ក្មេងស្រី​៣​រូប​ប្រឹងប្រែង​រៀន​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​(​គែន​) ដើម្បី​រក្សា​មរតក​ដូនតា​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្មេងស្រី​៣​រូប​ប្រឹងប្រែង​រៀន​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​(​គែន​) ដើម្បី​រក្សា​មរតក​ដូនតា​
07, Oct 2019 , 8:59 am        
រូបភាព
 រូប​ពី​ហ្វេសប៊ុកលោក ម៉ុន ហៃ
រូប​ពី​ហ្វេសប៊ុកលោក ម៉ុន ហៃ
​ឧ​ត្ត​រ​មានជ័យ​៖ ក្មេងស្រី​វ័យក្មេង​៣​រូប​រស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រឹងប្រែង​រៀន​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​(​ឧបករណ៍​គែន​) បើទោះបីជា​មិនសូវមាន​អ្នក​ស្គាល់​ឬ​ឱ្យ​តម្លៃ​ឧបករណ៍​នេះ​ក្ដី​។ យុវតី​ទាំង​៣​រូប​ខំ​ឆ្លៀត​ពេលដែល​នៅ​សេសសល់​បន្តិច​ប​ន្ទួ​ច ពី​ការសិក្សា​ចំណេះដឹង​ទូទៅ​ពេញ​មួយថ្ងៃ មក​រៀន​តន្ត្រី​គែន​នៅពេល​យប់​ដើម្បី​ថែរក្សា​មរតក​ដូនតា​។​



​តទៅ​នេះ​សូម​រីករាយ​ស្ដាប់​បទ​យកការណ៍ ស្ដីពី​ការរៀន​ឧបករណ៍​គែន ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖




​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ឡើយ ដើម្បី​ចែករំលែក​ចំណេះដឹង​ពី​តន្ត្រី​គែន ដែលជា​មរតក​ដួន​តា​មួយ​នេះ ដល់​ក្មេងជំនាន់ក្រោយ​។ ទោះជា​យ៉ាងណា​លោក ម៉ុ​ន ហៃ ដែល​ចេះ​ផ្លុំ​គែន​ត​ពី​ជីតា​របស់លោក ខំ​ឆ្លៀតពេល​បង្រៀន​សិស្ស​នៅពេល​យប់​។

​ឧបករណ៍​ភ្លេង​ដែល​ធ្វើ​ពី​ឫស្សី​ពក​ផ្គុំ​គ្នា​ជាច្រើន​ដើម ដែលមាន​សណ្ឋាន​ទាក់ទាញ​ភ្នែក និង​មាន​រន្ធ​តូចៗ​នៅ​ជិតៗ​គ្នា​ជាច្រើន​នេះ មិន​ងាយស្រួល​រៀន​ឡើយ ហើយ​លោក ម៉ុ​ន ហៃ ប្រាប់​ពី​រយៈពេល​ក្នុងការ​បង្ហាត់​សិស្ស​នៅ​ដំណាក់កាល​រៀន​ដំបូង​៖«​មុនដំបូង​យើង​ត្រូវ​ដកដង្ហើម​ឱ្យ​ស្មើ​។ បើ​យើង​ដកដង្ហើម​មិន​ស្មើ ឧបករណ៍​នេះ​ក៏​មិន​ឋិតថេរ​ដែរ ព្រោះ​អណ្ដាត​វា​ស្ដើង​ដូច​ស្លឹក​ឫស្សី​។ ដូច្នេះ​បើ​យើង​ផ្លុំ​ខ្លាំងពេក​វា​នឹង​បាក់​អណ្ដាត ហើយ​ការជួសជុល​វា​ពិបាក​។ រៀន​ពី​ការប្រើ​ដង្ហើម​នេះ​ចាយ​ពេល​អស់​រាប់​ខែ​ទើប​ក្មេង​រៀន​ចេះ​។ ចំណុច​ទី​២​ទៅលើ​ការប្រើប្រាស់​ដៃ​។ ក្មេង​ដែល​មិន​ធ្លាប់​ដឹង​ពី​របៀប​ប្រើ​ដៃ គ្រាន់តែ​រាវរក​រន្ធ​នីមួយៗ​សឹងតែ​មិន​ប៉ះ​»​។



