FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ ហេតុអ្វីអន្តរជាតិចាប់អារម្មណ៍ជាពិសេសជំនួបអ៊ីរ៉ង់ និងកម្ពុជា?
× អ៊ីរ៉ង់នឹងបើកទ្វារកីឡដ្ឋាន Azadi នាក្រុងតេហេរ៉ង់ដើម្បីទទួលភ្ញៀវកម្ពុជាក្នុងការប្រកួតជម្រុះ World Cup 2022 ជុំទី២ ពូល C នៅថ្ងៃទី១០ ខែតុលា។ នេះ នឹងក្លាយជាជំនួបប្រវត្តិសាស្ត្រសម្រាប់អ៊ីរ៉ង់និងកម្ពុជា ដែលរំពឹងថាអាចទាក់ទាញអ្នកទស្សនាច្រើននៅជុំវិញពិភពលោករួមទាំងបណ្តាសារព័ត៌មានល្បីៗផង ដ្បិតប្រទេសប្រេងមួយនេះបានអនុញ្ញាតឲ្យស្ត្រីមានវត្តមានក្នុងការប្រកួតបុរសសាជាថ្មី ក្រោយហាមប្រាមជិត៤០ឆ្នាំមក។
ប្រហែលជាគ្មានអ្វីប្រែប្រួលឡើយ បន្ទាប់ពីអ្នកគាំទ្រស្ត្រីអ៊ីរ៉ង់ត្រូវបានផ្តល់សិទ្ធិឲ្យទិញសំបុត្រសម្រាប់ចូលមើលការប្រកួតវគ្គជម្រុះ World Cup ចំនួន៣៥០០សន្លឹករួចហើយ តាំងពីប្រកាសលក់នៅថ្ងៃទី៣ ខែតុលាម្លេះ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ដោយបញ្ជាក់ទៀតថាសំបុត្រសម្រាប់ស្ត្រីមានចំនួនសរុប៤៦០០សន្លឹកសម្រាប់ជំនួបរវាងអ៊ីរ៉ងទល់កម្ពុជានេះ។
កន្លងមក សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់បានកំណត់ការហាមប្រាមស្ត្រីជនជាតិខ្លួនមិនឲ្យមានវត្តមានក្នុងកីឡដ្ឋានសម្រាប់ការប្រកួតក្រុមបុរសតាំងពីឆ្នាំ១៩៨១មក ពោលគឺក្រោយពេលបដិវត្តអ៊ីស្លាម ឆ្នាំ១៩៧៩។
យ៉ាងណាក៏ដោយបម្រាមនេះបានធូរស្រាលមកវិញ ចាប់តាំងពីអ៊ីរ៉ង់ទទួលរងសម្ពាធខ្លាំងពីសំណាក់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បន្ទាប់ពីអ្នកគាំទ្រស្ត្រីអ៊ីរ៉ង់នាង Sahar Khodayari ដុតសម្លាប់ខ្លួននៅមុខតុលាការដើម្បីប្រឆាំងនឹងការហាមប្រាមនេះ។ ច្បាប់នៅអ៊ីរ៉ង់បានចែងថា រាល់ស្ត្រីដែលចូលកីឡដ្ឋានក្នុងការប្រកួតបុរសដោយគ្មានការអនុញ្ញាតនឹងត្រូវជាប់ពន្ធនាគាររយៈពេល ៦ខែ។ នាង Khodayari បានជាប់ទោសក្នុងបទនេះ ក្រោយព្យាយាមចូលកីឡដ្ឋានដោយបន្លំខ្លួនស្លៀកពាក់ជាបុរស។
ការរឹតត្បិតស្ត្រីអ៊ីរ៉ង់ត្រូវបានដកចំពេលជំនួបទល់កម្ពុជា។ ដូច្នេះវានឹងផ្តល់ផលល្អសម្រាប់ក្រុមកម្ពុជាដើម្បីបង្ហាញទៅកាន់ពិភពលោកបើទោះអ៊ីរ៉ង់ជាក្រុមខ្លាំងបំផុតនៅតំបន់អាស៊ីក៏ដោយ។ពិភពលោក នឹងស្គាល់កម្ពុជាច្រើនជាមុនតាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មានល្បីៗដែលទៅផ្តិយកព័ត៌មានជុំវិញបញ្ហាស្ត្រីអ៊ីរ៉ង់ក្នុងវិស័យកីឡាបាល់ទាត់នេះ។
យោងតាមវេបសាយកីឡាអ៊ីរ៉ង់ ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃក្រសួងយុវជន និងកីឡាប្រទេសនេះប្រកាសថាបណ្តាញផ្សព្វផ្សាយព័ត៌មានបរទេសចំនួន២១ស្ថាប័នផ្សេងគ្នា មកពី២១ប្រទេស បានដាក់ពាក្យសុំយកព័ត៌មានក្នុងការប្រកួតជម្រុះកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២២នៅកាតា រវាងអ៊ីរ៉ង់ និងកម្ពុជានៅកីឡដ្ឋាន Azadi ដែលផ្ទុកអ្នកទស្សនារហូតដល់៩០០០០នាក់នេះ។
ការប្រកួតនេះទៀតសោត ក៏ស្ថិតក្រោមការឃ្លាំមើលពីសំណាក់មន្ត្រីរបស់ FIFA ផងដែរដើម្បីធានាថាស្ត្រីអ៊ីរ៉ង់ត្រូវបានអនុញ្ញាតឲ្យចូលកីឡដ្ឋានស្របតាមបទបញ្ជារបស់ស្ថាប័នគ្រប់គ្រងកីឡាពិភពលោកនេះឬក៏អត់។
ក្រៅពីនេះ ក្រុមអ្នកគាំទ្រកម្ពុជា ក៏រង់ចាំមើលផងដែរសមត្ថភាព លោក Keisuke Honda លោក Felix Dalmas ក៏ដូចជាក្រុមជម្រើសជាតិទាំងមូលក្នុងការប្រកួតតទល់ជាមួយអ៊ីរ៉ង់ ដែលជាក្រុមលេខ១ប្រចាំតំបន់អាស៊ី៕
Tag:
World Cup
ជម្រើសជាតិ
អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com