ONE Championship
ជាតិ
ឡុង ឡា ថា​គេ​លើស​២​គីឡូ​ទើប​ចាញ់​នៅ​សង្វៀន ONE WARRIOR SERIE ក្រុង​តូ​ក្យូ​
08, Oct 2019 , 10:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​អ្នកលេង​គុន​ចម្រុះ ឡុង ឡា  ដែល​ប្រកួត​តំណាង​ឲ្យ​ក្លិប Cambodian Top Team រង​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​ម្ចាស់ផ្ទះ​ជប៉ុន Asuka Tsubaki នៅត្រឹម​ទឹក​ទី​២ ដោយ​ក្បាច់​ឃ្លេ​ពីលើ កាល​ថ្ងៃទី ៥ តុលា នា​ក្រុង​តូ​ក្យូ​។ តើ​កីឡាករ ឡុង ឡា ថ្លែង​បែបណា​ហើយ រៀបចំ​គម្រោង​យ៉ាងដូចម្ដេច​ទៀត​នា​ប្រកួត​បន្ទាប់​?



ONE៖ តើ​មាន​អារម្មណ៍​ភ័យខ្លាច ឬ​យ៉ាងណាដែរ​ពេល​ឡើង​សង្វៀន ONE Warrior Series លើកដំបូង ហើយ​នៅមុខ​អ្នកគាំទ្រ​ច្រើន​ទៀត​?

​ឡុង ឡា​៖ ខ្ញុំ​អាច​ទប់​អារម្មណ៍​បាន​ពេល​ប្រកួត​ទល់នឹង  Asuka Tsubaki ព្រោះ​ធ្លាប់មាន​បទពិសោធន៍​ប្រកួត​នៅ​ថៃ​ក្នុង​ការប្រកួត​គុន​ចម្រុះ​ដែរ​។ ប៉ុន្តែ​អ្វីដែល​ប្លែក​នៅ​សង្វៀន​ធំ​បែបនេះ ខ្ញុំ​ក៏មាន​អារម្មណ៍​ភ័យ​ខ្លះ​ដែរ ហើយ​នៅមុខ​អ្នកគាំទ្រ​ជប៉ុន​ជាច្រើន​ទៀត​ពេល​បង្ហាញខ្លួន​លើកដំបូង​របស់ខ្ញុំ​។

ONE៖ ទឹក​ទី​១ ធ្វើបាន​ល្អ​ពោល ឡុង ឡា មិន​ឲ្យ Asuka ចូលចាប់​បាន​និង​វ៉ៃ​ប្រយោល តើ​ហេតុអ្វី​បាន​ទឹក​ទី​២ គេ​អាច​ចូលចាប់ និង​រើ​លែងរួច​តែម្ដង​?



​ឡុង ឡា​៖ បាទ​! ទឹក​ទី​១ ខ្ញុំ​នៅមាន​កម្លាំង​ស៊ុ​ហ្វ​ល្អ​ណាស់ ហើយ​ខ្ញុំ​ចង់​បុក​គេ​ដើម្បី​យកឈ្នះ​ចុង​ទឹក​ទី​១ ទៀតផង ប៉ុន្តែ​មិនអាច​ធ្វើបាន​ដោយ​ប្រើ​ក្បាច់គុន​ខ្មែរ​។ ពេល​ចូលដល់​ទឹក​ទី​២ ខ្ញុំ​អស់កម្លាំង​ស៊ុ​ហ្វ​ខ្លះ ដែល​មិន​ទាច​ទប់ Asuka បាន ហើយ​កម្លាំង​គេ​ល្អ​ជាង​។ ពេល​គេ​ចូលចាប់ ហើយ​កម្លាំង​របស់គេ​នៅ​ល្អ​ជាង​ខ្ញុំ ទើប​ខ្ញុំ​មិនអាច​រើ​បម្រាស​បាន​រហូតដល់​ចាញ់​តែម្ដង​។ កាលណា​កម្លាំង​អន់​ជាងគេ គឺ ពិបាក​ដោះ​ឃ្លេ​របស់គេ​ចេញ​ណាស់​។

ONE៖ តើ​មាន​ផល​លំបាក​អ្វីខ្លះ​ពេល​បរាជ័យ​ក្រោម​ថ្វីដៃ Asuka?

​ឡុង ឡា​៖ ការពិត​! ការធ្វើដំណើរ​ហូបចុក​អី​អត់​មាន​បញ្ហា​ទេ​។ ប៉ុន្តែ គីឡូ​ខុសគ្នា​ទើប​ជា​រឿង​ដែល​ពិបាក​ទប់​។ ក្នុងការ​ប្រកួត​ទម្ងន់ Featherweight នេះ​ពេល​ថ្លឹង​គីឡូ​ទៅ ខ្ញុំ​មាន​ទម្ងន់ ៦៣ គីឡូក្រាម ប៉ុន្តែ Asuka លើស​ខ្ញុំ​ដល់ ២ គីឡូក្រាម​។ ដូច្នេះ​គីឡូ​ចាញ់​គេ កម្លាំង​យើង​ពិបាក​ទប់​ជាមួយ​គេ ។ មួយវិញទៀត ខ្ញុំ​ក៏​ហ្វឹកហាត់​ក្បាច់គុន​ចម្រុះ (MMA) បាន​តិច​ប្រហែលជា ៣ សប្ដាហ៍​មុន​ចេញទៅ​ប្រកួត​នៅ​សង្វៀន OWS ទោះ​ខ្ញុំ​ធ្លាប់​ហ្វឹកហាត់​ពីមុន​ក្ដី​។

ONE៖ ក្រោយ​បរាជ័យ តើ ឡុង ឡា នឹង​រៀបចំ​ផែនការ​បែបណា បើសិន​មានការ​ប្រកួត​គុន​ចម្រុះ​នាពេល​បន្ទាប់​?

​ឡុង ឡា​៖ ខ្ញុំ​ទទួលដំណឹង​ថា លោក ហ៊ុន ច័ន្ទ​រាជ្យ នឹង​ស្វែងរក​ការចាប់​គូប្រកួត​គុន​ចម្រុះ​នៅ​ថៃ​ជា​បន្តទៀត​។ ដូច្នេះ​ខ្ញុំ​ត្រូវ​ហ្វឹកហាត់ ក្បាច់​ប្រដាល់​គុន​ខ្មែរ​ផង និង ក្បាច់គុន MMA ផង​ជាប្រចាំ​រាល់ថ្ងៃ​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សៅរ៍ ដើម្បី​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការទទួល​ប្រកួត​លើក​ក្រោយ​។ ខ្ញុំ​ដឹងថា ខ្ញុំ​ចាញ់​ក្បាច់គុន​ចម្រុះ​គេ​លើក​នេះ ដូច្នេះ​ត្រូវតែ​ធ្វើ​ឲ្យ​ល្អប្រសើរ​នៅ​ប្រកួត​បន្ទាប់​មិន​ថា​គុន​ចម្រុះ​នៅ​ថៃ ឬ សង្វៀន OWS​។

ONE: CENTURY ជាការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភពលោក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ហើយ​មាន​គូប្រកួត​ជើងឯក​ពិភពលោក ប៉ះ​ជើងឯក​ពិភពលោក​។​

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY  នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​។


© រក្សាសិទ្ធិដោយ thmeythmey.com