​ផ្ទះ​ដែល​សង់​ខ្ពស់​ផុតពី​ដី​ទំហំ​ប្រមាណ​ជា​១០​ម៉ែត្រ​ធ្វើ​ពី​រនាប​ក្ដា​ប្រក់​ស័ង្កសី ដែល​ស្ថិត​ក្នុងភូមិ​ក្រសាំង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ គឺជា​សាលាបង្រៀន​តន្ត្រី​គែន របស់លោក ម៉ុ​ន ហៃ​។ អង្គុយបត់ជើង​ក្បែរ​សិស្ស​២​នាក់​ផ្សេងទៀត នៅ​ចំពោះមុខ​គ្រូ​ដែល​ត្រូវជា​ជីតា​របស់ខ្លួន កញ្ញា ង៉ិ​ត ស្រី​វង បាន​ប្រាប់​ពី​ការលំបាក​ពេល​ហាត់រៀន​ភ្លេង ក្រោយ​សម្រាក​ពី​រៀន​នៅ​ម៉ោង​ប្រមាណ​ជា​៩​យប់​៖«​តា​ប្រាប់​ដំបូង​ពី​ការដកដង្ហើម និង​ការប្រើ​ម្រាមដៃ​។ វា​ពិបាក​ធ្វើឱ្យ​ត្រូវ​ណាស់​។ ពួក​ខ្ញុំ​រៀន​ច្រៀង​ផង រាំ​ផង និង​ផ្លុំ​ផង​។ តា​គាត់​តែងតែ​ណែនាំ​ពួក​ខ្ញុំ​ថា ឧបករណ៍​នេះ​ជា​ឧបករណ៍​បុរាណ ដូច្នេះ​ពួក​ខ្ញុំ​ត្រូវ​រៀន​ដើម្បី​បន្ត​កេរ​ដូនតា​។ ពួក​ខ្ញុំ​ស្រឡាញ់​ទើប​ខ្ញុំ​សុំ​តា​ចូលរៀន​។ ខ្ញុំ​ឃើញ​តា​ផ្លុំ​ពីរោះ​ខ្ញុំ​ចង់​ផ្លុំ​ដែរ​»​។



​ចំណែក​កុមារី តុ​ច កក្កដា ទើបតែ​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ ក៏បាន​មក​រៀន​តន្ត្រី​គែន​ដែរ​។ មានផ្ទះ​នៅ​ជិត​ផ្ទះ​គ្រូ កុមារី​ដែល​ទើបតែ​រៀន​ថ្នាក់​ទី​៦​រូបនេះ មិនមាន​ពេលវេលា​ច្រើន​ទេ ក្នុងការ​រំឭក​មេរៀន​ភ្លេង ព្រោះ​ពេល​ពេញ​មួយថ្ងៃ​នាង​ត្រូវ​រៀនចំណេះ​ដឹង​ទូទៅ​។ មាន​សម្ដី​ទំនងជា​អៀន​បន្តិច ក្មេងស្រី​សម្បុរ​ស្រអែម​សក់វែង​ខ្មៅ​រូបនេះ ភ្លេច​មេរៀន​ភ្លេង​ខ្លះ​ពេល​មក​រៀន​វិញ​។ ទោះជា​យ៉ាងណា កក្កដា ថា​នាង​នៅតែ​ប្រឹងប្រែង​រៀន​បន្តទៀត​ព្រោះតែ​ក្ដី​ស្រឡាញ់​៖«​ពេល​មក​រៀន​ខ្ញុំ​ភ្លេច​ខ្លះ​ហើយ​ចាំ​ខ្លះ​។ ពេល​ខ្ញុំ​រំឭក​មេរៀន​នៅផ្ទះ មាន​គេ​មក​មើល​ខ្ញុំ​ដែរ​។ ខ្ញុំ​ធ្លាប់​បបួល​គេ​មក​រៀន​ដែរ​តែ​គេ​មិន​ចង់​មក ព្រោះ​ម៉ែឪ​គេ​មិន​ឱ្យមក​រៀន​។ ខ្ញុំ​ចង់​ឱ្យគេ​មក​រៀន​ដែរ​ព្រោះថា​វា​ជា​ឧបករណ៍​បុរាណ​ខ្មែរ​»​។ 



