ជាតិ
EU បញ្ចប់យុទ្ធនាការសប្ដាហ៍បៃតង ដោយស្នើឲ្យពលរដ្ឋនិយាយថា«ទេ»ចំពោះប្លាស្ទិកដែលប្រើប្រាស់បានតែមួយដង តំណាងសហភាពអឺរ៉ុប,មន្ត្រីរដ្ឋាភិបាល,កម្មជនបរិស្ថាន និងពលរដ្ឋថតរូបជុំគ្នានៅក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការសប្ដាហ៍បៃតង កាលពីថ្ងៃទី៦ តុលា ឆ្នាំ២០១៩។
× ភ្នំពេញ៖ យុទ្ធនាការសប្ដាហ៍បៃតង របស់សហភាពអឺរ៉ុប ត្រូវបានបិទបញ្ចប់ហើយ កាលពីថ្ងៃទី៦តុលា ការសម្អាតទីសាធារណៈ។ នៅក្នុងឱកាសនេះ ទាំងសហភាពអឺរ៉ុប និងភាគីរាជរដ្ឋាភិបាល សុទ្ធតែទទួលស្គាល់ថា កម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាសំរាម ពិសេសសំណល់ប្លាស្ទិក។ ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាន និងការបំពុលដោយសំណល់ថង់ប្លាស្ទិក សហភាពអឺរ៉ុបប្រចាំកម្ពុជា បានស្នើឲ្យពលរដ្ឋនិយាយថា«ទេ»ចំពោះប្លាស្ទិកដែលប្រើប្រាស់បានតែមួយដង និងងាកទៅប្រើប្រាស់កន្ត្រក ប្រើថង់ប្លាស្ទិករួម និងការលាងសំអាតថង់ប្លាស្ទិកនោះ សម្រាប់ប្រើប្រាស់ឡើងវិញ។
សហភាបអឺរ៉ុប បានបញ្ចប់យុទ្ធនាការសប្ដាហ៍បៃតង កាលពីថ្ងៃទី៦ ខែតុលា ដោយការសម្អាតទីសាធារណៈ តាមបណ្ដោយទន្លេសាប។ កម្មវិធីបិទបញ្ចប់យុទ្ធនាការនេះ មានការចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ,អេកូយុវទូត សកម្មជនបរិស្ថាន និងពលរដ្ឋប្រមាណ៣០០នាក់ ។ ការសំអាតទីសាធារណៈ គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលរៀបចំដោយ សហភាពអឺរ៉ុបបានប្រចាំកម្ពុជា និងក្រុមការងារអេកូយុវទូត ដើម្បីអបអរសប្តាហ៍បៃតងរបស់សហភាពអឺរ៉ុប ក្នុងបំណងពន្លឿនការអនុវត្តវិធានការទូទាំងសកលលោក ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងសំណល់ប្លាស្ទិក។
ក្នុងយុទ្ធនាការនេះ លោក Franck Viault ភារធារីនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថា ការបំពុលដោយប្លាស្ទិក គឺជាបញ្ហាធំចម្បង ក្នុងចំណោមបញ្ហាបរិស្ថានធំៗ។ បើតាមលោក Franck ក្នុងចំណោមប្លាស្ទិកដែលត្រូវបានប្រើប្រាស់ មានពាក់កណ្ដាលជាប្លាស្ទិកដែលប្រើប្រាស់បានតែមួយដងប៉ុណ្ណោះ ហើយ៩០ភាគរយ នៃបា្លស្ទិកទាំងនោះ ត្រូវបានបោះចោលទៅក្នុងទន្លេ និងសមុទ្រ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន កំពុងផ្តល់បទសម្ភាសដល់អ្នកកាសែត នៅថ្ងៃបិទបញ្ចប់យុទ្ធនាការសប្ដាហ៍បៃតង កាលពីថ្ងៃទី៦ តុលា ឆ្នាំ២០១៩។
សម្រាប់លោក Franck Viault ការកែច្នៃ តែមួយមុខ មិនគ្រប់គ្រាន់ សម្រាប់បន្ថយសំណល់ប្លាស្ទិកឡើយ។ លោក Franck Viault តំណាងឲ្យសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ និយាយថា «ទេ» ចំពោះផលិតផលប្លាស្ទិកដែលប្រើប្រាស់បានតែមួយដង។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ដែលមានវត្តមាននៅក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការសប្ដាហ៍បៃតងនេះដែរ បានអះអាងថា ការកើនឡើងយ៉ាងខ្លាំងនៃសំរាមងថង់ប្លាស្ទិក គឺជាក្តីកង្វល់របស់កម្ពុជា។ អ្នកនាំពាក្យ ក៏យល់ស្របដែរថា ត្រូវការកែច្នៃប្លាស្ទិកដើម្បីកាត់បន្ថយការបំពុលដោយប្លាស្ទិក និងរួមគ្នានិយាយថា «ទេ» ចំពោះផលិតផលប្លាស្ទិកដែលប្រើប្រាស់បានតែមួយដង។ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា៖«មធ្យោបាយមានប្រសិទ្ធភាពបំផុតមួយ គឺប្រជាពលរដ្ឋត្រូវតែផ្លាស់ប្ដូរឥរិយាបថ ឬកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដោយពេលទៅផ្សារ ត្រូវប្រើប្រាស់កន្ត្រក់ ឬប្រើថង់ប្លាស្ទិករួម ហើយពេលប្រើរួចត្រូវលាងសម្អាតរក្សាទុកប្រើប្រាស់ឡើងវិញជាដើម»។
បើតាម នេត្រ ភក្ត្រា កម្ពុជាបង្កើតសំរាមប្រមាណ១ម៉ឺនតោនក្នុងមួយថ្ងៃ ក្នុងនោះជាង២០ភាគរយ ជាសំរាមថង់ប្លាស្ទិក។ ដោយឡែក ធានីភ្នំពេញ ក្នុងមួយថ្ងៃ ប្រើប្រាស់ថង់ប្លាស្ទិកជាង១០លានថង់។ «កត្តាចម្បងបំផុត ដែលនាំឲ្យពលរដ្ឋប្រើប្រាស់ថង់ប្លាស្ទិកកើនឡើង គឺការផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋ ដោយសារកំណើនសេដ្ឋកិច្ច និងប្រជាពលរដ្ឋ»។ នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា។
នៅកម្ពុជាសហភាពអឺរ៉ុប បានគាំទ្រដល់សកម្មភាពឆ្លើយតបចំពោះ ការប្រែប្រួលអាកាសធាតុជាយូរមកហើយ រួមទាំងពេលថ្មីៗនេះ បានសន្យាផ្ដល់ថវិកាចំនួន៦លានអឺរ៉ូ ដើម្បីគាំទ្រកិច្ចខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ៕
Tag:
សហភាពអឺរ៉ុប
នេត្រ ភក្ត្រា
សំរាម
ថង់ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com