
គួររម្លឹកថា បេសកកម្មទី១ ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានទៅស្វែងរក និងគាស់កកាយកំណប់ទេសចរណ៍នៅតំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់, បេសកកម្មទី២ ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ។ បេសកកម្មទី៣ ធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ, សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា និងទេសចរណ៍ប្រពៃណី-វប្បធម៌ជនជាតិដើមភាគតិច នៅខេត្តរតនគិរី និងបេសកកម្មទី៤ ឆ្ពោះទៅកាន់ «សហគមន៍អេកូទេសចរណ៍ជីផាត» នៃខេត្តកោះកុង។
កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង អង្គភាព Fresh News និងគាំទ្រដោយក្រសួងទេសចរណ៍។ កម្មវិធីនេះ បង្កើតឡើងដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងកម្ពុជា ស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ដែលគេមិនសូវស្គាល់ ឬតំបន់ទេសចរណ៍សក្តានុពលដែលត្រូវគេមើលរំលង, ពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនោះឲ្យកាត់តែល្បីល្បាញមួយកម្រិតទៀត៕
Tag:
Mercedes-Benz និងកំណប់អាថ៌កំបាំង
© រក្សាសិទ្ធិដោយ thmeythmey.com