​អង្គុយ​លើ​កៅអី​ពណ៌​ក្រហម​មិនមាន​ធ្នាក់​ដៃ​លោក ម៉ុ​ន ហែ ដែលមាន​ផ្ទៃមុខ​ជ្រួញ​ដោយ​អន្លើ បាន​ប្រាប់​ពី​បច្ចេកទេស​ក្នុងការ​បង្រៀន​សិស្ស​ឱ្យ​ងាយ​យល់​៖«​ខ្ញុំ​ប្រាប់​សិស្ស​តាម​បទពិសោធ​ដែល​ខ្ញុំ​មាន​។ ខ្ញុំ​ឱ្យ​សិស្ស​ចុច​ចំ​រន្ធ​ដែល​ត្រូវ​នឹង​គូ​វា និង​ឱ្យ​សិស្ស​ចុច​ឱ្យ​ត្រូវ​ចង្វាក់​។ ឧបករណ៍​នេះ​មាន​បំពង់​ច្រើនណាស់​។ ការបង្រៀន​រយៈពេល​៨​ខែ​នេះ គឺមាន​ការតឹងតែង​ណាស់​។ ប៉ុន្តែ​មាន​ស្គរ​លាយ​ជាមួយ​សំឡេង​គែន​និង​ចម្រៀង​តាម​បទ​នីមួយៗ ទោះ​ភ្លេង​នោះ​ខុស​បន្តិច​ប​ន្ទួ​ច​ក៏​អាច​ចូលគ្នា​បាន​ខ្លះ​»​។​

​ស្រី​វង ចាប់អារម្មណ៍​ជីតា​របស់​នាង​ផ្លុំ​គែន​តាំងពី​អាយុ​១១​ឆ្នាំ ហើយ​ពេលនេះ​នាង​ហាក់​រៀន​លឿន​ជាង​សិស្ស​២​នាក់​ផ្សេងទៀត​។ មកដល់​បច្ចុប្បន្ន នារី​ដែល​ពាក់​អាវយឺត​ពណ៌​ស​ស្លៀកខោ​ខូវ​ប៉យ​ខ្មៅ​រូបនេះ បាន​ទៅ​សម្ដែង​តន្ត្រី​គែន​ជាមួយ​ជីតា​នៅតាម​បណ្ដា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា​។ និយាយ​ផង​សើច​ផង ស្រី​វង ប្រាប់​ពី​អារម្មណ៍​របស់ខ្លួន​ខណៈ​ពេល​ឡើយ​សម្ដែង​ម្ដងៗ​៖«​ខ្ញុំ​ធ្លាប់បាន​ទៅ​សម្ដែង​នេះ​ភ្នំពេញ និង​កោះ​កង់ ដើរ​ជុំ​ជាមួយ​តា​និង​ប្អូនៗ​។ ពេល​ឡើង​ឆាក​ម្ដងៗ​ខ្ញុំ​សប្បាយចិត្ត ខ្ញុំ​ភ័យ​ផង អរ​ផង រំភើប​ផង​។ ខ្ញុំ​រៀន​គែន​ដើម្បី​ថែរក្សា​កេរដំណែល​ដូនតា និង​ដើម្បី​ប្រកប​អាជីព​តាម​តា​»​។ 



