ជាតិ
សម្ដេច ហ៊ុន សែន ៖​សមត្ថភាព​វិភាគ​លោក មាស នី គួរឱ្យ​បាន​៣០​ភាគរយ​នៃ​រដ្ឋមន្ត្រី​អប់រំ
07, Oct 2019 , 11:33 am        
រូបភាព
​ភ្នំពេញ​៖ ជាថ្មី​ម្ដងទៀត សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​បន្ត​ចំអក​ឱ្យ​លោក មាស នី អ្នកវិភាគ​នយោបាយ និង​សង្គម​។ សម្រាប់​សម្ដេច ហ៊ុន សែន ការវិភាគ​របស់លោក មាស នី មិនសូវ​ត្រូវ​នឹង​អ្វី ដែល​កើតឡើង​នៅក្នុង​ស្ថានភាព​ជាក់ស្ដែង​ឡើយ​។​



«​មាស នី វិភាគ​អន់​ណាស់​!»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​អះអាងថា ការវិភាគ​របស់លោក មាស នី មិនទាន់បាន​ពាក់កណ្ដាល​លោក សុខ សុគន្ធ ហៅ ជែ​ម សុខ ដែល​កំពុង​រស់នៅ​អាមេរិក​ឡើយ​។​

​មិនតែប៉ុណ្ណោះ​ប្រមុខ​រដ្ឋាភិបាល ក៏បាន​ប្រៀបធៀប​សមត្ថភាព​បណ្ឌិត មាស នី ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ទៀតផង​។ ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្ស​ជាប់​និទ្ទេស A នៅ​ព្រឹក​ថ្ងៃទី ៧ តុលា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា សមត្ថភាព​លោក​បណ្ឌិត មាស នី មិនទាន់​ស្មើ​៣០​ភាគរយ នៃ​សមត្ថភាព​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន នោះទេ​។ និយាយ​ចំអក​បែបនេះហើយ ប្រមុខ​រដ្ឋាភិបាល ក៏បាន​បន្ថែម​ក្នុងន័យនេះ​ថា បើ​វិភាគ គួរ​តែង​ថ្លឹងថ្លែង​ឱ្យបាន​ត្រឹមត្រូវ​។​

«​យើង​នៅទីនេះ មាន​បណ្ឌិត​គរគោក បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន​។ (​ការវិភាគ​លោក មាស នី​) ឱ្យ​បានតែ​ពាក់កណ្ដាល ឬ​បាន​៣០​ភាគរយ​(​សមត្ថភាព​)​របស់ ហង់ ជួន ណា​រ៉ុ​ន ទៅបាន​ហើយ​។ (​មាស នី​) ធ្វើជា​បណ្ឌិត​ឡប់ៗ មកពី​កាល មក​ធ្វើជា​អ្នកវិភាគ​សង្គម​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បន្ថែមថា ការវិភាគ​របស់លោក មាស នី ហាក់ដូចជា​មើលស្រាល​មក​រដ្ឋាភិបាល​ថា ភ័យខ្លាច​នឹង​សម្ពាធ​នយោបាយ​កើតឡើង​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក មាស នី បាន​បញ្ជាក់ថា ការវិភាគ​របស់លោក គឺជា​ទស្សន​មួយ ដែល​កើតចេញពី​ការសង្កេត និង​តាមដាន​រាល់​ស្ថានការណ៍​នៅក្នុង​សង្គម ហើយ​វា​ក៏​មិន​ប្រាកដថា អាច​ត្រូវ​ទាំងអស់​ដែរ។ បើតាម​លោក មាស នី ការវិភាគ​របស់លោក គ្រាន់តែ​ជា​គំនិត​មួយ សម្រាប់​យកទៅ​ពិចារណា​ប៉ុណ្ណោះ ។ «​ជាធម្មតា​ការវិភាគ​នយោបាយ វា​អាស្រ័យ​លើ​អ្នកនយោបាយ​ទេ បើ​យើង​វិភាគ​ស្រប​គំនិត​គេ គេ​ក៏​ថា​យើង​វិភាគ​ល្អ បើ​យើង​វិភាគ​ផ្ទុយ​គំនិត​គេ គេ​ថា​យើង​ប្រឆាំង​។ ហើយ​ខ្ញុំ​ក៏​ទទួល​ស្គា​ល់​ថា ការវិភាគ​របស់ខ្ញុំ​មិនត្រូវ​១០០​ភាគរយ​ទេ​។ ប៉ុន្តែ​ខ្ញុំ​ក៏​សុំទោស បើសិនជា​ការវិភាគរ​បស់​ខ្ញុំ ប៉ះពាល់​ដល់​សម្ដេចនាយក​រដ្ឋមន្ត្រី​។ តែ​យ៉ាងណា​ការវិភាគ​ខ្ញុំ គឺមើលលើ​​ស្ថានការណ៍​សង្គម នយោបាយ ដោយ​គ្មាន​បំណង​ចង់​ក្លាយខ្លួនជា​អ្នកនយោបាយ​ប្រឆាំង​អ្វី​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​បណ្ឌិត មាស នី ដែល​បន្ថែមថា លោក​នៅតែ​បន្ត​វិភាគ និង​និយាយ​ពី​បញ្ហា​សង្គម និង​នយោបាយ​ដដែល សម្រាប់​ការចែករំលែក​ដល់​ពល​រដ្ឋ និង​យុវជន​ជំនាន់​ក្រោយ​។​

​ក្រៅពី​លោក មាស នី , សម្ដេច ហ៊ុន សែន ក៏​សង្កេតឃើញ​ពី​ភាពអវិជ្ជមាន​នៃ​ការវិភាគ​របស់លោក ឡៅ ម៉ុងហៃ ផងដែរ​៕

Tag:
 ហ៊ុន សែន​
  មាស នី​
  ហង់ ជួនណា​រ៉ុ​ន​
  វិភាគ
© រក្សាសិទ្ធិដោយ thmeythmey.com