Onyedikachi សងសឹក Devon Morris បានសម្រេច តែ ឡុង ឡា និង ចាន់ សំអាត ចាញ់​នៅ​ជប៉ុន​
ONE Championship
កីឡាជាតិ
ជាតិ
Onyedikachi សងសឹក Devon Morris បានសម្រេច តែ ឡុង ឡា និង ចាន់ សំអាត ចាញ់​នៅ​ជប៉ុន​
07, Oct 2019 , 3:27 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​កីឡាករ​នី​ហ្សេ​រី​យ៉ា​ហ្វឹកហាត់​នៅ​កម្ពុជា Emmanuel Onyedikachi  បាន​សងសឹក​កីឡាករ​អាមេរិក Devon Morris បានសម្រេច​ក្នុងការ​ប្រកួត​ប្រភេទ​ទម្ងន់ WELTERWEIGHT ខណៈ ចាន់ សំអាត ចាញ់ Hikaru Yoshino ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ហើយ ឡុង ឡា ចាញ់ Asuka Tsubaki នៅ​សង្វៀន ONE :WARRIOR SERIES 8 ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​នា​ថ្ងៃទី​៥ ខែតុលា​។



Emmanuel Onyedikachi សងសឹក Devon Morris បានសម្រេច​៖

​ទោះ​មាន​មាន​របួស​ដោយសារ Devon ធាក់​ចំ​ត្រង់​ប្រដាប់​ការពារ ក៏​អាជ្ញាកណ្ដាល​សម្រេច​ឲ្យ Emmanuel Onyedikachi ឈ្នះ​ពិន្ទុ​ដែរ​។ កីឡាករ​គុន​ចម្រុះ​នី​ហ្សេ​រី​យ៉ា Emmanuel Onyedikachi ដែល​ប្រកួត​តំណាង​ក្លិប «​សិល្បៈ​» របស់ ចាន់ រតនា បង្ហាញ​ភាព​ក្លៀវក្លា​ដោយ​រលាត​មួយ នៅមុខ​កីឡាករ​អាមេរិក Devon Morris មកពី Phuket Top Team មុន​ប្រកួត​នៅ​ទឹក​ទី​១​។ កីឡាករ​ទាំងពីរ​មិន​ហ៊ាន​ចូលចាប់​ដូចគ្នា ដោយ​ប្រើ​កណ្ដាប់ដៃ និង ទាត់​ប្រយោល​នៅ​ទឹក​ទី​១​។ ហើយ​ចុង​ទឹក​ដំបូង​នេះ Emmanuel វ៉ៃ​ចូល​មួយ​ដៃ ធ្វើ​ឲ្យ Devon ទ្រេត​ទើប​រត់​ចូល​ឱប​គ្នា​បន្តិច ហើយ ងើប​វិញ​រហូត​ចប់​ទឹក​។ ចូល​ទឹក​ទី​២​ជាការ​ចាប់ផ្ដើម​ទាត់​គ្នា​យ៉ាងច្រើន​ជើង​ទៅមកៗ​និង​ប្ដូរ​កណ្ដាប់ដៃ​ម្ដងៗ​។ ប៉ុន្តែ​សល់ ២​នាទី​នៃ​ទឹក​ទី​២ Onyedikachi វាយ​ចូល Devon មួយ​ដៃ​ឡើង​ទ្រេត​ជាថ្មី ហើយ​បន្ត​ទាត់​ឲ្យ​ដៃគូ​វៀច​ជើង​២​ដង​ទៀត​។ ការប្រកួត​រឹតតែ​ជក់ចិត្ត​នៅ​ទឹក​ចុងក្រោយ ដោយ​អ្នក​ទាំង​ពីរបាន​ប្ដូរ​កណ្ដាប់ដៃ​គ្នា និង ជើង​ទៅមក ខណៈដែល Devon មាន​សន្ទុះ​វ៉ៃ​ល្អ​ជាង​ពីរ​ទឹក​ដំបូង​។ កណ្ដាប់ដៃ​របស់ Devon ចេញ​បានល្អ​ជាង Emmanuel នៅ​ទឹក​ទី​៣​។ ប៉ុន្តែ Devon បាន​ធាក់​ចំ​ប្រដាប់​ការពារ​របស់ Emmanuel និង​ឈឺ​កន្លែង​សំខាន់​ដែល​ត្រូវ​សម្រាក​មើល​របួស​ចំនួន ៥​នាទី​។ Emmanuel មិនអាច​ប្រកួត​បាន ប៉ុន្តែ Devon ក៏​វៀច​ជើង​ពិបាក​ដើរ​ដែរ​។ ទីបំផុត អាជ្ញាកណ្ដាល​សម្រេច​ឲ្យ  Emmanuel  ឈ្នះ​ពិន្ទុ Devon ។ នេះ​ជាការ​សងសឹក​បានសម្រេច និង ប្រកួត​យ៉ាង​ជក់ចិត្ត​ក្រោយ Emmanuel ចាញ់​ទឹក​ទី ២ កាល​ខែ កុម្ភៈ នៅ​សិង្ហ​បុរី​។ Emmanuel បាន​ប្រាប់​មុន​ប្រកួត​ថា រូបគេ​នឹងធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​ពី​ប្រកួត​មុនៗ​ហើយ​ជាក់ស្ដែង មុន​បញ្ឈប់​ការប្រកួត កីឡាករ​នី​ហ្សេ​រី​យ៉ា​ហ្វឹកហាត់​នៅ​កម្ពុជា​រូបនេះ​ធ្វើបាន​ល្អ​មែន​។​



