ជាតិ
សុខភាព
អ្នកស្រាវជ្រាវ​៖ អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​បង្កបញ្ហា​កើនឡើង​នៃ​ភាព​សុំា​នឹង​ថ្នាំ​ផ្សះ​នៅ​កម្ពុជា​
09, Oct 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ កញ្ចប់​ថ្នាំ​ដែលអ្នក​ជំងឺទូទៅ​ទទួលបានតាម​ឱសថស្ថាន​នានា​​ក្រោយ​ពេលគេ​រៀប​រាប់​អំពី​អាការៈ ជំងឺ​ផ្តាសាយ​​ដោយ​​ពុំភ្ជាប់​វេជ្ជបញ្ជា​​ ថ្នាំនេះ​សម្រាប់​ផឹក​៤ដង​ ឬ ១ថ្ងៃកន្លះ​ដែល​ផ្សំតាម​ការសុំរបស់អ្នកទិញ។
រូបឯកសារ៖ កញ្ចប់​ថ្នាំ​ដែលអ្នក​ជំងឺទូទៅ​ទទួលបានតាម​ឱសថស្ថាន​នានា​​ក្រោយ​ពេលគេ​រៀប​រាប់​អំពី​អាការៈ ជំងឺ​ផ្តាសាយ​​ដោយ​​ពុំភ្ជាប់​វេជ្ជបញ្ជា​​ ថ្នាំនេះ​សម្រាប់​ផឹក​៤ដង​ ឬ ១ថ្ងៃកន្លះ​ដែល​ផ្សំតាម​ការសុំរបស់អ្នកទិញ។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ថ្នាំ​ផ្សះ ឬ​ត្រូវបាន​ស្គាល់​ជាទូទៅ​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​ថា អង់​ទី​ប៊ី​យ្យូ​ទិច គឺជា​ឱសថ​ដ៏​សំខាន់​មួយ ក្នុងការ​សម្លាប់​បាក់តេរី និង​វី​រូស​ជាច្រើន​ប្រភេទ ដោយបាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​រាប់លាន​នាក់ ចាប់តាំងពី​ថ្នាំ​ប្រភេទ​នេះ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ទសវត្ស​វ៍​ឆ្នាំ ១៩៤០​។​

 
​សព្វថ្ងៃនេះ បញ្ហា​កើនឡើង​នៃ​ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ​នៅ​ជុំវិញ​ពិភពលោក បាន​បង្ក​ជា​ក្តីកង្វល់ និង​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​វិស័យ​សុខាភិបាល​សាធារណៈ មានន័យថា ជំងឺ​មួយចំនួន​មិនអាច​ព្យាបាល​បាន​ដោយ​ប្រសិទ្ធភាព ដោយ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ក្នុង​កម្រិត​ដែល​ប្រើ​ជាទូទៅ​។ ហើយ​ការណ៍​នេះ​នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការព្យាបាល​ជំងឺមហារីក និង​ការវះកាត់​ជាដើម​។​
 
​យោងតាម​អង្គការ​សុខភាព​ពិភពលោក (WHO) ភាព​សុំា​នឹង​មីក្រូ​ប (antimicrobial resistance) ឬ​ស្គាល់​ជាទូទៅ​ថា ភាព​សុំា​នឹង​ថ្នាំ​ផ្សះ មានន័យថា «​បាក់តេរី វី​រូស មេរោគ​ផ្សិត និង​ប៉ារ៉ាស៊ីត អាចមាន​លទ្ធភាព​ទប់​ទល់នឹង​ថ្នាំ​ផ្សះ ដែល​ធ្លាប់​ត្រូវបាន​ប្រើ​ដើម្បី​សម្លាប់​មេរោគ​ទាំងនេះ​ពីមុន​បា​ន‍​»​។ ជា​លទ្ធផល បញ្ហា​នេះ​អាច​បង្ក​ឲ្យ​មាន​ជំងឺឆ្លង និង​សម្លាប់​មនុស្ស​ជាច្រើន​នាក់​នៅ​ជុំវិញ​ពិភពលោក​។​


រូបឯកសារ៖ កញ្ចប់​ថ្នាំ​ដែលអ្នក​ជំងឺទូទៅ​ទទួលបានតាម​ឱសថស្ថាន​នានាក្រោយ​ពេលគេ​រៀប​រាប់​អំពី​អាការៈ ជំងឺ​ផ្តាសាយដោយពុំភ្ជាប់​វេជ្ជបញ្ជា ថ្នាំនេះ​សម្រាប់​ផឹក​៤ដង​ ឬ ១ថ្ងៃកន្លះ​ដែល​ផ្សំតាម​ការសុំរបស់អ្នកទិញ​។
 
