អន្តរជាតិ
ចិន​ប្រាប់​ឲ្យ​បារាំង​យោគយល់​បញ្ហា​ហុងកុង ព្រោះ​មាន​ពិសោធន៍​ជួប​បាតុកម្មហិង្សា​ដូចគ្នា
08, Oct 2019 , 11:34 am        
រូបភាព
ទិដ្ឋភាពបាតុកម្មនៅហុងកុង (ឆ្វេង) និងនៅបារាំង (ស្តាំ) ប្រភពរូប៖ AFP
ទិដ្ឋភាពបាតុកម្មនៅហុងកុង (ឆ្វេង) និងនៅបារាំង (ស្តាំ) ប្រភពរូប៖ AFP
ដោយ:
​ស្ថានទូត​ចិន​ប្រចាំ​ក្រុងប៉ារីស បាន​រិះគន់​ខ្លាំងៗ​លើ​ប្រតិកម្ម​របស់​សហភាព​អឺរ៉ុប​និង​បារាំង​ចំពោះ​បាតុកម្ម​ក្នុង​ទីក្រុង​ហុងកុង ដោយ​ហៅ​ជំហរ​នោះ​ថា​មាន​ចរិត​លាក់ពុត ។ ចិន​បាន​ប្រាប់​ឲ្យ​បារាំង​បង្ហាញ​ការយោគយល់ ដ្បិត​រដ្ឋាភិបាល​ក្រុងប៉ារីស​ក៏​ធ្លាប់​ជួបប្រទះ​បទពិសោធ​ការតវ៉ា​ហិង្សា​ដូចគ្នា​អ៊ីចឹង​ដែរ ហើយ​កាលណោះ ចិន​ក៏​បង្ហាញ​ការយល់​ចិត្ត​ដាក់​បារាំង​ដែរ​។



«​យើង សម្តែង​ការ​ទោមនស្ស​យ៉ាង​ជ្រាលជ្រៅ និង​ការមើលស្រាល​យ៉ាង​ធំធេង​ចំពោះ​អំពើ​ពុតត្បុត​ក្នុង​សេចក្តីថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប និង​ភាព​ខ្មៅ​ងងឹត​នៃ​ជំហរ [​ពួកគេ​] ពាក់ព័ន្ធ​សំណុំរឿង​ខ្លះ​របស់​ចិន​»​។ ស្ថានទូត​ចិន​ប្រចាំ​ក្រុងប៉ារីស បញ្ជាក់​បែបនេះ ក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន​នៅ​ថ្ងៃទី​៧ ខែតុលា​។​

​ស្ថានទូត​ចិន បញ្ជាក់ទៀតថា សហភាព​អឺរ៉ុប បាន​លើកតម្កើង​ជា​ចំហ​ចំពោះ​ការប្រើ​ហិង្សា​ពី​សំណាក់​ក្រុមបាតុករ ខណៈ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នេះ ឆាប់ៗ​ខាងមុខ នឹង​ឈាន​ចូលដល់​ខែ​ទី​ប្រាំ​ហើយ​នោះ​។ ម្យ៉ាងវិញទៀត សហភាព​អឺរ៉ុប (EU) ក៏​មើលងាយ​វិធានការ​ស្វ័យការពារ​របស់​ប៉ូលិស​ហុងកុង​ដើម្បី​ការពារ​ជីវិត​ពួកគេ​ប្រឆាំង​ក្រុមបាតុករ​ហិង្សា​ទាំងនោះ​។

​ដោយ​តម្រង់​មុខព្រួញ​ទៅរក​បារាំង ស្ថានទូត​ចិន​ប្រចាំ​ក្រុងប៉ារីស បាន​លើកឡើងថា បារាំង គួរ​បង្ហាញ​ការអនុគ្រោះ ព្រោះថា កម្លាំង​ប៉ូលិស​បារាំង ក៏​ធ្លាប់មាន​បទពិសោធ​ជាមួយ​បាតុកម្មហិង្សា ហើយក៏​ធ្លាប់​ទទួលរង​ការរិះគន់ និង​ការជេរប្រមាថ​ធ្ងន់ៗ ពី​ការបង្ក​គ្រោះ​ថ្នាល់​របស់​បាតុករ​ទាំងនោះ​។ ត្រង់នេះ ចិន ចង់​សំដៅលើ​ការតវ៉ា​រាប់​ខែ​របស់​ក្រុម «​អាវកាក់​លឿង​» ។

«​ក្នុង​កាលៈទេសៈ​ទាំងនេះ យើង​បានបង្ហាញ​ការយោគយល់​ចំពោះ​បារាំង​។ យើង​ចង់​ឲ្យ​បារាំង បង្ហាញ​អារម្មណ៍​ដូចគ្នានេះ​មកកាន់​យើង​»​។ ស្ថានទូត​ចិន បញ្ជាក់​បែបនេះ ដោយ​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​សូមបញ្ជាក់ថា ការចេញ​សេចក្តីថ្លែងការណ៍​រិះគន់​ដ៏​កម្រ​ពី​សំណាក់​ស្ថានទូត​ចិន​ប្រចាំ​ក្រុងប៉ារីស​នេះ ធ្វើឡើង​ក្រោយពី​ក្រសួងការបរទេស​បារាំង កាលពី​ថ្ងៃទី​៣ ខែតុលា​សប្តាហ៍​មុន បង្ហាញ​ជំហរ​គាំទ្រ​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញ​ដោយ​សហភាព​អឺរ៉ុប ឆ្លើយតប​នឹង​ការបាញ់​កាំភ្លើង​គ្រាប់​ពិត​របស់​ប៉ូលិស​លើ​បាតុករ​។ សេចក្តីថ្លែងការណ៍​រប​ស់ EU នេះ បានស្នើ​ឲ្យ​អាជ្ញាធរ​ហុងកុង​បង្ហាញ​ការអត់ធ្មត់ និង​ប្រើ​ចំណាត់ការ​ផ្សេងទៀត​ដើម្បី​ទប់ទល់​នឹង​ក្រុមបាតុករ ហើយ​គួរផ្តោត​សំខាន់​លើ​កិច្ចសន្ទនា​នយោបាយ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​៕

Tag:
 ចិន​
  បារាំង​
  EU
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com