អន្តរជាតិ
កូរ៉េខាងជើង គំរាម​អាមេរិក​និង​អឺរ៉ុប​ដែល​កោះប្រជុំ​បន្ទាន់​រឿង​បាញ់​មី​ស៊ី​ល​របស់ខ្លួន​
08, Oct 2019 , 9:19 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​៧​ខែតុលា បាន​គំរាម​សហរដ្ឋអាមេរិក អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ដែល​បាន​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ពាក់ព័ន្ធ​ការសាកល្បង​មី​ស៊ី​ល​របស់ខ្លួន​នាពេល​ថ្មីៗ​នេះ​។ តំណាង​កូរ៉េខាងជើង​អះអាងថា ការធ្វើ​បែបនេះ គឺ​នឹង​ជំរុញ​ឲ្យ​កូរ៉េខាងជើង​ពង្រឹង​ការការពារ​អធិបតេយ្យភាព​របស់ខ្លួន​កាន់តែខ្លាំង​ថែមទៀត​។​



​សមាជិក​ទាំង​១៥ នៃ​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ នឹងត្រូវ​បើក​កិច្ចប្រជុំ​បិទទ្វារ​មួយ​នៅ​ថ្ងៃទី​៨​ខែតុលា ដោយ​ជជែក​ពី​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ កិច្ចប្រជុំ​ត្រូវបាន​ស្នើឡើង​ដោយ​អាល្លឺម៉ង់ និង​គាំទ្រ​ដោយ​អង់គ្លេស និង​បារាំង បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចេញពី​នាវាមុជទឹក (SLBM) ប្រភេទ​ថ្មី Pukguksong3 កាលពី​អាទិត្យ​មុន​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង គីម សុង ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​យើង​ដឹង​ច្បាស់​ថា សហរដ្ឋអាមេរិក​ស្ថិតនៅ​ពីក្រោយ​ការស្នើ​របស់​អាល្លឺម៉ង់ អង់គ្លេស និង​បារាំង​នេះ​។ អាមេរិក​និង​សម្ព័ន្ធមិត្ត​ត្រូវ​ដឹងថា បើ​លើកឡើង​ពី​បញ្ហា​ស្តីពី​ការការពារ​ខ្លួន​របស់​យើង​ក្នុង​អង្គការសហប្រជាជាតិ​ក្នុង​ពេលនេះ វា​នឹង​ជំរុញ​ឲ្យ​យើង​ពង្រឹង​ការការពារ​អធិបតេយ្យភាព​ថែមទៀត​»​។​

​យ៉ាងណាមិញ លោក គីម សុង អះអាងថា ការពង្រឹង​ការការពារ​ខ្លួន​នេះ មិន​សំដៅលើ​ការសាកល្បង​មី​ស៊ី​ល​កាន់តែច្រើន​ឡើយ​។ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា​៖ «​សូម​រង់ចាំ​មើល​ដោយ​ប្រុង​ប្រ​យ​ត្ន័ ថា​យើង​នឹងធ្វើ​អ្វី​នៅពេល​ខាងមុខ​»​។​

​ងាក​ទៅ​រឿង​កិច្ចប្រជុំ​បិទទ្វារ​ក្រុមប្រឹក្សាសន្តិសុខ​វិញ អង់គ្លេស បារាំង និង​អាល្លឺម៉ង់ យល់ថា ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ជាការ​បំពាន​លើ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ដែល​ហាម​កូរ៉េខាងជើង​ពី​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​។​

​ជំនួប​នៅ​បុរី​ញូវយ៉ក ក៏​ធ្វើឡើង​ក្រោយ ជំនួប​រវាង​អាមេរិក​និង​កូរ៉េខាងជើង​នៅ​ស៊ុយអែត​ត្រូវបាន​ផ្អាក បន្ទាប់ពី​កូរ៉េខាងជើង​បាន​ដើរ​ចេញពី​កិច្ច​ជំនួប​នេះ​ទាំង​មិនទាន់បាន​ផ្លែផ្កា​អ្វីមួយ​នៅឡើយ​។ កូរ៉េខាងជើង​បាន​ស្តីបន្ទោស​អាមេរិក​ពី​ការមិន​លើកយក​ដំណោះស្រាយ​ថ្មី​មក​និយាយ ហើយ​បន្ត​គំរាម​អាមេរិក​ថា​នឹង​បញ្ចប់​ការចរចា​ន​នៅត្រឹម​ចុងឆ្នាំ​នេះ​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com