ជាតិ
West Point៖ កម្មវិធីសម្រាប់សិស្សទាហានបរទេសដំណើរការតាំងពីឆ្នាំ១៨៨៩មក លោក ហ៊ុន ម៉ាណែត ពេលទទួលសញ្ញាបត្រពីសាលាយោធា West Point កាលពីឆ្នាំ១៩៩៩។ ហ្វេសប៊ុក Hun Manet
× កម្រិតសញ្ញាបត្ររបស់សិស្សទាហានខ្មែរពីសាលាយោធាអាមេរិក U.S. Military Academy, West Point បានក្លាយជាការឌឺដងដាក់គ្នានារយៈពេលចុងក្រោយនេះ ពោលគឺបន្ទាប់ពី លោក សម រង្ស៊ី អតីតមេបក្សប្រឆាំងបានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅសហរដ្ឋអាមេរិកថា សញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត គឺត្រូវបានផ្តល់ឲ្យជាលក្ខណៈបែបការទូត ដោយមិនមានតម្លៃឡើយ។ ឆ្លើយតបមកកាន់សារព័ត៌មាន ThmeyThmey តាមរយៈអ៊ីម៉ែល សាលា West Point បានអះអាងថា កម្មវិធីសិស្សនាយទាហានអន្តរជាតិ បានចាប់ដំណើរការតាំងពីឆ្នាំ១៨៨៩មក ដោយលក្ខន្តិកៈនៃការជ្រើសរើសឲ្យចូលរៀន មិនមានលក្ខណៈខុសប្លែកពីសិស្សអាមេរិកនោះឡើយ។
តាមកំណត់ត្រាដោយគិតត្រឹមឆ្នាំ២០១៥ កូនខ្មែរចំនួន៣នាក់ហើយ ដែលទទួលបានសញ្ញាបត្រពីសាលាយោធា West Point របស់សហរដ្ឋអាមេរិក។ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ទទួលបានកាលពីខែឧសភា ឆ្នាំ១៩៩៩ លោកស្រី មៀច សិទ្ធិកា ទទួលបានកាលពីឆ្នាំ២០១១ និងលោក មៀច ចឺរី សូវិសាល ទទួលបាននៅឆ្នាំ២០១៤ លើជំនាញផ្នែកវិទ្យាសាស្ត្រ។
ពីទីក្រុងញូវយ៉ក តំណាងសាលា West Point លោកស្រី Cheryl Bounjnida ប្រធានផ្នែកទំនាក់ទំនងសារព័ត៌មាន ក៏ដូចជាលោក Christopher Ophardt ប្រធានផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនង បានអះអាងប្រាប់សារព័ត៌មាន ThmeyThmey ថា លក្ខខណ្ឌទាំងឡាយដែលតម្រូវសម្រាប់បេក្ខភាពបរទេស គឺដូចជាលក្ខខណ្ឌរបស់ជនជាតិអាមេរិកទាំងអស់ផងដែរ។
មន្ត្រីសាលា West Point បានបញ្ជាក់ថា កម្មវិធីសិស្សនាយទាហានអន្តរជាតិ (International Cadet Program) ចាប់ដំណើរការតាំងពីឆ្នាំ១៨៨៩មកម្ល៉េះ។ ក្រសួងការបរទេស និងក្រសួងការពារជាតិអាមេរិក បានផ្តួចផ្តើមកម្មវិធីនេះឡើង ដើម្បីផ្តល់ឱកាសដល់និស្សិតបរទេសប្រមាណ៦០នាក់ សិក្សារយៈពេល៤ឆ្នាំ លើជំនាញវិទ្យាសាស្ត្រ និងការបំពេញកាតាព្វកិច្ចយោធា ដូចជាក្រុមយុវជនអាមេរិកយ៉ាងដូច្នោះដែរ។
កម្មវិធីសិស្សនាយទាហានអន្តរជាតិ មានគោលដៅពង្រឹងទំនាក់ទំនងកាន់តែប្រសើរឡើងរវាងសម្ព័ន្ធ និងដៃគូទាំងអស់របស់សហរដ្ឋអាមេរិក ដើម្បីឲ្យរាល់បណ្តាអ្នកដែលបញ្ចប់ការសិក្សាទាំងអស់ វិលត្រឡប់ទៅមាតុភូមិវិញ ដើម្បីបម្រើការផ្នែកកងទ័ព ឬរដ្ឋាភិបាលរបស់ខ្លួន។
ការឆ្លើយឆ្លងគ្នាលើគុណភាពសញ្ញាបត្រនេះ កើតឡើង បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយទៅកាន់ក្រុមអ្នកគាំទ្រខ្លួននៅអាមេរិក កាលពីថ្ងៃទី២៨ ខែកញ្ញាថា សញ្ញាបត្រនៅសាលាល្បីៗរបស់អាមេរិក ក៏ដូចជាបារាំង មានពីរប្រភេទ ដែលក្នុងនោះ មានប្រភេទបែបការទូត ដែលផ្តល់ឲ្យកូនចៅមេដឹកនាំប្រទេសដទៃ ទោះបីមិនបានរៀនជាប់លាប់ ឬប្រឡងក៏ដូច។
ការលើកឡើងរបស់លោក សម រង្ស៊ី បានរងនូវប្រតិកម្មតបតវិញយ៉ាងខ្លាំង ជាពិសេសពីសំណាក់លោក ហ៊ុន ម៉ាណែត និងសិស្សផ្សេងទៀតដែលរៀនចប់នៅសាលា West Point ក៏ដូចជានៅសាលាបរទេសផ្សេងទៀត៕
Tag:
West Point
យោធា
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com