អន្តរជាតិ
មហា​ធៀ ដាស់តឿន​ប្រជាជាតិ​ម៉ា​ឡេ «​កុំ​រំពឹង​អ្នកដទៃ​មកជួយ​ស្តារ​កិត្យានុភាព​យើង​»
06, Oct 2019 , 6:29 pm        
រូបភាព
ដោយ:
​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​មេ​ដ មហា​ធៀ បាន​ក្រើនរម្លឹក​ដល់​ប្រជាជន​ម៉ាឡេស៊ី​ឲ្យ​ពង្រឹងសមត្ថភាព និង​ប្រើប្រាស់​ឱកាស​ដែល​ខ្លួន​មាន​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​កសាង​កិត្យានុភាព​សម្រាប់​ប្រជាជាតិ​របស់ខ្លួន​។ លោកនាយក​រដ្ឋមន្ត្រី មិន​ចង់ឃើញ​ប្រជាជន​ម៉ា​ឡេ មាន​ក្តី​រំពឹងថា នឹងមាន​អ្នកដទៃ​ខាងក្រៅ នឹង​មកជួយ​លើ​កិត្តិយស​ខ្លួន​ឲ្យ​សោះ​។​



​តាមរយៈ​កម្មវិធី​ជំនួប​ជាមួយនឹង​ប្រជាជន​ម៉ា​ឡេ​នៅ​ថ្ងៃ​៦ តុលា លោកនាយក​រដ្ឋមន្ត្រី មហា​មេ​ដ មហា​ធៀ បាន​លើកឡើងថា មានតែ​ប្រជាជន​ម៉ា​ឡេ​ខ្លួនឯង​នោះទេ ដែល​អាច​ស្តារ​កិត្យានុភាព​របស់ខ្លួន​បាន ហើយ​ត្រូវ​បញ្ឈប់​រំពឹងថា នឹងមាន​អ្នកដទៃ​ខាងក្រៅ​មកជួយ​លើក​មុខមាត់​របស់ខ្លួន​ឲ្យ​ទាល់តែសោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Channel News Asia​។​

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី សង្កត់ធ្ងន់ថា សូម្បីតែ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ជនជាតិ​ម៉ា​ឡេ ក៏​មិន​អាចជួយ​ស្រោចស្រង់​កិត្យានុភាព​បាន​ទាំងស្រុង​បានដែរ ប្រសិនបើ​ប្រជាជន​មិនមាន​ការចូលរួម និង​ប្រឹងប្រែង​សម្រាប់​ភាពល្អប្រសើរ​របស់ខ្លួន​ឯង​ផង​នោះ​។

​នៅ​ចំពោះ​មហាជន​រាប់ពាន់នាក់ លោកនាយក​រដ្ឋមន្ត្រី ចង់​ឲ្យ​ប្រជាជន​ម៉ា​ឡេ ដែល​រាប់បញ្ចូល​ទាំង​អ្នក​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ តំណាង​គណបក្សនយោបាយ​ទំនោរ​ម៉ា​ឡេ និង​អង្គការក្រៅរដ្ឋាភិបាល​ផង​នោះ មាន​ស្មារតី​ភ្ញាក់រលឹក​។ លោក បញ្ជាក់ថា​៖ «​ប្រសិនបើ​យើង​មាន​សមត្ថភាព​គ្រប់គ្រង​ប្រទេស​បានល្អ ធ្វើការ​បានល្អ ផលិត​ទំនិញ​បាន​ច្រើន នោះ​គ្មាន​នរណាម្នាក់​ឆក់យក​កិត្យានុភាព​របស់​យើង​បានឡើយ​»​។

​គិត​ចាប់ពី​ឡើងកាន់​អំណាច​មក មេដឹកនាំ​ចាស់វស្សា​រូបនេះ តែងតែ​ដាស់តឿន​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់ មាន​ស្វ័យ​ភ្ញាក់​រម្លឹក​លើ​ការបំពេញ​ការងារ ក៏ដូចជា​ការងារ​ប្រទេសជាតិ​។ លោក ក៏​ធ្លាប់​បញ្ជាក់​ផងដែរ កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​មាន​លំហូរ​ជនជាតិ​បរទេស​ច្រើន​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី ក៏​ដោយសារតែ​ប្រជាជន​ម៉ាឡេស៊ី មិន​ក្តោប​ឱកាស និង​រើសអើង​ការងារ ដែល​អាក្រក់ លំបាក និង​គ្រោះថ្នាក់​។

​កន្លងមក លោក តែង​សរសើរ​ដល់​ប្រជាជន​ជប៉ុន និង​វៀតណាម ដែលមាន​ការប្រឹងប្រែង​ខ្ពស់​ក្នុង​ការងារ ដែលជា​ផ្នែក​ធំ​មួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​មានការ​រីកលូតលាស់​លឿន ហើយ​លោក ក៏​ចង់ឃើញ​ប្រជាជន​ម៉ាឡេស៊ី កែប្រែ​ឥរិយាបថ​របស់ខ្លួន​បែបនេះ​ដែរ​៕

Tag:
 ម៉ាឡេស៊ី​
  ម៉ា​ឡេ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com