កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
F1៖ កីឡាករជប៉ុន Yamamoto ក្លាយជាសមាជិកក្រុម Toro Rosso ជំនួស Gasly
× កីឡាករសញ្ជាតិជប៉ុន Naoki Yamamoto នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតប្រណាំងរថយន្ត Formula 1 ក្នុងនាមជាអ្នកបើកបរឲ្យក្រុម Toro Rosso នាទីលានប្រណាំងក្នុងស្រុកកំណើត Japan grand prix ចុងសប្តាហ៍នេះ។
Yamamoto វ័យ៣១ឆ្នាំ ដែលជាម្ចាស់ជើងឯកព្រឹត្តិការណ៍ប្រណាំងរថយន្ត Super Formula និង Super GT ស៊េរីរបស់ជប៉ុន នឹងទៅជំនួសកៅអីរថយន្តរបស់កីឡាករ Pierre Gasly វិញ សម្រាប់វគ្គសាកល្បងម៉ាស៊ីនលើកទី១ នៅថ្ងៃ១១ ខែតុលា។
អ្នកប្រណាំងសញ្ជាតិបារាំង Gasly ដែលមានវ័យ២៣ឆ្នាំ នឹងត្រឡប់ចូលរួមដៃគូជាមួយកីឡាករ Daniil Kvyat សម្រាប់ការប្រណាំងដណ្តើមពិន្ទុនៅទីលាន Suzuka ប្រទេសជប៉ុននេះ។
Yamamoto ទទួលបានការទុកចិត្តក្រុម Honda ដែលជាដៃគូ Toro Rosso និងមានម្ចាស់ជាជនជាតិជប៉ុនស្រាប់។
កាលនៅប្រណាំងក្នុងកម្មវិធី Super GT Yamamoto ក៏ធ្លាប់បានចាប់ដៃគូជាមួយម្ចាស់ជើងឯក F1 ឆ្នាំ២០០៩ សញ្ជាតិអង់គ្លេស Jenson Button ដែរ។ Button ធ្លាប់អះអាងកាលពីឆ្នាំមុនដែលថា Yamamoto មានទេពកោសល្យគ្រប់គ្រាន់ក្នុងការចូលរួមនៅ F1 នេះ។
«F1 ជាក្តីសុបិនរបស់ខ្ញុំតាំងពីខ្ញុំនៅក្មេងម្លេះ»។ នេះជាការបញ្ជាក់របស់ Yamamoto ដែលអះអាងថាខ្លួនចាប់អារម្មណ៍កីឡានេះតាំងពីរូបគេបានទស្សនាការប្រណាំងនៅ Suzuka ២៧ឆ្នាំមុន។
ក្រុម Toro Rosso បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី៦ក្នុងតារាងផ្នែកម៉ាស៊ីន ក្រោយឆ្លងកាត់ការប្រណាំ១៦លើកចុងក្រោយ ខណៈ Mercedes ឈរកំពូលតារាង។ ដោយឡែកចំណាត់ថ្នាក់កីឡករវិញ Pierre Gasly ស្ថិតនៅលេខរៀងទី៦ មាន៦៩ពិន្ទុ ហើយ Daniil Kvyat ស្ថិតនៅចំណាត់ថ្នាក់ទី១២ មាន៣៣ពិន្ទុ។ Lewis Hamilton ដែលបើកឲ្យ Mercedes នៅកំពូលតារាងមាន ៣២២ពិន្ទុ៕
Tag:
Formula 1
Naoki Yamamoto
© រក្សាសិទ្ធិដោយ thmeythmey.com