អន្តរជាតិ
ប៉ូលិស​ហុងកុង ព្រមាន​បាតុករ​ប្រឆាំង​ការវាយប្រហារ​ឃោរឃៅ​លើ​ពលរដ្ឋ​ស្លូតត្រង់​
07, Oct 2019 , 11:19 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​ប៉ូលិស​ហុងកុង បាន​រិះគន់​ក្រុមបាតុករ​ដែល​បើក​ការវាយប្រហារ​បែប​ហិង្សា​បំផុត​លើ​ប្រជាជន​ស្លូតត្រង់​។ ការព្រមាន​នេះ ធ្វើឡើង​ក្រោយពី​កើត​ភាពវឹកវរ និង​ការប៉ះទង្គិច​ហិង្សា​កាន់តែ​ខ្លាំងក្លា​រវាង​ក្រុមអ្នកតវ៉ា និង​ប៉ូលិស​ក្នុង​ទីក្រុង​នេះ​។​



«​សកម្មភាព​ហិង្សា​បែបនេះ គឺ​ឆ្លង​ហួស​ឆ្ងាយ​ពី​ព្រំដែន​សីលធម៌​នៃ​សង្គម​ស៊ីវីល័យ​»​។ កម្លាំង​ប៉ូលិស​ក្រុង​ហុងកុង សរសេរ​បែបនេះ​ក្នុង​បណ្តាញ​ស្គម Twitter ខ្លួន នៅ​រសៀល​ថ្ងៃ​ចន្ទ ទី ៧ តុលា ។ ការ​បង្ហោះ​នេះ ក៏មាន​អម​ជាមួយ​វីដេអូ​រយៈពេល​១​នាទី ដែល​បង្ហាញ​ពី​ទិ​ដ្ឋា​ភាព​ក្រុមបាតុករ​វាយដំ​មនុស្ស​យ៉ាង​ហិង្សា ដោយ​ប្រើ​សម្ភារ​ដូចជា ឆត្រ និង​ដំបង​ដែក​ជាដើម​។ ក្នុង​វីដេអូ​នេះ ជនរងគ្រោះ​ជាច្រើន ត្រូវបាន​មើលឃើញថា មាន​របួស​ធ្ងន់ធ្ងរ បែក​ឈាម​ពេញ​ខ្លួន​។​


​ប៉ូលិស នឹង​អនុវត្ត​ច្បាប់​យ៉ាង​តឹងតែង​បំផុត​ដើម្បី​ស្តារ​សណ្ដាប់ធ្នាប់​សាធារណៈ និង​នាំខ្លួន​ជនល្មើស​ច្បាប់​ទាំងអស់​ទៅ​កាត់ទោស​។ កម្លាំង​ប៉ូលិស​ក្រុង​ហុងកុង បញ្ជាក់​បែបនេះ ដោយ​បន្ថែមទៀតថា ពលរដ្ឋ​ហុងកុង គួរ​សហការ និង​រាយការណ៍​រាល់​ទង្វើ​ខុសច្បាប់​នានា​ដែល​កើតមានឡើង​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋាភិបាល​ហុងកុង នៅ​ថ្ងៃ​ដដែល​នេះ បាន​ព្រមាន​ថា សុវត្ថិភាព​សាធារណៈ ត្រូវបាន​បាត់បង់ ហើយ​សណ្ដាប់ធ្នាប់​សាធារណៈ ត្រូវបាន​រុញ​ច្រាល​ឲ្យ​ធ្លាក់ចូល​ក្នុងស្ថានភាព​ដ៏​គ្រោះថ្នាក់​បំផុត ក្រោយពី​ផ្ទុះ​បាតុកម្ម​ជាច្រើន​ខែ ដែល​បង្កចលាចល​ក្នុង​ទីក្រុង​នេះ​។​

​បាតុករ​មួយចំនួន ត្រូវបាន​ចាប់ខ្លួន​ក្នុងការ​ប៉ះទង្គិច ដែល​បានចាប់ផ្តើម​កាលពី​យប់​ថ្ងៃអាទិត្យ បន្ទាប់ពី​ច្បាប់​បន្ទាន់​ថ្មី ដែល​ហាមឃាត់​ក្រុមបាតុករ​ពាក់​ម៉ាស់​បិទមុខ ត្រូវបាន​អនុវត្ត​កាលពី​ថ្ងៃ​សុក្រ ទី​៤ តុលា មក​។ ការប៉ះទង្គិច​នេះដែរ បង្ក​ឲ្យ​ប្រតិបត្តិ​ករ​ផ្លូវដែក​ហុងកុង MTR Corp នៅ​ថ្ងៃ​ចន្ទ សម្រេច​ប្រកាស​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​បណ្តាញ​រថភ្លើង​ជាច្រើន​ក្នុង​ទីក្រុង ដែល​ក្នុងនោះ​ក៏មាន​ស្ថានីយ៍​ដ៏​មមាញឹក​ដូចជា Admiralty និង Wan Chai ផងដែរ​៕

Tag:
 ហុងកុង​
  បាតុករ​
  ប្រជាជន
© រក្សាសិទ្ធិដោយ thmeythmey.com