អន្តរជាតិ
​ស្ត្រី​អង់គ្លេស​វ័យ​៧០​ឆ្នាំ​ដើរ​ប្រមូល​សំរាម​តាម​បណ្តា​ឆ្នេរ ហើយ​សន្យា​បន្តធ្វើ​ទាល់តែ​ដើរលែង​រួច​
06, Oct 2019 , 4:40 pm        
រូបភាព
ដោយ: ធីតា
​ជា​សកម្មជន​បរិស្ថាន លោកយាយ Pat Smith ជនជាតិ​អង់គ្លេស​វ័យ​៧០​ឆ្នាំ បានចាប់ផ្តើម​ដើរ​ប្រមូល​សំរាម​តាម​ឆ្នេរសមុទ្រ បន្ទាប់ពី​បាន​ទស្សនា​បទ​យកការណ៍​មួយ​ស្តីពី​សំរាម​ប្លា​ស្ទិ​ក​។

 
 
​ជាមួយនឹង​ថង់​សំរាម​តាម​ខ្ល​ទ​ន លោកយាយ Pat Smith បានចាប់ផ្តើម​ប្រតិបត្តិ​ការប្រមូល​សំរាម​នៅ​ប​ណ្តេ​ឆ្នេរសមុទ្រ​ក្នុង​តំបន់ Cornwall ប្រទេស​អង់គ្លេស ចាប់តាំងពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨​មក​។ បន្ត​រយៈពេល​ពេញ​មួយឆ្នាំ លោកយាយ​បាន​សំរាម​ឆ្នេរ​ដល់​ទៅ​ចំនួន​៥២​ទីតាំង​។​
 
​ប្រតិបត្តិ​ការដែល​គេ​ដាក់ឈ្មោះ​ឲ្យ​ថា «Action Nan» បាន​កើតឡើង​បន្ទាប់ពី​លោកយាយ Smith បាន​មើល​បទ​យកការណ៍​មួយ​ស្តីពី​សំរាម​ប្លា​ស្ទិ​ក ដែល​ធ្វើ​ឲ្យ​គាត់​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​អនាគត​ភពផែនដី ជាពិសេស​តំបន់​សមុទ្រ​។​
 
​យោងតាម​ការផ្សាយ​រប​ស់ LINFO.RE ស្ត្រី​វ័យ​ចំណាស់​រូបនេះ ក៏បាន​ក្រើនរំលឹក​ផងដែរ​ដល់​បណ្តា​សហគ្រាស​ដល់​ទៅ​ជាង​៦០០​នៅក្បែរ​តំបន់​សមុទ្រ ឲ្យ​ពួកគេ​បញ្ឈប់​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ដែល​មិនមាន​ការចាំបាច់​។ 
 
​លោកយាយ Smith ចង់​ឲ្យ​តំបន់ Cornwall ដែល​គាត់​រស់នៅ ផ្តល់​ភាព​គំរូ​លើ​កិច្ចការពារបរិស្ថាន​។ គាត់​បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ដែល​មនុស្ស​ជាច្រើន ព្យាយាម​ផ្តាច់ខ្លួន​ចេញពី​បញ្ហា ដោយ​មិនមាន​ការព្រួយបារម្ភ​ទាល់តែសោះ​ចំពោះ​អនាគត​»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ លោកយាយ​បាន​អះអាង​គាត់​មិន​បញ្ឈប់​យុទ្ធនា​ការខ្លួន​ក្នុង​ការដើរ​ប្រមូល​សំរាម​ប្លា​ស្ទិ​ក​នោះឡើយ ពីព្រោះ​គាត់​ព្រួយបារម្ភ​ជាពិសេស​ចំនួន​អនាគត​ចៅៗ​របស់ខ្លួន​។ «​ខ្ញុំ​នឹងមិន​ឈប់​ឡើយ ដរាបណា​ជើង​ខ្ញុំ​នៅ​ដើរ​រួច និង​ដៃ​នៅតែ​អាច​រើស​សំរាម​នៅលើ​ដី​»​។ សកម្មជន​បរិស្ថាន វ័យ​៧០​ឆ្នាំ បាន​អះអាង​យ៉ាង​ដូច្នេះ​៕
 

Tag:
 បរិស្ថាន
  សំរាម
  ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com