​ការបង្រៀន​តន្ត្រី​គែន​របស់លោក ម៉ុ​ន ហៃ ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ប្រចាំខែ​ពី​រថយន្ត​តន្ត្រី​ទិព្វ ដែលជា​ក្រុម​មួយ​ធ្វើការ​លើ​ការលើកស្ទួយ​ឧ​បរ​ណ៍​បុរាណ​ខ្មែរ​ដែល​ជិត​បាត់បង់ មាន​ស្នាក់ការ​នៅ​រាជធានី​ភ្នំពេញ​។ ដោយ​មើលឃើញ​ពី​ការលំបាក​របស់​សិស្ស គ្រូបង្រៀន​ដែលជា​មេភូមិ​ផង​នោះ ខំ​បង្រៀន​សិស្ស​លើស​ម៉ោង​ដែល​ម្ចាស់ជំនួយ​តម្រូវ ដើម្បីឱ្យ​សិស្ស​ឆាប់​ចេះ​៖«​រថយន្ត​តន្ត្រី​ទិព្វ​ឱ្យ​ខ្ញុំ​បង្ហាត់​តែ​រយៈពេល​១​ម៉ោង​នៅពេល​យប់ យើង​មាន​ពេល​តិច​ណាស់​។ ណាមួយ​ក្មេង​វា​គិតតែ​ពី​រឿង​អក្សរ ហើយ​មក​រៀន​ភ្លេង​ទៀត​វា​ចាប់​មិនសូវ​បាន​។ ថ្ងៃ​ខ្លះ​ខ្ញុំ​បង្ហាត់​២​ទៅ​៣​ម៉ោង ដើម្បី​ចង់ឱ្យ​ក្មេង​ឆាប់​ចេះ​។ ឧបករណ៍​នេះ​រៀន​មិន​ងាយ​ចេះ​ទេ តែដោយសារ​បច្ចេកទេស ហើយ​ខ្ញុំ​ធ្លាប់មាន​ពិសោធន៍​កន្លងមក​ផង គ្រាន់តែ​រៀន​បាន​៨​ខែ​ក្មេង​អាច​ផ្លុំ​បាន​៤​ទៅ​៥​បទ​ហើយ​»​។



​ទោះជា​យ៉ាងណា គ្រូ​ដែលមាន​វ័យ​ជាង​៦០​ឆ្នាំ​រូបនេះ មិន​ហ៊ាន​ធានាថា​សិស្សស្រី​ទាំង​៣​នាក់​នេះ អាច​ស្នង​មរតក​ពី​លោក​បាន​នោះទេ ដោយ​លោក​ផ្ដោត​ឧបសគ្គ​ចម្បង​លើ​ការគាំទ្រ​។ ទឹកមុខ​ស្រងូត​លោក ហៃ បញ្ជាក់​ពី​ការសន្និដ្ឋាន​របស់ខ្លួន​៖«​ជួនកាល​មិនមាន​អ្វី​ជា​ជំហរ ក្មេងៗ​អាច​នឹង​បោះបង់​ក៏មាន​។ សព្វថ្ងៃនេះ​ដូចជា​ចាប៉ី អា​យ៉ៃ និង​ឧបករណ៍​បុរាណ​ផ្សេងៗ រក​ទីផ្សារ​មិនបាន​»​។​

