ជាតិ
សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រី​កម្ពុជា ប្រាប់​ប្រតិភូ​ចិន​ថា សម្ដេច​និង​ថ្នាក់ដឹកនាំ​ចិន បាន​និយាយ​គ្នា​ហើយ ក្នុងករណី​EBA​ដកចេញ​
09, Oct 2019 , 7:19 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា ស្នើឱ្យ​ចិន​ជួយ​បន្ត​វិនិយោគ ទោះបី​ក្នុងករណី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (Everything But Arms ) ត្រូវ​ដកចេញ​ជា​កម្ពុជា​ក្តី​។ សម្ដេច ហ៊ុន សែន លើកឡើង​បែបនេះ នៅក្នុង​ជំនួប​គណៈប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន នៅ​ថ្ងៃទី​៨ តុលា​នេះ​។​



​សម្ដេច ហ៊ុន សែន ប្រាប់​ប្រតិភូ​ចិន​ថា សម្ដេច​និង​ប្រធានាធិបតី ស៊ី ជីន​ពីង និង​នាយករដ្ឋមន្ត្រី លី ខឺ​ឈាង រួមទាំង​ថ្នាក់ដឹកនាំ​ចិន បាន​និយាយ​គ្នា​អស់ហើយ ក្នុងករណី​EBA​ដក​ចេញពី​កម្ពុជា​។ ត្រង់ចំណុច​នេះ សម្ដេច ហ៊ុន សែន ពន្យល់ថា សម្ដេច​បាន​ស្នើឱ្យ​ក្រុមហ៊ុន​ចិន ដែល​កំពុង​ដាក់ទុន​នៅ​កម្ពុជា បន្ត​វិនិយោគ ទោះបីជា​មានការ​បញ្ហា​អ្វី​ក៏ដោយ ជាពិសេស​ការដក EBA ពី​កម្ពុជា ។​

​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន បាន​ស្រង់​ប្រសាសន៍​សម្ដេច មក​សរសេរ​ដូច្នេះ​ថា​៖«​ពាក់ព័ន្ធ​នឹង​ការធ្វើ​យ៉ាងណា​ឲ្យ​ពាណិជ្ជករ​អ្នកវិនិយោគ​ចិន​ថ្មី​របស់​ចិន មក​បណ្ដាក់ទុន​នៅ​ប្រទេស​កម្ពុជា​បន្ថែម ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា គឺ​មានន័យថា​ថែរក្សា​ចាស់​និង​បង្កើន​ការវិនិយោគ​ថ្មី​។ សម្ដេច​បានស្នើ​ទៅ​ថ្នាក់ដឹកនាំ​ចិន ត្រូវធ្វើ​យ៉ាងណា​បន្ត​បើក​ទីផ្សារ​ចិន​ឲ្យ​កាន់តែ​ធំ​ជាង​មុន សម្រាប់​ការនាំ​ចូល​ផលិតផល​កសិផល​រប​ស់​ប្រទេស​កម្ពុជា​ទៅ​ទីផ្សារ​របស់​ប្រទេស​ចិន​»​។​

​កន្លងមក​មេដឹកនាំ​ចិន បានប្រកាសថា​ចិន នឹង​ជួយ​ដោះស្រាយ​គ្រប់​បញ្ហា​របស់​កម្ពុជា ដោយ​ក្នុងនោះ រួមទាំង ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ព្យួរ​ផងដែរ​។​

អត្ថបទទាក់ទង

​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ គណកម្មការ​សហភាព​អឺរ៉ុប​ប្រកាស​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៃ​ការអនុវត្ត​នីតិវិធី​ពិនិត្យ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA  ដែលមាន​រយៈពេល ១៨ ខែ ដើម្បី​តាមដាន ប្រមូល​ព័ត៌មាន និង​សរសេរ​របាយការណ៍ មុន​ឈានដល់​ការសម្រេចចិត្ត​ដក ឬ​មិន​ដក​។​

​បច្ចុប្បន្ននេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ចិន មាន​លក្ខណៈ​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ចំនួន​នេះ​គោលដៅ​នៅក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ដល់​ឆ្នាំ​២០២២ អាច​កើនឡើង​រហូតដល់​ទៅ​១០​ពាន់​លាន​ដុល្លារ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន​៕

Tag:
 ហ៊ុន សែន​
  សេដ្ឋកិច្ច​
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com