អន្តរជាតិ
ទោះឥណ្ឌូណេស៊ីរើរដ្ឋធានី, ហ្សាការតា នៅតែជាទីស្នាក់ការអាស៊ានដដែល អគ្គលេខាធិការអាស៊ាន Lim Jock Hoi ។ រូបភាព AFP
×
ដោយ៖ ឈួន ឈីវអ៊ីង
បើទោះបីជាប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងផ្លាស់ប្តូររដ្ឋធានីពីចាកាតាទៅកាលីម៉ាន់តាន់ក្តី ទីស្នាក់ការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅតែស្ថិតក្នុងទីក្រុងហ្សាការតាដដែល។ នេះបើតាមការលើកឡើងរបស់អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi ។
ថ្លែងនៅក្នុងវេទិកាតុមូលរបស់អ្នកនិពន្ធនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នៅថ្ងៃទី៦ ខែតុលា អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi លើកឡើងថា ឥណ្ឌូណេស៊ីនឹងត្រូវផ្លាស់ប្តូររដ្ឋធានីទៅកោះប័រណេអូ ប៉ុន្តែអគ្គលេខាធិការដ្ឋានអាស៊ាន នឹងមិនត្រូវបានផ្លាស់ប្តូរទីតាំងទៅដែរនោះទេ ព្រោះទើបតែសាងសង់អគារថ្មីរួច ហើយគេជឿជាក់ថា ហ្សាការតានឹងក្លាយជារដ្ឋធានីរបស់អាស៊ាន។ នេះបើតាមការផ្សាយរបស់កាសែតឥណ្ឌូណេស៊ី The Jakarta Post ។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ធ្លាប់បានប្រកាសជាផ្លូវការថា តំបន់ពីរដែលស្ថិតនៅភាគខាងកើតនៃកោះកាលីម៉ាន់តាន់ គឺNorth Penajam Paser និង Kutai Kertanegara នឹងក្លាយជាទឹកដីរដ្ឋធានីថ្មី។ ការធ្វើបែបនេះ គឺមានគោលបំណងជួយឲ្យការអភិវឌ្ឍន៍មានភាពស្មើគ្នាពាសពេញផ្ទៃប្រទេស និងជួយបន្ធូរសម្ពាធក្នុងរដ្ឋធានីហ្សាការតា។ រដ្ឋធានីថ្មី គឺជាទីតាំងរដ្ឋបាល ខណៈហ្សាការតា នៅតែជាតំបន់ពាណិជ្ជកម្ម និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដដែល។
ការប្រកាសរបស់ប្រមុខលេខាធិការដ្ឋានអាស៊ានធ្វើឡើង ក្រោយអាស៊ានមានអាគារធ្វើការថ្មីសម្រាប់លេខាធិការដ្ឋានរបស់ខ្លួននៅទីក្រុងហ្សាការតា។ អគារថ្មីត្រូវបានសាងសង់នៅជាប់អគារចាស់ក្រោមជំនួយរបស់ឥណ្ឌូណេស៊ី។
អគារថ្មីនេះមាន ១៦ជាន់ ដែលចំណាយអស់ទឹកប្រាក់ប្រហែល ៥រយពាន់លានរូពី ឬប្រហែលជាជាង ៣៧លានដុល្លាអាមេរិក។ អគារថ្មីនេះមានបន្ទប់ប្រជុំទាំងអស់ ៣០បន្ទប់ និងប្រទេសជាសមាជិកអាស៊ានមានបន្ទប់ផ្ទាល់ខ្លួនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com