​ពាក់អាវ​ពណ៌​ស និង​ស្លៀក​ក្រមា​ឆ្នូត​លឿង​លាយ​ក្រហម​និង​ខ្មៅ បុរស​ដែល​ខំ​ថែរក្សា​មរតក​ត​ពី​ជីតា​រូបនេះ ចង់បាន​សិស្ស​ច្រើនជាង​សព្វថ្ងៃ​៖«​រថយន្ត​តន្ត្រី​ទិព្វ​ឱ្យ​ខ្ញុំ​ជ្រើសរើស​សិស្ស​តែ​៤​នាក់​ប៉ុណ្ណោះ​ជា​ស្រី​។ តាម​ខ្ញុំ​ពិនិត្យ​ទៅ​ក្មេង​មួយចំនួន គាត់​អាច​នឹង​ចង់​ចូលរៀន​ដែរ ប៉ុន្តែ​ខ្ញុំ​មិនទាន់បាន​អនុញ្ញាត ដោយសារ​ខាង​សិល្បៈ​ខ្មែរ​អមតៈ និង​រថយន្ត​តន្ត្រី​ទិព្វ មិនទាន់​ឱ្យ​របាយការណ៍​ថ្មី ថា​នឹង​ឱ្យ​ខ្ញុំ​បង្រៀន​សិស្ស​ប៉ុន្មាន​នាក់​ទៀត​។ ខ្ញុំ​ចង់បាន​សិស្ស​ច្រើន ប៉ុន្តែ​ឧបករណ៍​នេះ​ថ្លៃ​ដែរ​។ បើ​យើង​ផ្លុំ​ចូលគ្នា​ច្រើន​នាក់​ខ្លា​ចវា​ឆ្លង​រោគ​»​។



​សម្រាប់​គម្រោង​ទៅ​ថ្ងៃ​អនាគត លោក ម៉ុ​ន ហៃ នឹង​ព្យាយាម​បណ្ដុះ​ក្មេងជំនាន់ក្រោយ​ឱ្យ​ស្ទាត់ជំនាញ​លើ​តន្ត្រី​គែន ដើម្បីឱ្យ​ពួកគេ​បង្កើត​ក្រុម​ភ្លេង​នៅក្នុង​ភូមិ​៖«​បើសិន​រថយន្ត​តន្ត្រី​ទិព្វ​ឈប់​ឧបត្ថម្ភ ខ្ញុំ​និង​បណ្ដុះ​ក្មេងៗ​ដើម្បី​បង្កើត​ក្រុម​ភ្លេង​គែន​។ ម្យ៉ាងទៀត​ខ្ញុំ​ត្រូវ​ស្វះ​ស្វែងរក​ជំនួយ​ផ្សេងទៀត ព្រោះ​បើ​ចាំ​ភ្លើង​រលត់​វា​ហួសពេល​ហើយ​»​។​

​ទោះជា​យ៉ាងណា​គ្រូបង្រៀន​តន្ត្រីបុរាណ​ខ្មែរ ដែល​រស់នៅ​ភាគ​ខាងជើង​ប្រទេស​រូបនេះ មានការ​ព្រួយបារម្ភ ខ្លាច​សម្បត្តិ​ដូច​តា​ដ៏​កម្រ​នេះ​ត្រូវ​បាត់បង់​នៅ​ថ្ងៃ​អនាគត​៖«​ទៅ​ថ្ងៃ​ខាងមុខ​បើសិនជា​រដ្ឋាភិបាល​ជួយ​ទំនុកបម្រុង គែន​អាច​បាន​រីកចម្រើន​វិញ​។ ប៉ុន្តែ​បើ​នៅតែ​បែបនេះ ខ្ញុំ​សន្និដ្ឋានថា តែ​យូរពេក​ហួសពេល​វេលា ក្មេងៗ​អាច​នឹង​ថមថយ​។ ខ្ញុំ​សុំ​ផ្ដាំ​ដល់​ជនរួមជាតិ​ថា ខ្ញុំ​ខំ​បង្ហាត់​ឧបករណ៍​ដល់​ក្មេងៗ គឺ​ខ្ញុំ​ចង់​រក្សា​កេរ​ដូនតា និង​ចង់ឱ្យ​ឧបករណ៍​ឬក៏​ភ្លេង​ទាំងអស់នេះ​នៅ​ឋិតថេរ​។ ទោះបី​មាន​ឧបសគ្គ​យ៉ាងណា​កាល​កន្លងទៅ ក៏​ខ្ញុំ​នៅតែ​ជម្នះ​»៕

Tag:
 តន្ត្រី​
  សិល្បៈ​
  គែន​
  សិស្ស​
  ភ្លេង​
© រក្សាសិទ្ធិដោយ thmeythmey.com