​ចាន់ សំអាត ចាញ់​ពិន្ទុ  Hikaru Yoshino៖


​ខ្លា​ចាស់​ភ្នំ​ដងរែក ចាន់ សំអាត ចាញ់​ពិន្ទុ​កីឡាករ​ម្ចាស់ផ្ទះ​ជប៉ុន Hikaru Yoshino ជា​ឯកច្ឆន្ទ​ក្នុងការ​ប្រកួត​គុន​ចម្រុះ​ក្នុង​ប្រភេទ​ទម្ងន់ Bantamweight​។ ទឹក​ទី​១ ភ្លាម​ក្ដៅ​ម៉ាស៊ីន​រៀងខ្លួន ទាំង Hikaru និង ចាន់ សំអាត បាន​ចូលចាប់​គ្នា​និង​ប្រើ​ក្បាច់​តែម្ដង​។ ដ្បិត Hikaru នៅ​ពីលើ ប៉ុន្តែ សំអាត បាន​យកដៃ​គាប​កជាប់​មិន​ឲ្យ​កីឡាករ​ជប៉ុន​ធ្វើ​អ្វីៗ​តាមចិត្ត​នោះឡើយ​។ សំអាត បាន​ខិតខំ​រើ​បម្រាស់ ប៉ុន្តែ​នៅជាប់​ក្រញាំ​របស់ Hikaru ដដែល​នៅ​ទឹក​ទី​១​។ យ៉ាងណាក្ដី សំអាត បាន​យក​ជង្គង់​អុក និង ដៃ​គា​បក​តិចៗ​រហូត​ចប់​ទឹក​ទី​១​។ ចូល​ទឹក​ទី​២ Hikaru បាន​ចូល​ឱប​នៅ​ពីលើ សំអាត និង​ប្រើ​កណ្ដាប់ដៃ​ហូរហែ​។ សំអាត ខំប្រឹង​រើ​ខ្លាំង​នៅ​ពាក់កណ្ដាល​ទឹក​ទី​២ ប៉ុន្តែ មិន​ទៅរួច​ឡើយ​ដោយ ដងខ្លួន​របស់ Hikaru នៅ​ពីលើ​ផង វ៉ៃ​កណ្ដាប់ដៃ​ផង និង អុក​ជង្គង់​ទៀតផង​។ មិន​ខុសពី​ទឹក​ទី​១ សំអាត មិនអាច​រើខ្លួន​រួច​រហូតដល់​ចប់​ទឹក​ទី​២​។ សំអាត មិន​ចង់​ឲ្យ Hikaru ចូលចាប់​បោក​ទេ​នៅ​ដើម​ទឹក​ទី​៣ ប៉ុន្តែ កូនសិស្សលោក​ហ៊ុន ច័ន្ទ​រាជ្យ ទប់​មិន​ជាប់​ដោយ​ត្រូវ​ចូល​ឃ្លេ​ដដែល​។ ពេល​ចូល​ឃ្លេ​ហើយ សំអាត​ពិតជា​លំបាក​ដោះ​ណាស់ ហើយ​ត្រូវ កីឡាករ​ជប៉ុន​អុក​ជង្គង់​ចំ​ដើមទ្រូង វ៉ៃ​ពីលើ និង គាប​កជាប់​រហូតដល់​ចប់​ទឹក​ទី​៣​។ ទីបំផុត ចាន់ សំអាត ចាញ់​ពិន្ទុ​ជា​ឯកច្ឆន្ទ​។



