អន្តរជាតិ
គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី បើក​ការស៊ើបអង្កេត​លើ​ប្អូនប្រុស​លោក​ណា​ជីប​
08, Oct 2019 , 8:29 am        
រូបភាព
លោក Nazir Razak  ត្រូវជាប្អូនប្រុសរបស់លោក Najib Razak
លោក Nazir Razak ត្រូវជាប្អូនប្រុសរបស់លោក Najib Razak
​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​៧ ខែតុលា បាន​និយាយថា ម៉ាឡេស៊ី​បាន​រកឃើញ ប្អូនប្រុស​លោក​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ (Najib Razak) និង​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត មានការ​ពាក់ព័ន្ធ​ទៅនឹង​ការទទួល​លុយ​មូលនិធិ​រដ្ឋ 1MDB​។



​មូលនិធិ​រដ្ឋ​1Malaysia Development Berhad ឬ​1MDB ត្រូវបាន​បង្កើតឡើង​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ (Najib Razak) ក្នុង​ឆ្នាំ ២០០៩ ត្រូវបាន​អ្នកស៊ើប​អង្កេត​ម៉ាឡេស៊ី និង​អាមេរិក​រកឃើញថា ទឹកប្រាក់​ប្រមាណ​ជា ៤,៥​ពាន់​លាន​ដុល្លារ​ត្រូវបាន​គេ​បង្វែរ​ចេញពី 1MDB​។ បញ្ហា​នេះ ក៏​ធ្វើ​ឲ្យ​លោក Najib ធ្លាក់​ចេញពី​តំណែង​កាលពី​ឆ្នាំ ២០១៨ និង​ត្រូវ​ប្រឈម​នឹង​បទ​ចោទ​អំពើពុករលួយ និង​ការលាង​លុយកខ្វក់ បន្ទាប់ពី​លោក​បានទទួល​លុយ ១​ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​នេះ​។ ប៉ុន្តែ​លោក​និយាយថា មិនមាន​កំហុស​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះឡើយ​។

​ប្រាប់​អ្នកយក​សារព័ត៌មាន ប្រធាន​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី (MACC) លោកស្រី Latheefa Koya លើកឡើងថា ទីភ្នាក់ងារ​របស់លោក មានបំណង​ទាញយក​លុយ​បាត់ ១០០​លាន​ដុល្លារ​ទៀត​។ ការស៊ើបអង្កេត​នេះ នឹងធ្វើ​ឡើង​ទៅលើ​បុគ្គល និង​អង្គភាព​មួយចំនួន ដែល​ត្រូវបាន​ចោទថា​បានទទួល​លុយ​ពី​មូលនិធិ​រដ្ឋ ដើម្បី​លាងលុយកខ្វក់​។
​ពាក់​ពន្ធ​នឹង​រឿង​បុគ្គល និង​អង្គភាព​នេះ គេ​បាន​រកឃើញ ប្អូនប្រុស​លោក​អតីត​នាយករដ្ឋមន្ត្រី ដែលជា​អតីត​ប្រធាន​ធនាគា CIMB និង​លោក Shahrir Abdul Samad អតីត​ប្រធាន​ទីភ្នាក់ងារ​ប្រេងដូង​រដ្ឋ Felda​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

​បន្ថែម​ពីលើ​នេះ ប្រធាន​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ បាន​បន្ថែមទៀតថា លោក Nazir Razak ដែល​ត្រូវជា​ប្អូនប្រុស​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បានទទួល​លុយ​ប្រមាណ​ជាជាង ៦​លាន​ដុល្លារ​អាមេរិក​ពី​មូល​ប្ប​ទា​នប​ត្រ​ក្នុង​មូលនិធិ​រដ្ឋ 1MDB​។ មូលនិធិ​រដ្ឋ​មួយ​នេះ ត្រូវបាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន បក្សនយោបាយ និង​អង្គការ ដែលមាន​សម្ពន្ធ​ភាពជា​មួយ​លោក Najib ផ្សេងទៀត​។ នេះ​បើតាម​ការបង្ហាញ​របស់ MACC​។

​លោកស្រី Koya បាន​បញ្ជាក់ថា​យ៉ាងច្បាស់​ថា ការស៊ើបអង្កេត​មិនទាន់​ចប់​នៅឡើយ​ទេ ហើយ​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​នឹង​បើក​ការ​ស៊ើប​លើ​អង្គភាព និង​មនុស្ស​៨០​ផ្សេងទៀត​។​

​សូមបញ្ជាក់ថា តាម​ការចុះផ្សាយ​របស់​កាសែត The Wall Street Journal លោក Nazir បានទទួល​ទឹកប្រាក់​ប្រមាណ​ជា​៧​លាន​ដុល្លារ និង​បាន​បង្វិល​មូលនិធិ​ទាំងនេះ​ទៅ​អ្នកនយោបាយ​ផ្សេងទៀត មុន​ឆ្នាំ ២០១៣​។ ប៉ុន្តែ​តាម​ការពិនិត្យ​ដោយ​ឯករាជ្យ​លើ​ការ​បង្វែរ​លុយ លោក​Nazir មិនបាន​ប្រើ​តួនាទី ឬ​ប្រើ​ធនធាន​របស់​ធនាគា CIMB ទេ​។ នៅក្នុង​ឆ្នាំ ២០១៨​ប្អូនប្រុស​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ បាន​លាលែង​ចេញពី​តំណែង បន្ទាប់ពី​ធ្វើការ​នៅ​ធនាគា​នេះ​រយៈពេល ៣​ទសវត្សរ៍​កន្លងមក​នេះ​៕

Tag:
 ​ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com