ជាតិ
វីដេអូ
វ័យ៧១ឆ្នាំលោកយាយ សូ ឡុត ប្រឹងចែវទូកដឹកភ្ញៀវ ដើម្បីបានប្រាក់ចិញ្ចឹមប្តី និងទុកធ្វើបុណ្យ
× សៀមរាប៖ វ័យ៧១ឆ្នាំលោកយាយ សូ ឡុត ប្រឹងចែវទូកដឹកភ្ញៀវ ដើម្បីបានប្រាក់ចិញ្ចឹមប្តី និងទុកធ្វើបុណ្យ សម្រាប់ដំណើរជីវិតចុងក្រោយ។
៥ឆ្នាំហើយ ដែលលោកយាយ សូ ឡុត ប្រកបរបរចែវទូកដឹកភ្ញៀវកម្សាន្តនៅក្នុងព្រៃគុប នៃសហគមន៍កំពង់ភ្លុក ក្នុងស្រុកបាគង ខេត្តសៀមរាប។ ភ្ញៀវទេសចរ ដែលបានជិះទូកកម្សាន្ត ក្រោមដើមគល់រាំង និងដើមទោល មានភាពស្រស់ស្រាយចំពោះទេសភាពទីនោះ ប៉ុន្តែជីវិតស្ត្រីចែវទូកវ័យ៧១ឆ្នាំរូបនេះវិញ គ្មានភាពរីករាយឡើយ។ មានសប្បុរខ្មៅ ស្បែកជ្រីវជ្រួញ មាឌតូច លោក សូ ឡូត ត្រូវប្រើកម្លាំងចែវទូកដឹកភ្ញៀវកម្សាន្ត ជាថ្នូរនឹងទឹកប្រាក់ពី៨០០០រៀល ទៅជាង១ម៉ឹនរៀលក្នុងមួយថ្ងៃ ដើម្បីយកទៅចិញ្ចឹមប្តីពិការភាព និងទុកប្រាក់ខ្លះ យកទៅធ្វើបុណ្យ សម្រាប់ដំណើរជីវិតចុងក្រោយ។
«ជីវភាពខ្ញុំ មិនបានរកអីទេ គឺខ្ញុំសុំសីលហើយ ហើយប្តីពិការអត់បានរកអីទេ ។(ហើយ)បានតែអុំទូកនេះឯង (យកលុយ)ធ្វើបុណ្យ ធ្វើទាន ចាយវាយសម្រាប់ថ្នាំសង្កូវ»។ នេះជាការបញ្ជាក់របស់លោកយាយ ឡុត ដែលបានបន្ថែមថា លោកយាយអាចចែវទូកដឹកភ្ញៀវ បានចំនួន១ជើង ទៅ២ជើងក្នុងមួយថ្ងៃ។
មែនទែនទៅលោកយាយ ឡុត ក៏មានកូន៤នាក់ ដែលមានគ្រួសាររៀងៗខ្លួនដែរ។ ប៉ុន្តែលោកយាយ និងប្តី មិនចង់ពឹងផ្អែកលើកូនៗខ្លួននោះ ដោយសារតែឃើញកូនៗសុទ្ធតែមានជីវភាពលំបាក។«ចេះតែប្ដូរ(ប្រើកម្លាំងចែវទូកកម្សាន្ត ដើម្បីចិញ្ចឹម)ទៅណា ។ បើមិនប្តូរទៅ មានកូនចៅណារកចិញ្ចឹម ព្រោះនៅតែយាយនិងតា(ប្តី) តាពិការដៃ ពិការជើង(ជំងឺលើសឈាម) ស្ពឹកដៃមួយចំហៀង ជើងមួយចំហៀង នៅតែផ្ទះធ្វើអ្វីកើត»។ នេះជាការបញ្ជាក់របស់ស្ត្រីវ័យ៧១ឆ្នាំ ដែលបន្តថា នៅពេលខ្លះលោកយាយ ក៏មិនអាចមានកម្លាំងអុំទូកដឹកភ្ញៀវបានដែរ ដោយសារបញ្ហាជំងឺ។
ក្រៅពីរបរអុំទូកដឹកភ្ញៀវកម្សាន្ត នៅខែវស្សា ស្ត្រីចំណាស់រូបនេះ មិនមានប្រកបរបរអ្វីផ្សេងទេនារដូវប្រាំង ពោលគឺលោកយាយរស់នៅ ដោយពឹងអាស្រ័យសណ្ដានចិត្តសប្បុរសរបស់ញាតិមិត្ត បងប្អូន រួមទាំងកូនៗបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីដោះស្រាយជីវភាព។ លោកយាយ ឡុត នៅតែបន្តចែវទូកដឹកភ្ញៀវកម្សាន្តនេះទៀត លុះត្រាតែកម្លាំងលែងមាន។ «មិនដឹងថា (ខ្ញុំ)បន្តដល់ពេលណាទេ ទាល់តែកម្លាំងទៅមិនរួច បានឈប់(អុំទូកដឹកភ្ញៀវកម្សាន្ត)។ នេះជាការបញ្ជាក់របស់លោកយាយ សូ ឡុត៕
Tag:
សូ ឡុត
កំពង់ភ្លុក
© រក្សាសិទ្ធិដោយ thmeythmey.com