ពីនេះ ពីនោះ
«ចាំ, ប្រចាំ និងបញ្ចាំ» មានន័យខុសគ្នាដូចម្តេច?
× «ចាំ»មានន័យថា មិនភ្លេច,កត់ជាប់ក្នុងសា្មរតី ឬក្នុងការនឹកឃើញមិនដែលភ្លេចភ្លាំង។ «ប្រចាំ»រង់ចាំឲ្យគេធ្វើទើបខ្លួនធ្វើដែរ ឬដែលទុកបម្រុងរង់ចាំជានិច្ច។ ចំណែក«បញ្ចាំ» មានន័យថាដាក់ទ្រព្យរបស់អ្វីមួយទុកជាភ័ស្តុតាង ហើយយកប្រាក់មិនដល់នឹងថ្លៃទ្រព្យរបស់នោះ ដោយបម្រុងនឹងលោះយកវិញ។
វចនានុក្រមខ្មែររបស់ជួនបញ្ជាក់ថា ពាក្យ «ចាំ»មានន័យច្រើនបែប។ «ចាំ»សំដៅលើ ការនឹកឃើញមិនដែលភ្លេច។ ឧទាហរណ៍៖ ចាំធម៌,ចាំច្បាប់,ចាំមេរៀន។ «ចាំ»សំដៅលើ ការរង់ ឬបង្អង់នៅ មិនទៅណា។ ឧទាហរណ៍៖ ចាំខ្ញុំផង ខ្ញុំទៅដែរ,កុំអាលទៅណា ចាំខ្ញុំផង។ «ចាំ»សំដៅលើការមើលថែរក្សា។ ឧទាហរណ៍៖ ចាំផ្ទះ,ចាំចម្ការ។ «ចាំ»សំដៅលើការមានចិត្តប្រតិព័ទ្ធកួចកាន់ជានិច្ច។ ឧទាហរណ៍៖ ចាំចិត្ត(ចំពោះតែសេ្នហាមួយយ៉ាងប៉ុណ្ណោះ)។ «ចាំ»សំដៅលើការចាំជើង ដើរ ឬហូរ,បោល មិនល្អៀងឃ្លៀង ឃ្លាតអំពីការបង្ហាត់។ ឧទាហរណ៍៖ គោរដើរចាំជើង,សេះលុនចាំជើង។ អ្នកស្រុកតែងប្រើពាក្យ ចាំជើង ចំពោះសត្វដែលឡើងពាក់លើគ្នា ដោយមេថុនសេវនកិច្ចថា គោចាំជើង,សេះចាំជើង ជាដើម។
ពាក្យ«ប្រចាំ»ជាកិរិយាសព្ទ មានន័យថា រង់ចាំឲ្យគេធ្វើមុនទើបខ្លួនធ្វើតាមដែរ។ ឧទាហរណ៍៖ ខំធ្វើការទៅកុំប្រចាំគ្នា។ «ប្រចាំ»ជាគុណនាម មានន័យថា ដែលទុកបម្រុងរង់ចាំជានិច្ច សម្រាប់រង្វាន់ប្រចាំខែ,រង្វាន់ប្រចាំឆ្នាំ។
ពាក្យ«បញ្ចាំ»ជាកិរិយាសព្ទ ឯនេះវិញ មានន័យថា ដាក់ទ្រព្យរបស់អ្វីមួយទុកជាភ័ស្តុតាង ដើម្បីយកប្រាក់ដែលមិនមានតម្លៃដល់ទ្រព្យនោះ និងមានការលោះយកទ្រព្យនោះមកវិញ។ ឧទាហរណ៍៖ បញ្ចាំស្រែ,បញ្ចាំចិញ្ចៀន,បញ្ចាំចិត្ត(ជូន ឬឲ្យទ្រព្យរបស់អ្វីមួយជាភ័ស្តុតាងឲ្យចាំចិត្តកុំឲ្យងាកបែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com