អន្តរជាតិ
អាមេរិក ដាក់អង្គការចិន២៨ ទៅក្នុងបញ្ជីខ្មៅពាក់ព័ន្ធនឹងការធ្វើទុក្ខទោសលើជនជាតិវីហ្គ័រ រូបភាព (AFP)
× អាមេរិក បានសម្រេចដាក់អង្គការចិនចំនួន២៨ ដែលត្រូវបានចោទថា មានពាក់ព័ន្ធទៅទៅនឹងការធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចវីហ្គ័រក្នុងខេត្តស៊ីនជាំង ប្រទេសចិន។ ការិយាល័យសន្តិសុខសាធារណៈប្រចាំស៊ីនជាំង។
នៅថ្ងៃទី៧ ខែតុលា ក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសថា អង្គការចិនចំនួន២៨ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅដែលហាមឃាត់មិនឲ្យទិញទំនិញពីក្រុមហ៊ុនអាមេរិកគ្រប់ប្រភេទ លុះត្រាមានការយល់ព្រមពីរដ្ឋបាលទីក្រុងវ៉ាស៊ីនតោនសិន។
បើផ្អែកទៅតាមខ្លឹមសារនៃសំណុំឯកសាររបស់ក្រសួងពាណិជ្ជកម្មបានចោទអង្គការទាំង២៨ ចិនបានរំលោភបំពាន និងការធ្វើទុក្ខទោសលើសិទ្ធិមនុស្ស ហើយពាក់ព័ន្ធទៅនឹងបញ្ហានេះ អង្គភាពទាំង២៨បានប្រព្រឹត្តរឿងដូចជា ចូលរួមក្នុងយុទ្ធនាការបង្ក្រាបរបស់ចិន ការឃុំខ្លួនមនុស្សទ្រង់ទ្រាយធំ ការឃ្លាំមើលដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបប្រឆាំងនឹងជនជាតិវីហ្គ័រ កាហ្សាក់ (Kazakh) និងជនជាតិភាគតិចផ្សេងទៀតជាដើម។
មិនទាន់មានការឆ្លើយតបណាមួយពីចិននៅឡើយទេទៅនឹងការសម្រេចរបស់អាមេរិកលើដាក់បញ្ចូលអង្គការរបស់ចិនចូលទៅក្នុងបញ្ជីខ្មៅនេះ។ ប៉ុន្តែចិនធ្លាប់បានបកស្រាយញឹកញាប់ហើយទាក់ទងស្ថានការណ៍នៅស៊ីនជាំង។ ទាក់ទិននឹងការចាប់ខ្លួនជនភាគតិចទាំងនេះ ភាគីចិនបានលើកឡើងដដែលៗថា គឺជាការចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងទប់ស្កាត់ក្រុមជ្រុលនិយមនៅក្នុងប្រទេស។
កន្លងទៅ អាមេរិក និងអង្គការសហប្រជាជាតិ បានអះអាងថា ចិនបានចាប់ខ្លួនជនជាតិភាគតិចមូស្លីមវីហ្គ័រ និងជនភាគតិចឯទៀតជាងមួយលាននាក់ ហើយឃុំទុកនៅក្នុងជំរុំជាច្រើនក្នុងខេត្តភាគខាងលិចមួយនេះ។ បញ្ហានេះហើយ បានជំរុញឲ្យអាមេរិក ក៏ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រិះគន់យ៉ាងចាស់ដៃទៅលើវិធានការរបស់ទីក្រុងប៉េកាំង។
ពិតណាស់ ការដាក់បញ្ចូលអង្គការទាំង២៨នេះ គឺមិនមែនជាលើកទីមួយទេសម្រាប់អាមេរិក ចាប់ទាំងពីប្រទេសទាំងពីរមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នាមក។ ជាក់ស្តែងនៅក្នុងខែឧសភា ឆ្នាំ២០១៩ រដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់បញ្ចូលក្រុមហ៊ុន Huawei ចូលទៅក្នុងបញ្ជីអង្គភាពនេះផងដែរ។
សូមបញ្ជាក់ថា ក្នុងចំណោមអង្គការទាំង២៨នោះ មានក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Hikvision, Dahua, Megvii សុទ្ធតែមានជំនាញក្នុងការផលិតបច្ចេកវិទ្យាសម្គាល់មុខមនុស្ស។ ក្រុមហ៊ុន Hikvision ក៏ជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខារឃ្លាំមើល ឬត្រួតពិនិត្យដ៏ធំជាងគេមួយក្នុងពិភពលោកដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com