​ដោយឡែក ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ​នៅ​កម្ពុជា​ក៏​កំពុងតែ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។ ជាក់ស្តែង កាលពី​ឆ្នាំ​២០១៧ កម្ពុជា​បាន​ប្រឈម​នឹង​ការកើនឡើង​នៃ​ករណី​ជំងឺគ្រុនចាញ់ ដោយសារ​ការលេចឡើង​នៃ​ប្រភព​មេរោគ​គ្រុនចាញ់ ដែល​សុំា​នឹង​ថ្នាំ​ដែល​ធ្លាប់​ត្រូវបាន​ដើម្បី​ព្យាបាល​ជំងឺ​នេះ​បាន​ពីមុន​។​
 
​កាលពី​ខែកញ្ញា​កន្លងទៅនេះ ក្រុម​អ្នកស្រាវជ្រាវ​កម្ពុជា​និង​អន្តរជាតិ​មួយក្រុម បាន​រក​ពី​មូលហេតុ​ចម្បង​មួយ​ក្នុងចំណោម​មូលហេតុ​ផ្សេងៗ​ទៀត ដែល​ជំរុញ​ឲ្យ​មានការ​កើនឡើង​នៃ​បញ្ហា​ភាព​សុំា​នឹង​ថ្នាំ​ផ្សះ​នៅ​កម្ពុជា​។ មូលហេតុ​មួយ​នោះ គឺ​បណ្តាលមកពី​អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ដែល​ក្នុងនោះ​រួមមាន អ្នក​ដែល​លក់​ថ្នាំ​ដែលមាន​ផ្លាក​យីហោ​លក់​ថ្នាំ​ជា​លក្ខណៈ​ឱសថស្ថាន និង​អ្នក​ដែល​ដើរ​លក់​ថ្នាំ​តាម​សហគមន៍​។​
 
​អ្នកស្រី Mishal Khan សាស្ត្រាចារ្យ​ផ្នែក​គោលនយោបាយ​សុខាភិបាល​ប្រចាំ​សាកលវិទ្យាល័យ​ខាង​ឱសថ​និ​វន្ត​និង​សុខវិទ្យា​នៅ​ទីក្រុង​ឡុង​ដ៍ (London School of Hygience and Tropical Medicine) ចក្រភព​អង់គ្លេស បាន​ប្រាប់ VOA ថា នេះ​គឺជា​ការស្រាវជ្រាវ​លើកដំបូង​បង្អស់​អំពី​អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​អ្នកស្រាវជ្រាវ​បាន​សម្ភាស​ក្រុម​អ្នកលក់​ថ្នាំ​ទាំងនេះ​ដោយផ្ទាល់​។​
 
​នៅក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ VOA អ្នកស្រី​សាស្ត្រាចារ្យ Khan បាន​លើកឡើងថា​៖
 
«​អ្វីដែល​ព្រួយបារម្ភ​នោះ​គឺថា នៅពេលដែល​យើង​បាន​សម្ភាស​អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ពួកគេ​មានការ​យល់ឃើញ​ខុស​អំពី​ថ្នាំ​ផ្សះ​។ មាន​ករណី​មួយចំនួន ពួកគេ​បាន​ឲ្យ​អ្នកជំងឺ​លេបថ្នាំ​ផ្សះ នៅពេលដែល​ពួកគេ​មិនចាំបាច់​ត្រូវការ​ថ្នាំ​ផ្សះ​។ ហើយ​មាន​ករណី​មួយ​នោះ ពួកគេ​បាន​រៀបរាប់​ពី​វិធី​ដែល​ពួកគេ​ណែនាំ​ឲ្យ​អ្នកជំងឺ​កិនបំបែក​ថ្នាំ​ផ្សះ ហើយ​យកទៅ​លាប​លើ​មុខរបួស ហើយ​នេះ​មិនមែនជា​របៀប​ត្រឹមត្រូវ​នៃ​ការប្រើ​ថ្នាំ​ផ្សះ​នោះ​ទ‍េ​»​។​
 
