អន្តរជាតិ
លោក​លី សៀន​ឡុង​៖ បក្ស​តែមួយ​ឈ្នះ​កៅអី​សភា​លើសលុប មិនមែន​បានន័យថា គ្មាន​ប្រជាធិបតេយ្យ​ទេ​
09, Oct 2019 , 10:52 am        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ក្នុងកម្មវិធី GPS របស់ទូរទស្សន៍ CNN ។ រូបភាពពីក្រសួងទូរគមនាគមន៍ និងព័ត៌មានសិង្ហបុរី
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ក្នុងកម្មវិធី GPS របស់ទូរទស្សន៍ CNN ។ រូបភាពពីក្រសួងទូរគមនាគមន៍ និងព័ត៌មានសិង្ហបុរី
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បាន​និយាយ​ការពារ​ប្រព័ន្ធ​នយោបាយ​នៅ​សិង្ហ​បុរី​ដែល​បក្ស​កាន់អំណាច​សកម្មភាព​ប្រជាជន (PAP) ដឹកនាំ​ប្រទេស​រាប់​ទសវត្សរ៍ ហើយ​ឈ្នះ​កៅអី​សភា​ច្រើន​លើសលប់​រាល់​ការបោះឆ្នោត​នោះ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​អាមេរិក CNN អំឡុង​ទស្សនកិច្ច​នៅ​បុរី​ញូវយ៉ក លោក លី បញ្ជាក់​ច្បាស់ៗ​ថា ការណ៍​ដែល​បក្ស​មួយ​ឈ្នះ​កៅអី​សភា​ច្រើន គឺជា​លទ្ធផល​នៃ​ការសម្រេចចិត្ត​របស់​ប្រជាជន​។​



​ប្រព័ន្ធ​នយោបាយ​នៅ​សិង្ហ​បុរី ជា​ប្រធានបទ​មួយ​ក្នុង​កិច្ច​សម្ភាស​រវាង​ពិធីករ​ទូរទស្សន៍ CNN លោក Fareed Zakaria និង​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ដែល​បង្ហោះ​លើ​វេ​ប​សាយ CNN នៅ​ថ្ងៃទី​៧ ខែតុលា​។ លោក Zakaria បាន​ចោទសួរ​លោក លី ពី​អនាគត​នៃ​ប្រជាធិបតេយ្យ​របស់​សិង្ហ​បុរី ដែល​លោក​អះអាងថា មាន​អ្នកខ្លះ​គិតថា បាន​លំអៀង​ទៅរក​បក្ស​កាន់អំណាច​សកម្មភាព​ប្រជាជន (PAP) របស់លោក លី ផ្ទាល់​។​

​តើ​សិង្ហ​បុរី នឹងមាន​ប្រព័ន្ធ​តុល្យភាព​បក្ស​ពីរ ឬក៏​មាន​ប្រជាធិបតេយ្យ​ដែល​បើកចំហ​ជាង​នេះ​ក្នុងពេល​១០​ឆ្នាំ​ខាងមុខ​ឬទេ​? តើ​អ្នក​អាចមាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​ឬទេ បើ​បក្ស​មួយ​ឈ្នះ​កៅអី​៨០​ភាគរយ​ក្នុង​រយៈពេល​៥០​ឆ្នាំ ៦០​ឆ្នាំ ឬ​៧០​ឆ្នាំ​ទៅមុខ​? នេះ​ជា​សំណួរ​របស់​ពិធីករ​ល្បីឈ្មោះ​ប្រចាំ​ទូរទស្សន៍​អាមេរិក​ទៅកាន់​លោក លី ក្នុង​កម្មវិធី GPS ដែល​ត្រូវបាន​ថត​អំឡុងពេល​លោក លី ចូលរួម​ប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ចុងខែ​កញ្ញា​។

​ឆ្លើយ​សំណួរ​បក្ស​មួយ​ឈ្នះឆ្នោត​ដោយ​សំឡេង​លើសលប់ នាយករដ្ឋមន្ត្រី​ទី​បី​របស់​សិង្ហ​បុរី​ឆ្លើយថា ប្រសិនបើ​នោះ​ជា​អ្វីដែល​ប្រជាជន​បាន​បោះឆ្នោត និង​ជា​ឆ​ន្ទៈ​របស់​ពួកគេ «​ហេតុអ្វី​វា​មិន​អាចជា​ប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ​?»​។  លោក លី ប្រា​ប់លោក Zakaria ដោយ​ទឹកមុខ​ញញឹមញញែម​ទៀត ថា ប្រជាជន​ជា​អ្នកបោះឆ្នោត​បែប​នោះ ហើយ​បើ​ពួកគេ​មិន​សប្បាយចិត្ត​ជាមួយ​លោក នោះ​លោក​ក៏​មិនអាច​អង្គុយ​ដោយ​សុខ​ស្រួល​ទល់មុខ​ពិធីករ​ទូរទស្សន៍​រូប​នេះដែរ​។​

​នៅ​សិង្ហ​បុរី បក្ស​សកម្មភាព​ប្រជាជន បាន​ដឹកនាំ​ប្រទេស​តាំងពី​ឆ្នាំ​១៩៥៩ មក​។ ចាប់ពីពេលនោះ​មក បក្ស​ដែលមាន​លោក លី ក្វាន់​យូ ជា​ស្ថាបនិក​នេះ បាន​គ្របដណ្ដប់​នយោបាយ​សិង្ហ​បុរី​យ៉ាងខ្លាំង ហើយ​ទទួលបាន​កៅអី​សភា​លើសលប់​រហូតមក​។ ការបោះឆ្នោត​ឆ្នាំ​២០១១ ជាការ​បោះឆ្នោត​មួយ​ដែល​បក្ស PAP ធ្លាក់ចុះ​ប្រជាប្រិយភាព​បន្តិច ប៉ុន្តែ​នៅតែ​កាន់កាប់​កៅអី​សភា​ច្រើន​ដដែល​។ បក្ស​កម្មករ ជា​បក្សប្រឆាំង​ធំជាងគេ​របស់​សិង្ហ​បុរី និង​អាច​ឈ្នះ​សំឡេង​ក្នុង​សភា​ខ្លះ​។​

​ក្នុង​កិច្ច​សម្ភាស​ដដែល លោក លី ក៏​ប្រមើល​មើលថា សម្រាប់​រយៈពេល​១០​ឆ្នាំ ឬ​២០​ឆ្នាំ​ទៅមុខ សិង្ហ​បុរី​នឹង​បន្ត​មាន​ប្រព័ន្ធ​នយោបាយ​មួយ​ដែល​បំពេញការងារ​មាន​ប្រសិទ្ធភាព​ដដែល ហើយ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​។ សម្រាប់​នាយករដ្ឋមន្ត្រី​រូបនេះ វិញ្ញាសា​សម្រាប់​ប្រព័ន្ធ​នយោបាយ​សិង្ហ​បុរី គឺ​ការបង្កើត​អ្នកដឹកនាំ​ដែល​ល្អ មាន​សមត្ថភាព និង​មាន​លទ្ធផល មិនមែន​តុល្យភាព​សំឡេង​ក្នុង​សភា​រវាង​បក្សប្រឆាំង និង​រដ្ឋាភិបាល​ឡើយ​៕

Tag:
 សិង្ហ​បុរី​
  លី សៀន​ឡុង​
© រក្សាសិទ្ធិដោយ thmeythmey.com