ជាតិ
វីដេអូ
«​ពិការភ្នែក​ទាំងពីរ​»​តែ សៀម​សុខ​ឃីម ក្លាយជា​ប្រធាន​ដឹកនាំ​យុវជន​ចម្រុះ​៧០​នាក់ ធ្វើ​ការងារ​សង្គម​
06, Oct 2019 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖ ទោះ​ពិការភ្នែក​ទាំងសងខាង ប៉ុន្តែ យុវជន សូ សៀម​សុខ​ឃីម មានឱកាស​ក្លាយជា​ប្រធាន​ក្រុមយុវជន​ស្ម័គ្រចិត្ត​មួយ មាន​ឈ្មោះថា «​ក្រុម​តំណាង​យុវវ័យ និង​យុវជន (AYRG)» ដែល​គាំទ្រ​ដោយ UNICEF Cambodia​។ ជា​ប្រធាន​ក្រុមយុវជន​ស្ម័គ្រចិត្ត ដែល​ទទួលបាន​ពី​ការបោះឆ្នោត​ឲ្យ​ដឹកនាំ​យុវជន​ចម្រុះ​ជាង​៧០​នាក់ ដែល​មកពី​មជ្ឈដ្ឋាន​និង​មាន​សមត្ថភាព​ផ្សេងគ្នា ឲ្យ​ធ្វើ​ការងារ​សង្គម សៀម​សុខ​ឃីម កាន់តែ​ចង់​ដើរទៅ​មុខ​, មើលឃើញ​ពិភពលោក​កាន់តែ​ធំ​ទូលាយ និង​មិនតូច​ចិត្ត​ចំពោះ​ខ្លួនឯង​ដែល​ពិការភ្នែក​។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ យុវជន សុខ​ឃីម អះអាង​ពី​លទ្ធផល​នៃ​ការចូលរួម​ស្ម័គ្រចិត្ត​យ៉ាង​ដូច្នេះ​៖«​វា​ជួយ​ជំរុញ​ឲ្យ​ខ្ញុំ​កាន់តែ​ចង់​ដើរ​ទៅមុខ ព្រោះ​ខ្ញុំ​យល់ថា ការ​ប្រឈម​នឹង​បញ្ហា និង​ពេលវេលា ជា​រឿង​សំខាន់បំផុត​ដែល​យើង​ត្រូវតែ​ធ្វើ ក្នុងនាម​យើង​ជា​អ្នក​ពិការភ្នែក​»​។​



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​យុវជន​ពិការភ្នែក សូ សៀម​សុខ​ឃីម ដូចតទៅ​៖



​ក្រៅពី​ខិតខំ​ប្រឹងប្រែង​ក្រេប​យកចំណេះ​វិជ្ជា យុវជន សូ សៀម​សុខ​ឃីម ក៏​មិន​រុញ​រា​ក្នុងការ​ចាប់យក​ឱកាស​ផ្សេងៗ ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម​នោះទេ​។ យុវជន​ពិការភ្នែក​វ័យ​២២​ឆ្នាំ​រូបនេះ បាន​ចូលរួម​ជា​យុវជន​ស្ម័គ្រចិត្ត​របស់​ក្រុម​តំណាង​យុវវ័យ និង​យុវជន Adolescent and Youth Reference Group (AYRG) នៅ​ឆ្នាំ​២០១៦ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​កុមា​រវ័យ​ជំទង់​។ យុវជន សូ សៀម​សុខ​ឃីម ក៏ត្រូវ​បាន​សមាជិក​បោះ​ឆ្នោត​ឲ្យ​ជាប់​ជា​ប្រធាន​ក្រុមយុវជន​ស្ម័គ្រចិត្ត​ក្នុង​ឆ្នាំ​២០១៨​។​

អត្ថបទទាក់ទង
 
ការស្ម័គ្រចិត្ត​នេះ ជា​ចំណុច​ចាប់ផ្ដើម ដែល​ធ្វើ​ឲ្យ​សុខ​ឃីម យល់ថា​អ្នក​ពិការភ្នែក​អាចធ្វើ​បាន ឬ​ធ្វើ​មិនបាន​។ ក្នុងនាម​ជា​ប្រធាន​ក្រុម ពិតជា​មាន​លំបាក​មួយចំនួន​សម្រាប់​យុវជន​ពិការភ្នែក រូបនេះ ប៉ុន្តែ សុខ​ឃីម រៀបរាប់​ដោយមាន​ទំនុកចិត្ត​យ៉ាង​ដូច្នេះ​៖«​ក្នុងនាម​ជា​ប្រធាន​ក្រុម ត្រូវ​ចេះ​សម្របសម្រួល​, ចេះ​បត់បែន និង​ត្រូវ​យល់​ពី​សមាជិក​ក្រុម​»​។​

​និយាយ​ទាំង​ទឹកមុខ​រីករាយ សុខ​ឃីម លើកសរសើរ​ពី​ក្រុមយុវជន​ស្ម័គ្រចិត្ត ដែល​មិនមាន​ការរើសអើង​ជនពិការ ជាពិសេស ផ្ដល់​ការសហការ​និង​ការ​រាប់អាន បើទោះបី ខ្លួន​ជាម​នុស្ស​ពិការភ្នែក​ទាំងពីរ​។ សៀម​សុខ​ឃីម ប្ដេជ្ញាចិត្ត​ធ្វើការ​ងារ​ស្ម័គ្រចិត្ត​នេះ ដូច្នេះ​ថា​៖«​ខ្ញុំ​នឹង​បន្តការងារ​ស្ម័គ្រ​ចិត្តជា​រៀងរហូត រហូត​ដល់ពេល​ខ្ញុំ​មានការ​ងារ​ធ្វើ​។ ហើយ​ខ្ញុំ​នឹង​ខិតខំ​ព្យាយាម​ជួយ​ដល់​កុមារ ដែលមាន​ពិការភាព និង​កុមារ​រងគ្រោះ ទៅតាម​លទ្ធភាព និង​សមត្ថភាព​ដែល​ខ្ញុំ​អាចធ្វើ​បាន និង​ចែករំលែក​ក្នុង​ចំណែក​ណាមួយ​នៅក្នុង​សង្គម ក្នុងនាម​ខ្ញុំ​ជា​កោសិកា​មួយ​នៅក្នុង​សង្គម​»​។​

​សូមបញ្ជាក់ថា យុវជន សូ សៀម​សុខ​ឃីម ជា​សិស្ស​ពិការភ្នែក​ម្នាក់ ក្នុងចំណោម​សិស្ស​ពិការភ្នែក​៤​នាក់ នៃ​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៩​។ យុវជន​ពិការភ្នែក​ទាំ​ង​សងខាង​រូបនេះ នឹង​ជ្រើសរើស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ សម្រាប់​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​៕


Tag:
 ពិការភ្នែក​
  យុវជន​ស្ម័គ្រចិត្ត​
  សូ សៀម​សុខ​ឃីម​
© រក្សាសិទ្ធិដោយ thmeythmey.com