​ការស្រាវជ្រាវ​លក្ខណៈ​វិទ្យាសាស្ត្រ​ដោយ​ផ្អែកលើ​ការប្រមូល​ទិន្នន័យ ការធ្វើ​បទសម្ភាសន៍ និង​ការពិភាក្សា​ជា​ក្រុម​ជាមួយ​អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​និង​ពលរដ្ឋ​ក្នុង​សហគមន៍ ដោយ​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​នៅ​ចក្រភព​អង់គ្លេស​និង​អ្នកស្រាវជ្រាវ​កម្ពុជា​ប្រចាំ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ធ្វើឡើង​នៅក្នុង​ភូមិ​ចំនួន​៧ នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជាទី​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​ជ្រើស​យក​សេវា​លក់​ថ្នាំ​ពី​ក្រុម​អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​។​
 
​ការសិក្សា​ស្រាវជ្រាវ​លើកដំបូង​លើ​ក្រុម​អ្នកលក់​ថ្នាំ​ដែល​វិជ្ជាជីវៈ​ត្រឹមត្រូវ ឬ​ដែល​អ្នកស្រាវជ្រាវ​ចាត់ទុកថា «​អ្នកលក់​ថ្នាំ​លាក់​កំ​បាំ​ង‍​» ឬ "Invesible Medicine Sellers" ផ្តោត​សំខាន់​លើ​៖ ១) កត្តា​នានា​ដែល​ជំរុញ​ឲ្យ​អ្នកជំងឺ​ជ្រើស​យក​សេវា​សុខភាព ដែល​ផ្តល់​ឲ្យ​ដោយ​អ្នកលក់​ថ្នាំ​គ្មាន​វិជ្ជាជីវៈ និង ២) ផលប៉ះពាល់​នៃ​ការលក់​ថ្នាំ​ផ្សះ​ដោយ​ក្រុម​អ្នកលក់​ថ្នាំ​ទាំងនេះ​។ ការស្រាវជ្រាវ​នេះ ដែលមាន​ចំណងជើង​ជា​ភាសា​ខ្មែរ​ថា «​ការស្រាវជ្រាវ​នៅ​កម្ពុជា​៖ អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ និង​ការប្រើប្រាស់​ថ្នាំ​ផ្ស‍ះ​» ឬ​ជា​ភាសា​អង់គ្លេស (Invisible medecine sellers and their use of antibiotics: A qualitative study in Cambodia) ត្រូវបាន​បោះពុម្ពផ្សាយ​ដោយ​ក្រុម​អ្នកនិពន្ធ​និង​បោះពុម្ព BMJ Global Health ប្រចាំ​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី​២០ ខែកញ្ញា​កន្លងទៅនេះ​។​
 
​អ្នកស្រី​សាស្ត្រាចារ្យ Khan ដែលជា​អ្នកដឹកនាំ​ក្រុម​អ្នកស្រាវជ្រាវ​ជាង​១០​នាក់​នេះ បានបញ្ជាក់​បន្ថែមថា អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ទាំងនេះ និយម​ផ្តល់​ថ្នាំ​ផ្សះ​ក្នុង​កម្រិត​ខ្លាំង​និង​ក្នុងករណី​មិនចាំបាច់ ដើម្បី​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់ និង​ដើម្បី​ធ្វើ​ឲ្យ​អតិថិជន​របស់​ពួកគេ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ ហើយ​ផ្តល់​ថ្នាំ​ផ្សះ​តាម​តម្រូវការ​ចង់បាន​រប​ស់​អ្នកទិញ​ថ្នាំ ដែល​ចង់​ជាសះស្បើយ​ឆាប់​។​
 
​ក្នុងករណី​មិនចាំបាច់ ពួកគេ​ក៏បានផ្តល់​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល​ជំងឺ​ដែល​មិនត្រូវ​ការ​ថ្នាំ​ផ្សះ ដូចជា​ផ្តាស​សាយ ក្អក និង​ការ​រាគ​រុស​ជាដើម​។ លើសពីនេះ ការស្រាវជ្រាវ​នេះ​ក៏បាន​បង្ហាញថា ក្រុម​អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ក៏​លក់​ថ្នាំ​ផ្សះ ដែល​ប្រើ​សម្រាប់​ព្យាបាល​មនុស្ស ទៅ​ឲ្យ​អ្នកទិញ​ថ្នាំ​ដើម្បី​យកទៅ​ព្យាបាល​សត្វ​ចិញ្ចឹម​របស់​ពួកគេ រួមមាន​សត្វ​មាន់ គោ និង​ក្របី​ជាដើម​។​
 
​អ្នកស្រី Khan បាន​ថ្លែងថា​៖ «​ពួកគេ​គឺជា​អ្នក​ដែល​មិនមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ទាល់តែសោះ ហើយ​ពួកគេ​គឺជា​លក់​ថ្នាំ​ផ្សះ និង​ផ្តល់​ការណែនាំ​ដែល​មិន​ត្រឹមត្រូវ​ដល់​អ្នកជំងឺ​។ អាកប្បកិរិយា​របស់​ពួកគេ​អាច​បង្ក​ជា​គ្រោះថ្នាក់​ខ្លាំ​ង‍​»​។​
 
