FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​៖ ការកំណត់​ចំនួន​ស្ត្រី​អ៊ីរ៉ង់​ចូល​កីឡដ្ឋាន​ជាការ​រើសអើង​...
08, Oct 2019 , 5:33 pm        
រូបភាព
​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស (Human Rights Watch) យល់ឃើញថា ផែនការ​របស់​អ៊ីរ៉ង់​ដើម្បី​កំណត់​ចំនួន​ស្ត្រី​អាច​ចូលរួម​ទស្សនា​ក្នុងការ​ប្រកួត​កីឡាបាល់ទាត់​បុរស​នៃ​ជំនួប​វគ្គ​ជម្រុះ FIFA World Cup 2020 នៅ​ក្រុង​តេ​ហេ​រ៉ង់​ជាការ​បោក​បញ្ឆោត រើសអើង និង​ជា​គ្រោះថ្នាក់​សម្រាប់​ស្ត្រី​ដដែល​។​



អត្ថបទទាក់ទង

​ទីភ្នាក់ងារ​ព័ត៌មាន​និស្សិត​អ៊ីរ៉ង់ (ISNA) ប៉ាន់​ស្មានថា​សំបុត្រ​ជាង​៣៥០០​សន្លឹក​ត្រូវបាន​ក្រុម​ស្ត្រី​អ៊ីរ៉ង់​ទិញ​រួច​អស់ហើយ​ដើម្បី​មើល​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ ទល់​កម្ពុជា នៅ​ថ្ងៃទី​១០ ខែតុលា នា​កីឡដ្ឋាន Azadi​។ នេះ​ជា​សំបុត្រ​ស្របច្បាប់​សម្រាប់​ស្ត្រី​អ៊ីរ៉ង់​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់ពី​ជាប់​បម្រាម​រយៈពេល​ជិត​៤០​ឆ្នាំ​មក​។

​កាលពី​ថ្ងៃទី​២២ កញ្ញា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) លោក Gianni Infantino ប្រកាសថា​ស្ត្រី​អ៊ីរ៉ង់​បានអនុញ្ញាត​ឲ្យ​ចូល​មើល​ការប្រកួត​ក្រុម​បុរស​ដោយ​សេរី​ក្នុងជំនួប​វគ្គ​ជម្រុះ​ជុំ​ទី​២​នៃ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​កាតា រួមទាំង​ការប្រកួត​ផ្សេងៗ​ទៀត​។ ការប្រកាស​នេះ កើតឡើង​បន្ទាប់ពី​អ្នកគាំទ្រ​ស្ត្រី​អ៊ីរ៉ង់​ម្នាក់​នាង Sahar Khodayari ដុត​សម្លាប់ខ្លួន​នៅមុខ​តុលាការ ដ្បិត​នាង​ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៦​ខែ ពីបទ​ព្យាយាម​ចូល​កីឡដ្ឋាន​ដោយ​បន្លំ​ខ្លួន​ស្លៀកពាក់​ជា​បុរស​។​

​យ៉ាងណាក៏ដោយ បើទោះជា​មានការ​ជំរុញ​ពី FIFA ក្តី ប៉ុន្តែ​ខាង​ភាគី​អាជ្ញាធរ​អ៊ីរ៉ង់​នៅ​មិនទាន់​បើកទូលាយ​សម្រាប់​ស្ត្រី​នៅឡើយ​ទេ ដោយ​ពួកគេ​កំណត់​ចំនួន​ស្ត្រី​ចូល​កីឡដ្ឋាន​ត្រឹមតែ ៤៦០០​នាក់​ប៉ុណ្ណោះ ខណៈ​កីឡដ្ឋាន Azadi អាច​ផ្ទុក​អ្នកទស្សនា​ផ្ទាល់​រហូតដល់​ទៅ ៩០០០០​នាក់​។​

​មានការ​អនុ​ញ្ជា​តិ​ពី​សំណាក់​អាជ្ញាធរ​អ៊ីរ៉ង់​មែន​តែ​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​បង្ហាញ​ក្តីបារម្ភ​ខ្លាំង ជុំវិញ​សិទ្ធិ​របស់​ស្ត្រី​ក្នុង​វិស័យ​បាល់ទាត់​ក្នុងប្រទេស​កាន់សាសនា​ឥស្លាម​មួយ​នេះ​។​
​ស្ត្រី​អ៊ីរ៉ង់​ពីររូប​ដែល​ធ្លាប់​បានធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​ការហាម​ប្រាម​ចូល​កីឡដ្ឋាន បាន​ប្រាប់​អង្គការ​សិ​ទិ្ធ​មនុស្ស​មួយ​នេះ​អំពី​ឧបសគ្គ​ជាក់ស្តែង​និង​គ្រោះថ្នាក់​សម្រាប់​ស្ត្រី​។​

​សកម្មជន​ស្ត្រី​ម្នាក់​មកពី​ក្រុម OpenStadiums (​ក្រុម​ទាមទារ​ឲ្យ​ផ្តល់​សិទ្ធិ​ចូល​កីឡដ្ឋាន​) ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​ការពារ​សុវត្ថិភាព​ខ្លួន​និយាយថា​៖«​យើង​អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​។ ស្ត្រី​ដែល​ពាក់​ពុកចង្ការ​បន្លំ​ខ្លួន​មិនមែនជា​សកម្មជន​ទេ​។ ពួកគេ​គឺជា​អ្នកគាំទ្រ​ដែល​គ្រាន់តែ​ចង់​ចូលរួម​ទស្សនា​ការប្រកួត​ប៉ុណ្ណោះ​។ បើ​ពួកគេ​បញ្ជូន​អ្នក​ទៅ​ពន្ធនាគារ​គឺ​ទោស​អ្នក​ស្មើនឹង​ឧក្រិដ្ឋជន ដែល​អ្នក​គ្រាន់តែ​ចូល​មើល​ប្រកួត​បាល់ទាត់​នោះ​។ មិន​ត្រឹម​ប៉ុណ្ណោះ ទោស​មួយ​នេះ​នឹង​ធ្វើបាប​អ្នកមួយ​ជីវិត ពោលគឺ​នៅពេល​អ្នក​ដាក់​សុំ​ការងារ​ធ្វើ គឺ​គេ​មិន​ទទួលយក​អ្នក​ឡើយ​»​។​

Human Rights Watch បានផ្តល់​យោបល់​ទៅកាន់ FIFA ថា​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​មួយ​នេះ គួរប្រើ​ឥទ្ធិពល​ខ្លួន​ទៅកាន់​អាជ្ញាធរ​អ៊ីរ៉ង់​ដើម្បី​ដាក់​កំហិត​ឲ្យ​ពួកគេ​លុបចោល​ការកំណត់​ចំនួន​ស្ត្រី​ចូល​កីឡដ្ឋាន​ដែលជា​ការរើសអើង​មួយ ហើយ​អនុញ្ញាត​ឲ្យ​ស្ត្រី​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ទាំងអស់​ដែល​ចង់​ចូលរួម​មើល​ការប្រកួត​បាល់ទាត់​អាចមាន​សិទ្ធិ​គ្រប់គ្នា​៕

Tag:
 World Cup
  Human Rights Watch
  អ៊ីរ៉ង់​
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com