ពីនេះ ពីនោះ
ព័ត៍មានសុខភាព
“គ្រាប់ប៉េងប៉ោះ” ក៏ល្អចំពោះសុខភាពបញ្ចុះសម្ពាធឈាម និងទប់ស្កាត់ជំងឺច្រើនទៀត
× តើអ្នកតែងតែបោះគ្រាប់ប៉េងប៉ោះចោលនៅពេលរៀនចំចម្អិនមែនទេ? ឈប់ធ្វើបែបនេះទៀត! នោះក៏ព្រោះតែគ្រាប់ប៉េងប៉ោះអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យជាច្រើនចំពោះសុខភាពដោយវាមានផ្ទុកសម្បូរទៅដោយវីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការទទួលទានប៉េងបោះទាំងគ្រាប់ ៖
១. បញ្ចុះសម្ពាធឈាម
នោះក៏ព្រោះតែគ្រាប់ប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយរក្សាសម្ពាធឈាមល្អប្រសើរ។ ប៉ូតាស្យូមជួយទប់ស្កាត់ជំងឺលើសសម្ពាធឈាមតាមរយៈការធ្វើឲ្យជញ្ជាំងសរសៃមានភាពធូរស្រាល។
២. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល
គ្រាប់ប៉េងប៉ោះក៏មានផ្ទុកជាតិសរសៃខ្ពស់ផងដែរ។ ហើយការរួមបញ្ចូលអាហារជាតិសរសៃអាចជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងគួរឲ្យកត់សម្គាល់។
៣. កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល
គ្រាប់ប៉េងប៉ោះមានលក្ខណៈសម្បត្តិពង្រាវឈាមដែលជួយកាត់បន្ថយហានិភ័យនៃបញ្ហាកកឈាមរារាំងការផ្គត់ផ្គង់អុកស៊ីសែនទៅខួរក្បាល។
៤. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ក៏ដូចទៅនឹងសាច់ប៉េងប៉ោះដែរ គ្រាប់ប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុចិញ្ចឹមសំខាន់បំផុតមួយជួយរក្សានិងពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។
៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
គ្រាប់ប៉េងប៉ោះជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ដែលមានលក្ខណៈសម្បត្តិទប់ស្កាត់ហានិភ័យនៃជំងឺមហារីកគួរឲ្យកត់សម្គាល់។ ទោះជាយ៉ាងណាកុំភ្លេចចម្អិនប៉េងប៉ោះ ឬគ្រាប់ប៉េងប៉ោះជាមុនសិនដើម្បីទទួលបានសារធាតុ lycopene ពេញលេញ។
៦. កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង
គ្រាប់ប៉េងប៉ោះក៏មានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម ប៉ូតាស្យូម និងវីតាមីន K ដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំចៀសផុតបញ្ហាពុកឆ្អឹងផងដែរ។
សម្គាល់ ៖ ទោះជាយ៉ាងណាសម្រាប់អ្នកដែលមានបញ្ហាក្រួសក្នុងតម្រងនោមមិនគួរទទួលទានគ្រាប់ប៉េងបោះច្រើនពេកឡើយដោយសារវាមានផ្ទុកសម្បូរទៅដោយសារធាតុ oxalates៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com