​យោងតាម​អង្គការ​សុខភាព​ពិភពលោក (WHO) បញ្ហា​កើនឡើង​នៃ​ភាព​សុំា​នឹង​ថ្នាំ​ផ្សះ ដែល​បង្កឡើង​ដោយសារ​«​ការប្រើប្រាស់​ខុស​និង​ប្រើប្រាស់​ថ្នាំ​ផ្សះ​ហួស​កម្រិត​ជា​លក្ខណៈ​ប្រព័ន្ធ នៅក្នុង​វិស័យ​ថ្នាំពេទ្យ និង​វិស័យ​ផលិតកម្ម​អាហារ បាន​បណ្តាល​ឲ្យ​ប្រទេស​នីមួយៗ​[​ក្នុង​ពិភពលោក​]​ប្រឈម​នឹង​គ្រោះ​ថា្នក់​។ ហើយ​បើសិនជា​គ្មាន​ការចាត់វិធានការ​ជាប​ន្ទា​ន់​និង​រួមគ្នា​ទេ មនុស្ស​នៅ​ទូទាំង​ពិភពលោក​អាច​នឹង​ប្រឈម​នឹង​បញ្ហា​សុខាភិបាល​ដ៏​ធំ​មួយ ដែល​«​មេរោគ​មុនៗ​ដែល​ត្រូវបាន​បំបាត់ អាច​នឹង​សម្លាប់​មនុស្ស​បាន​ម្តង​ទៀ​ត‍​»​។​
 
​ការស្រាវជ្រាវ​នេះ​ក៏បាន​រកឃើញថា បើទោះបីជា​ដឹងថា​អ្នកលក់​ថ្នាំ​ទាំងនោះ​មិនមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ក្តី ក៏​ពលរដ្ឋ​ក្នុង​សហគមន៍​នៅតែ​បន្ត​ជ្រើស​យក​សេវាកម្ម​លក់​ថ្នាំ​ពី​ក្រុម​អ្នកលក់​ថ្នាំ​ទាំងអស់នេះ​។ មូលហេតុ​គឺ​ដោយសារតែ​ពលរដ្ឋ​ទាំងនោះ​ទទួលបាន​ការណែនាំ​ពី​បងប្អូន ឬ​សាច់ញាតិ ឬ​ពួកគេ​ស្គាល់​អ្នកលក់​ថ្នាំ​ដោយផ្ទាល់ និង​ដោយសារតែ​បទពិសោធន៍​ដែល​អាកា​រៈ​ជំងឺ​របស់​ពួកគេ​ឆាប់​ធូរស្បើយ នៅពេល​បាន​លេបថ្នាំ​ពី​អ្នកលក់​ថ្នាំ​ទាំងនោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកស្រី​សាស្ត្រាចារ្យ Mishal Khan​។​
 
​អ្នកស្រី​សាស្ត្រាចារ្យ Khan ដែលមាន​បទពិសោធន៍​ស៊ីជម្រៅ​លើ​ការស្រាវជ្រាវ​អំពី​វិធីសាស្ត្រ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​នៅ​តំបន់​អាស៊ី​អាគេ្នយ៍ និង​អាស៊ី​ខាងត្បូង បាន​ពន្យល់ថា នៅពេលដែល​អ្នកជំងឺ​ទទួលយក និង​ជឿទុកចិត្ត​លើ​ក្រុម​អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​បែបនេះ វា​នឹង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដែល​អាច​កើតមាន​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ ជាពិសេស​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​ដូចជា​ប្រទេស​កម្ពុជា ដែលមាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​។​
 
