អន្តរជាតិ
បក្សប្រឆាំងធំពីរឈ្នះការបោះឆ្នោតនៅកូសូវ៉ូ តែមិនទាន់ត្រូវគ្នាលើការបង្កើតរដ្ឋាភិបាល ប្រភពរូប៖ BBC
× គណបក្សប្រឆាំងធំៗចំនួនពីរ ទទួលជ័យជម្នះក្នុងការបោះឆ្នោតរបស់កូសូវ៉ូ នៅថ្ងៃអាទិត្យ ៦ តុលា ដោយនាំមុខអតីតមេចលនាដណ្តើមឯករាជ្យ ដែលក្តោបក្តាប់នយោបាយអស់ជាងមួយទសវត្សរ៍កន្លងទៅនេះ។ ទោះជាបែបនេះក្តី បក្សប្រឆាំងទាំងពីរនេះ នៅពុំទាន់ព្រមព្រៀងគ្នាដាច់ស្រាច់ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះនៅឡើយទេ។
បក្សឆ្វេងនិយម Vetevendosje និងបក្សកណ្តាលនិយម សម្ព័ន្ធប្រជាធិបតេយ្យ (LDK) សុទ្ធតែរំពឹងថា ឈ្នះប្រមាណ ២៥ភាគរយនៃសំឡេងឆ្នោត ខណៈការរាប់សន្លឹកឆ្នោត បានជាង៩០ភាគរយ។ ចំណែកបក្សរបស់អតីតនាយករដ្ឋមន្ត្រី Ramush Haradinaj រំពឹងទទួលបានសំឡេងឆ្នោត ១០ភាគរយប៉ុណ្ណោះ។ នេះបើតាមគណៈកម្មការរៀបចំការបោះឆ្នោតកូសូវ៉ូ ។
ក្នុងជំនួបមុនពេលបោះឆ្នោត បក្ស Vetevendosje និងបក្ស LDK បរាជ័យក្នុងការយល់ព្រមគ្នាលើការបង្កើតសម្ព័ន្ធភាព ហើយប្រហែលនឹងចំណាយពេលជាច្រើនសប្តាហ៍ទៀតដើម្បីចរចា ក្នុងគោលដៅបង្កើតរដ្ឋាភិបាលថ្មី។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំបក្សប្រឆាំង Vetevendosje លោក Albin Kurti បញ្ជាក់ថា លោកនឹងទៅគោះទ្វារបស់បក្ស LDK នៅថ្ងៃចន្ទ ដើម្បីចាប់ផ្តើមបើកការចរចា។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅប្រទេសកូសូវ៉ូនេះ បានស្នើឲ្យរៀបចំឡើងក្នុងខែកក្កដា ពោលគឺនៅពេលលោកនាយករដ្ឋមន្ត្រី Haradinaj បានលាលែងពីតំណែង ដើម្បីទៅបំភ្លឺនៅមុខតុលាការពិសេសនៅប្រទេសហូឡង់ ពាក់ព័ន្ធសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាម។ លោក Haradinaj វ័យ៥១ឆ្នាំ ជាអតីតមេដឹកនាំកងទ័ពរំដោះកូសូវ៉ូ ក្នុងជម្លោះផ្តាច់ខ្លួនឆ្នាំ១៩៩៨-១៩៩៩ ជាមួយស៊ែប៊ី ដែលចុងក្រោយបានឈានដល់ការប្រកាសឯករាជ្យ។ យ៉ាងណាមិញ លោកនៅតែមានសិទ្ធិឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញផងដែរ ព្រោះតែពុំទាន់មានការចោទប្រកាន់ណាមួយ ត្រូវបានប្រកាសនៅឡើយទេ។
កាលពីឆ្នាំមុន លោកអតីតនាយករដ្ឋមន្ត្រី Haradinaj បានដំឡើងពន្ធនាំចូល១០០ភាគរយពីស៊ែប៊ី ក្នុងគោលដៅវាយបក ក្រោយពីរដ្ឋាភិបាលក្រុង Belgrade រារាំងភាពជាសមាជិករបស់កូសូវ៉ូក្នុងអង្គការអន្តរជាតិ។ ទាក់ទិនរឿងដំឡើងពន្ធនេះ មេដឹកនាំបក្សប្រឆាំង លោក Kurti អះអាងថា បក្សលោក នឹងលុបចោលការដំឡើងពន្ធនាំចូល ប៉ុន្តែនឹងដាក់ចេញចំណាត់ការថ្មីប្រឆាំងប្រទេសស៊ែប៊ី។ ចំណែកប្រធានាធិបតីស៊ែបី Aleksandar Vucic គូសបញ្ជាក់ថា រដ្ឋាភិបាលក្រុង Belgrade នឹងរៀបចំកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលកូសូវ៉ូ កាលណាការដំឡើងពន្ធនាំចូលត្រូវបានលុបចោល។
សូមបញ្ជាក់ថា នេះជាការបោះឆ្នោតលើកទី៤ហើយ ចាប់តាំងពីកូសូវ៉ូ បានប្រកាសឯករាជ្យពីប្រទេសស៊ែបី ក្នុងឆ្នាំ២០០៨មក។ ប្រទេសស៊ែប៊ី ពុំទទួលស្គាល់ប្រទេសនៅអឺរ៉ុបភាគខាងត្បូងនេះឡើយ ហើយរុស្ស៊ីបានខ្ទប់ប្រទេសនេះពីក្លាយជាសមាជិកនៃអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិមួយចំនួនទៀត។ កូសូវ៉ូ ត្រូវបានទទួលស្គាល់ភាគច្រើនពីបណ្តាប្រទេសលោកខាងលិច ក៏ប៉ុន្តែខ្លួនត្រូវការភ្លើងបៃតងរពីប្រទេសស៊ែប៊ី, រុស្ស៊ី និងចិន ដើម្បីទទួលបានកៅអីក្នុងអង្គការសហប្រជាជាតិ៕
Tag:
កូសូវ៉ូ
ការបោះឆ្នោត
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com