ពីនេះ ពីនោះ
ព័ត៍មានសុខភាព
“​គ្រាប់​ប៉េងប៉ោះ​” ក៏​ល្អ​ចំពោះ​សុខភាព​បញ្ចុះ​សម្ពាធ​ឈាម និង​ទប់ស្កាត់​ជំងឺ​ច្រើន​ទៀត​
09, Oct 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​តែងតែ​បោះ​គ្រាប់​ប៉េងប៉ោះ​ចោល​នៅពេល​រៀន​ចំ​ចម្អិន​មែន​ទេ​? ឈប់​ធ្វើបែបនេះ​ទៀត​!  នោះ​ក៏​ព្រោះតែ​គ្រាប់​ប៉េងប៉ោះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ជាច្រើន​ចំពោះ​សុខភាព​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ការ​ទទួលទាន​ប៉េង​បោះ​ទាំង​គ្រាប់ ៖

១. បញ្ចុះ​សម្ពាធ​ឈាម​

​នោះ​ក៏​ព្រោះតែ​គ្រាប់​ប៉េងប៉ោះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​រក្សា​សម្ពាធ​ឈាម​ល្អប្រសើរ​។ ប៉ូ​តា​ស្យូ​ម​ជួយ​ទប់ស្កាត់​ជំងឺ​លើស​សម្ពាធ​ឈាម​តាមរយៈ​ការធ្វើ​ឲ្យ​ជញ្ជាំង​សរសៃ​មាន​ភាព​​ធូរស្រាល​។

២. គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​

​គ្រាប់​ប៉េងប៉ោះ​ក៏មាន​ផ្ទុក​ជាតិ​សរសៃ​ខ្ពស់​ផងដែរ​។ ហើយ​ការរួមបញ្ចូល​អាហារ​ជាតិ​សរសៃ​អាចជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរ​ឲ្យ​កត់សម្គាល់​។​

៣. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

​គ្រាប់​ប៉េងប៉ោះ​មាន​លក្ខណៈសម្បត្តិ​ពង្រា​វ​ឈាម​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​កកឈាម​រារាំង​ការផ្គត់ផ្គង់​អុកស៊ីសែន​ទៅ​ខួរក្បាល​។​

៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​

​ក៏​ដូច​ទៅនឹង​សាច់​ប៉េងប៉ោះ​ដែរ គ្រាប់​ប៉េងប៉ោះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែលជា​សារធាតុចិញ្ចឹម​សំខាន់បំផុត​មួយ​ជួយ​រក្សា​និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​។

៥. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​

​គ្រាប់​ប៉េងប៉ោះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopene ដែលមាន​លក្ខណៈ​​សម្បត្តិ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​គួរ​ឲ្យ​កត់សម្គាល់​។ ទោះជា​យ៉ាងណា​កុំ​ភ្លេច​ចម្អិន​ប៉េងប៉ោះ ឬ​គ្រាប់​ប៉េងប៉ោះ​ជាមុនសិន​ដើម្បី​ទទួលបាន​សារធាតុ lycopene ពេញលេញ​។​

៦. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​

​គ្រាប់​ប៉េងប៉ោះ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម ប៉ូ​តា​ស្យូ​ម និង​វីតាមីន K ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​ចៀសផុត​បញ្ហា​ពុក​ឆ្អឹង​ផងដែរ​។​

​សម្គាល់ ៖ ទោះជា​យ៉ាងណា​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​មិនគួរ​ទទួលទាន​គ្រាប់​ប៉េង​បោះ​ច្រើនពេក​ឡើយ​ដោយសារ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ oxalates៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com