​ឡុង ឡា ចាញ់​កីឡាករ​ជប៉ុន Asuka Tsubaki ត្រឹម​ទឹក​ទី​២៖


​ឡុង ឡា ចាញ់​កីឡាករ​ជប៉ុន Asuka Tsubaki នៅ​ទឹក​ទី​២ ក្នុងការ​ប្រកួត​គុន​ចម្រុះ​ប្រភេទ​ទម្ងន់ Featherweight​។ ចូល​ទឹក​ទី​១ ទាំង Asuka និង ឡុង ឡា​សុទ្ធតែ​ខ្លាចរអា​រៀងៗ​ខ្លួន ដោយ​ការ​ឈរ​វ៉ៃ​ប្រយោល​ទាំងអស់គ្នា ហើយ​ក្នុងនោះ ឡុង ឡា បាន​ឆក់​ឱកាស​ចូល​វ៉ៃ និង ទាត់​បាន​ម្ដងៗ​។ បែបណា​ក្ដី Asuka មិន​ញញើត​នឹង ឡុង ឡា ឡើយ ទោះ​កីឡាករ​កម្ពុជា​វ៉ៃ​ចំ គោលដៅ​នៅ​ចុង​ទឹក​ក្ដី​។ ចូល​ទឹក​ទី​២ កីឡាករ​ជប៉ុន បាន​ព្យាយាម​ចូល​ឱប​និង​ផ្ដួល ឡុង ឡ រហូត​បានសម្រេច​នៅ​ដើម​ទឹក​។ Asuka បាន​នៅ​ពីលើ និង ប្រើ​កណ្ដាប់ដៃ​វ៉ៃ​មុខ ឡុង ឡា​ជាច្រើន រួម​ដោយ​ការប្រើ​ជើង​គាប ឡុង ឡា​ជាប់​។ ទីបំផុត កីឡាករ​តំណាង​ឲ្យ​កម្ពុជា មិនអាច​ដោះ​ឃ្លេ​បានឡើយ ហើយ ត្រូវ​កីឡាករ​ជប៉ុន​វ៉ៃ​សន្ធាប់​រហូត​អាជ្ញាកណ្ដាល​បញ្ឈប់​ត្រឹម​ទឹក​ទី​២ តែម្ដង​។ គ្រូ បង្វឹក ហ៊ុន ច័ន្ទ​រាជ្យ បាន​ថ្លែង​មុន​ទៅ​ប្រកួត​រួចមកហើយ​ថា កីឡាករ​ជប៉ុន​ច្បាស់​ជា​ដើរចូល​ឱប​ដោយ​ប្រើ​ក្បាច់​ឃ្លេ ឬ ក្បាច់​វ៉ៃ​ក្នុង​ជំហរ​ដេក​។ អ្វីៗ ដូច​ការ​ថ្លែង​របស់លោក ស្រប​ពេលដែល កម្លាំង​របស់ ឡុង ឡា មិនអាច​ទប់​នឹង​ការចូល​ឱប​របស់ Asuka បានឡើយ​។

ONE: CENTURY ជាការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភពលោក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ហើយ​មាន​គូប្រកួត​ជើងឯក​ពិភពលោក ប៉ះ​ជើងឯក​ពិភពលោក​។​
​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY  នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​

© រក្សាសិទ្ធិដោយ thmeythmey.com