ជាតិ
រដ្ឋាភិបាល​អាមេរិក​រឹបអូស​បាន​រូ​ប​ចម្លាក់​បុរាណ​ខ្មែរ​មួយ​ដើម្បី​បញ្ជូនទៅ​កម្ពុជា​វិញ​
09, Oct 2019 , 1:39 pm        
រូបភាព
រូបចម្លាក់បុរាណខ្មែរត្រូវបានរឹបអូសដោយក្រុមភ្នាក់ងារស៊ើបអង្កេតផ្នែកសន្តិសុខមាតុភូមិអាមេរិក នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។ (រូបថតដោយក្រសួងសន្តិសុខមាតុភូមិ)
រូបចម្លាក់បុរាណខ្មែរត្រូវបានរឹបអូសដោយក្រុមភ្នាក់ងារស៊ើបអង្កេតផ្នែកសន្តិសុខមាតុភូមិអាមេរិក នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។ (រូបថតដោយក្រសួងសន្តិសុខមាតុភូមិ)
ដោយ: VOA
 ​វ៉ាស៊ីនតោន ៖ កាលពី​ខែកញ្ញា​កន្លងទៅនេះ ក្រុម​ភ្នាក់ងារ​ស៊ើបអង្កេត​ខាង​ផ្នែក​សន្តិសុខ​មាតុភូមិ​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក រឹបអូស​បាន​រូបចម្លាក់​បុរាណ​ខ្មែរ​មួយ ដែល​ធ្វើ​ពី​ថ្មភក់​ក្នុង​យុគសម័យ​គ​.​ស​. ៩២១ – ៩៤៥ ពី​ការស៊ើបអង្កេត​មួយ​លើ​ការ​លួច​វត្ថុ​បុរាណ នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ហើយ​ក្រុម​ស៊ើបអង្កេត​នេះ​គ្រោង​នឹង​បញ្ជូន​រូ​បដិមា​បុរាណ​មួយ​នេះ​ទៅ​ឲ្យ​កម្ពុជា​វិញ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​គយ​និង​អន្តោប្រវេសន៍​នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ ដែល​ចេញផ្សាយ​តាម​គេហទំព័រ​ផ្លូវការ​របស់ខ្លួន កាលពី​ថ្ងៃ​ចន្ទ ទី​៧ ខែតុលា​កន្លងទៅនេះ​។​

 
​រូបចម្លាក់​នេះ ដែល​ត្រូវបាន​ពិពណ៌នា​ជា​បដិមា​តំណាង​ព្រះ​សិវៈ និង​ព្រះ​នាង​ឧមា មានតម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៣​សែន​៥​ម៉ឺន​ដុល្លារ​។ រូប​បដិមា​បុរាណ​មួយ​នេះ ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​ញូវយ៉ក ក្រោម​ការស៊ើបអង្កេតរ​បស់​ក្រុម​ភ្នាក់ងារ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​ប្រចាំ​ទីក្រុង​ញូវយ៉ក​។ ការស៊ើបអង្កេត​នោះ ផ្តោតលើ​សកម្មភាព​លួច​វត្ថុ​បុរាណ​របស់​បុរស​ម្នាក់​ឈ្មោះ Douglas Latchford ដែលជា​អ្នកប្រមូល​វត្ថុ​បុរាណ​ខ្មែរ​ជាច្រើន​។​
 
​ដោយ​ទទួលបាន​ជំនួយ​ពី​លោក John Paul Labbat ភ្នាក់ងារ​ពិសេស​នៃ​ផ្នែក​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ​ប្រចាំ​ទីក្រុង​ញូវយ៉ក លោក David Keller ភ្នាក់ងារ​ពិសេស​ប្រចាំ​ទីក្រុង​សាន់​ហ្វ្រា​ន​ស៊ី​ស្កូ ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា បាន​រឹបអូស​រូប​បដិមា​នេះ នៅ​កន្លែង​ដាក់លក់​ដេញថ្លៃ​មួយ ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ក្រោយ​ពេលដែល​អ្នកប្រមូល​វត្ថុ​បុរាណ​ម្នាក់​ដែល​បាន​ទិញ​រូប​បដិមា​នេះ បាន​ស្លាប់​កាលពី​ឆ្នាំ​២០១៥​។​
 
​បដិមាករ​នេះ​នឹង​ត្រូវបាន​បញ្ជូន​ទៅជូន​ប្រជាពលរដ្ឋ​ខ្មែរ​វិញ ក្រោយ​ពេលដែល​ក្រុម​ភ្នាក់ងារ​ស៊ើបអង្កេត​ផ្នែក​សន្តិសុខ​មាតុភូមិ​បញ្ចប់​ការស៊ើបអង្កេត​ទាំងស្រុង​របស់ខ្លួន​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com