អន្តរជាតិ
រឿងរ៉ាវប៉ុនប៉ងធ្វើអត្តឃាតរបស់ចៅក្រមថៃ នឹងមានការស៊ើបអង្កេតបន្ត? លោក ចៅក្រម ខាន់ណាកន ភៀនចាន់ណា
× ចៅក្រមថៃម្នាក់ បានបាញ់ខ្លួនឯងនៅក្នុងបន្ទប់កាត់ក្តី បន្ទាប់ពីនិយាយរិះគន់លើប្រព័ន្ធតុលាការនៅក្នុងប្រទេសថៃ។ ការណ៍នេះ បានបង្កឲ្យមានមន្ទិលសង្ស័យជាច្រើនពីសំណាក់មហាជននៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស។ ទាក់ទិនរឿងនេះ ការិយាល័យតុលាការយុត្តិធម៌ថៃ កំពុងប្រមែប្រមូលព័ត៌មានដើម្បីបញ្ចូនទៅកាន់គណៈកម្មការនៃអង្គចៅក្រមដើម្បីពិចារណាបើកការស៊ើបអង្កេត។
រឿងរ៉ាវនេះ បានកើតឡើងកាលពីថ្ងៃសុក្រទី០៤ ខែតុលា។ លោកចៅក្រម ខាន់ណាកន ភៀនចាន់ណា (Khanakorn Pianchana) បានបាញ់ទ្រូងខ្លួនឯង បន្ទាប់ពីលើកលែងទោសឧក្រិដ្ឋឲ្យបុរសមូស្លីម ៥នាក់។ ប៉ុន្តែលោកចៅក្រមរូបនេះ ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ និងជួយសង្គ្រោះបានទាន់ពេលវេលា។
តាមរយៈការផ្សាយផ្ទាល់លើបណ្តាញសង្គម Facebook ក្នុងតុលាការខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃ លោក ខាន់ណាកន បានលើកឡើងថា៖ «អ្នក [ចៅក្រម] ត្រូវការភស្តុតាងច្បាស់លាស់ និងទុកចិត្តបាន ដើម្បីដាក់ទណ្ឌកម្មនរណាម្នាក់។ ដូចនេះបើអ្នកមិនច្បាស់ទេ កុំដាក់ទណ្ឌកម្មពួកគេ»។ ក្នុងន័យនេះ លោកចៅក្រម មិនមែនមានន័យថា ជនសង្ស័យទាំង ៥រូប មិនបានប្រព្រឹត្តបទឧក្រិដ្ឋឡើយ ប៉ុន្តែនីតិវិធីតុលាការ ត្រូវការតម្លាភាព និងភាពទុកចិត្ត។ ប្រសិនតុលាការដាក់ទណ្ឌកម្មលើមនុស្សខុស គឺប្រៀបដូចជាឲ្យជនសង្ស័យទាំងនោះ ទទួលកំហុសជំនួសអ្នកដទៃដូច្នេះដែរ។
ពាក់ព័ន្ធបញ្ហាខាងលើ គេមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ថាតើហេតុអ្វីបានជាចៅក្រមរូបនេះ បានយកកាំភ្លើងខ្លីបាញ់ខ្លួនឯង។ អ្នកនាំពាក្យការិយាល័យនៃអង្គចៅក្រម Suiyan Hongvilai បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោកខាន់ណាកន បានបាញ់ខ្លួនឯងដោយសារតែភាពតានតឹង ឬសម្ពាធផ្ទាល់ខ្លួន។ ចំណែកតាមការចុះផ្សាយរបស់ព័ត៌មានក្នុងស្រុកថៃ បញ្ហានេះបណ្តាលមកពីរឿងក្តីដែលលោក ខាន់ណាកន បានកាន់ដោយផ្ទាល់។
សេចក្តីថ្លែងការណ៍មួយដែលគេជឿថា បានសរសេរដោយចៅក្រមរូបនោះ និងបង្ហោះលើបណ្តាញសង្គម Facebook មុនលោកបាញ់ខ្លួនឯង បង្ហាញថា លោកបានរងសម្ពាធពីថ្នាក់លើដើម្បីកាត់ទោសឲ្យបុរសទាំង៥នាក់នោះមានកំហុស ទោះជាខ្វះខាតភស្តុតាងក៏ដោយក្តី។ លោកសរសេរបែបនេះ៖«ប្រសិនបើខ្ញុំមិនអាចរក្សាពាក្យសម្បថពេលចូលកាន់តំណែងខ្ញុំទេនោះ ខ្ញុំសុខចិត្តស្លាប់ជាជាងរស់នៅដោយគ្មានកិត្តិយស»។
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី៧ ខែតុលា អគ្គលេខាធិការនៃការិយាល័យតុលាការយុត្តិធម៌ថៃ លោក Sarawut Benjakul បានបញ្ជាក់ថា របាយការណ៍ពីហេតុការណ៍បាញ់ខ្លួនឯងរបស់ចៅក្រម ខាន់ណាកន ភៀនចាន់ណា នឹងត្រូវបញ្ជូនទៅកាន់គណៈកម្មការនៃអង្គចៅក្រមដើម្បីពិចារណាបើកការស៊ើបអង្កេតពាក់ព័ន្ធបទល្មើសផ្នែកវិន័យ។
ទន្ទឹមនេះ លោក Sarawut អះអាង ភាពឯករាជ្យរបស់ចៅក្រម ត្រូវបានធានា ហើយការងារពួកគេ ប្រព្រឹត្តទៅដោយអនុលោមតាមច្បាប់។ សម្រាប់លោក ការស៊ើបអង្កេត នឹងរកមើលរឿងរ៉ាវពិត និងមូលហេតុដែលធ្វើឲ្យលោកចៅក្រម ខាន់ណាកន បាញ់ខ្លួនឯងបែបនេះ។
គួរកត់សម្គាល់ថា យោងតាមប្រធានមន្ទីរពេទ្យខេត្ត Yala លោកវេជ្ជបណ្ឌិត Banyong Laocharoensuk ចៅក្រមថៃដែលបាញ់ខ្លួនឯងនេះ ធ្លាប់ត្រូវបានគេផ្តល់យោបល់ឲ្យឈប់សម្រាកពីការងារយ៉ាងតិចមួយសប្តាហ៍សិន ដើម្បីកាត់បន្ថយភាពស្មុគស្មាញ។ អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត ក៏រំពឹងជួបលោកចៅក្រមនេះក្នុងសប្តាហ៍នេះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com