រថយន្ត
អន្តរជាតិ
សង្គ្រាមលោកលើកទី១៖ ដើមកំណើតនៃរថក្រោះចម្បាំង រថគ្រោះ Little Willies ផលិតដំបូងដោយចក្រភពអង់គ្លេស ក្នុងឆ្នាំ ១៩១៦
× រថក្រោះអាចជាគ្រឿងធ្វើសង្គ្រាម និងការពារប្រទេសជាតិមួយដែលពិបាកនឹងខ្វះបាន។ ជាមួយនឹងរបាំងដែកដ៏ក្រាស់ រួមទាំងកាំភ្លើងដ៏ធំនៅចំពីខាងមុខ យានធ្វើសឹកសង្គ្រាមមួយនេះមានសារសំខាន់ខ្លាំងក្នុងការច្បាំងលើដី។ យានពិសេសមួយនេះទើបតែចាប់កំណើតជារូបរាងឡើងកាលតែជាង១០០ឆ្នាំមុនប៉ុណ្ណោះ ពោលគឺនៅក្នុងសម័យសង្គ្រាមលោកលើកទីមួយ ក្នុងចន្លោះឆ្នាំ១៩១៤ និងឆ្នាំ១៩១៨។
ដោយផ្នែកលើការស្រមើស្រមៃ វិចិត្រករវិទ្យាសាស្ត្រជនជាតិអ៊ីតាលីល្បីម្នាក់ ដែលលោកមានឈ្មោះថា Leonardo Da Vinci បានគូរជារូបរាងរថក្រោះដំបូងគេនៅក្នុងអំឡុងសតវត្សរ៍ទី១៥ ប៉ុន្តែរថក្រោះដែលអាចប្រើប្រាស់បានជាក់ស្តែងមានដើមកំណើតនៅក្នុងអំឡុងសតវត្សរ៍ទី២០ទៅវិញទេ។ នេះជាការបកស្រាយចេញពីគេហទំព័រ History.com ។
ប្រទេសដំបូងដែលចាប់ផ្តើមផលិត និងប្រើប្រាស់រថក្រោះគឺចក្រភពអង់គ្លេស និងប្រទេសបារាំងក្នុងការបើកផ្លូវឲ្យទ័ពជើងគោកធ្វើដំណើរឆ្លងការដែនដីសង្គ្រាមដែលពោរពេញទៅដោយបន្លារដែកមុតៗ។ ប៉ុន្តែរថក្រោះជំនាន់ដំបូងៗទាំងនោះមិនសូវជាទាន់មានប្រសិទ្ធភាពល្អប៉ុន្មាននោះទេ។
នៅពេលដែលសង្គ្រាមឡេណដ្ឋាន (សង្គ្រាមដែលមានការជីករណ្តៅក្នុងការលាក់ខ្លួន និងការបាញ់) បានធ្វើឲ្យភាគីសង្គ្រាមទាំងពីរពិបាកនឹងរួញកម្លាំងរបស់ខ្លួននីមួយៗទៅមុខ លោក Winston Churchill ដែលក្នុងពេលនោះជាអ្នកនាំមុខខាងផ្នែកទ័ពជើងទឹក និងក្រោយមកជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បានរិះរកគំនិតក្នុងការបង្កើតរថក្រោះរបស់ខ្លួនផ្ទាល់ក្នុងការបើកឆ្លងកាត់រណ្តៅទាហាន រហូតទៅដល់ប្រវែងជាងមួយម៉ែត្រ និងជម្រៅប្រមាណពីរម៉ែត្រ។
ក្នុងឆ្នាំ១៩១៦ រថក្រោះដំបូងគេដែលមានឈ្មោះថា «Little Willies» ត្រូវបានគេយកមកប្រើប្រាស់។ ប៉ុន្តែរថក្រោះ Mark 1 ដែលជាជំនាន់បន្ទាប់របស់ Little Willies ទៅវិញទេដែលត្រូវបានចក្រភពអង់គ្លេសយកទៅប្រើប្រាស់នៅក្នុងសង្គ្រាមផ្ទាល់ ក្នុងឆ្នាំ១៩១៦ដដែល។ នៅក្នុងឆ្នាំ១៩១៨ ប្រទេសបារាំងបានផលិតរថក្រោះ Renault FT ដែលមានលក្ខណៈល្អប្រសើរជាង Mark 1 របស់ចក្រភពអង់គ្លេស។
នៅចន្លោះសង្គ្រាមលោកលើកទី១ និងទី២ រថក្រោះបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្រោមប្រទេសមហាអំណាចដូចជា អង់គ្លេស បារាំង និងអាល្លឺម៉ង់។ រថក្រោះជំនាន់ក្រោយនានាចាប់កំណើតឡើងជាមួយនឹងទម្ងន់ធ្ងន់ជាងមុន កម្រាស់ក្រាស់ជាងមុន កម្លាំងខ្លាំងជាងមុន និងល្បឿនលឿនជាមុន។ នៅក្នុងសង្គ្រាមលោកលើកទី២ ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាមេកានិច អាល្លឺម៉ង់បានបង្កើតរថក្រោះមានឈ្មោះថា Panzer ដែលក្រុមរថក្រោះនេះនឹងបានកែប្រែមុខមាត់នៃការធ្វើសង្គ្រាមយ៉ាងច្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com