​អ្នកស្រី Khan បាន​ថ្លែងថា​៖ «​ទី​១ វា​ស៊ីពេល​ក្នុងការ​កំណត់​ពី​ប្រភព​មេរោគ​នៃ​ជំងឺ​។ ហើយ​បើសិនជា​ជំងឺ​នេះ​មិនត្រូវ​បានធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ នោះ​ជំងឺ​នេះ​នឹង​អាច​រីក​រាលដាល​ដល់​ម​នុស្ស​ដទៃទៀត​។ គ្រោះថ្នាក់​ទី​ពីរ​នោះ​គឺថា នៅពេល​អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ទាំងនេះ​ព្យាបាល​អ្នកជំងឺ ពួកគេ​អាច​ផ្តល់​ថ្នាំ​ខុស ឬក៏​ថ្នាំ​មិន​គ្រប់​ចំនួន​និង​កម្រិត ជាពិសេស​ក្នុងករណី​រោគរបេង ដែល​ការព្យាបាល​ត្រូវការ​រយៈពេល​យូរ​។ ក្នុងករណី​ដែល​អ្នកជំងឺ​មិនបាន​ទទួល​ថ្នាំ​គ្រប់​ចំនួន​និង​កម្រិត នោះ​វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ភាព​សុំា​នឹង​ថ្ន‍ាំ​។ ទី​បី គឺថា អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​អាចធ្វើ​ឲ្យ​អ្នកជំងឺ​ចំណាយ​ប្រាក់កាស​ច្រើន​ក្នុងការ​ព្យាបាល​ជំងឺ ដែល​ពួកគេ​មិន​ត្រូវការ​ការព្យាបាល​នោះ​»​។​
 
​យ៉ាងណាមិញ ការស្រាវជ្រាវ​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញថា ការ​ជ្រើស​យក​និង​ការជឿទុកចិត្ត​របស់​ព​ល​រដ្ឋ​ក្នុង​សហគមន៍​លើ​ក្រុម​អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​នេះ ក៏​បណ្តាលមកពី​កត្តា​បន្ទាប់បន្សំ​ផ្សេងៗ​ទៀត រួមមាន​ការលំបាក​ក្នុងការ​ស្វែងរក​គ្រូពេទ្យ ក្នុងករណី​ឈឺ​ថ្កាត់​នៅពេល​យប់ មន្ទីរពេទ្យ​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្ទះ និង​ការចំណាយ​ខ្ពស់​លើ​សេវា​សុខភាព​នៅតាម​មន្ទីរពេទ្យ ឬ គ្លីនិក​ជាដើម​។​
 
​លើសពីនេះ ការស្រាវជ្រាវ​នេះ​ក៏​កត់សម្គាល់​ពី​ការប្រកួតប្រជែង​រវាង​អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ ដែល​ពួកគេ​ខ្លះ​«​និយម​ផ្តល់​ថ្នាំ​ផ្សះ​កម្រិត​ខ្លាំង​និង​ជា​លក្ខណៈ​ច​ម្រ‍ុះ​»​ដល់​អ្នកទិញ ដើម្បី​ប្រាក់ចំណេញ​។ រីឯ​អ្នកជំងឺ ឬ​អ្នកទិញ​ថ្នាំ​វិញ ពួកគេ​ភាគច្រើន​តម្រូវ​ឲ្យ​អ្នកលក់​ថ្នាំ​ផ្តល់​ថ្នាំ​ផ្សះ​ដល់​ពួកគេ បើទោះបីជា​ពួកគេ​មិនដឹងថា ខ្លួន​មាន​ជំងឺ​ដែល​ត្រូវការ​ថ្នាំ​ផ្សះ​ក៏ដោយ​។ បន្ថែម​លើ​នេះ បើសិនជា​ថ្នាំ​ដែល​ពួកគេ​ទិញ​ពី​អ្នកលក់​ថ្នាំ​មួយកន្លែង​មិន​ផ្តល់​ប្រសិទ្ធភាព​ភ្លាមៗ​ទេ នោះ​ពួកគេ​ក៏​មិន​រារែក​ក្នុងការ​ទៅ​ទិញ​ថ្នាំ​ពី​អ្នកលក់​ថ្នាំ​នៅ​កន្លែង​ផ្សេងទៀត​ដែរ​។​
 
​យ៉ាងណាមិញ អ្នកស្រី​សាស្ត្រាចារ្យ Mishal Khan ក៏បាន​បញ្ជាក់ថា លទ្ធផល​ទាំងអស់នេះ​ដែល​ទាញ​ចេញពី​ការស្រាវជ្រាវ​នៅ​កម្ពុជា ក៏មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេងៗ​ទៀត ដែលមាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​។ ហើយ​ការអនុវត្ត​សេវា​សុខភាព​បែបនេះ នឹង​បន្ត​បង្ក​ឲ្យ​មានការ​កើនឡើង​នៃ​ភាព​សុំា​នឹង​ថ្នាំ​ផ្សះ​ដោយ​ក្រុម​បាក់តេរី ឬ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា «superbug​​» ដែល​អាច​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១០​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ត្រឹម​ឆ្នាំ​២០៥០ បើសិនជា​មិនមាន​ការចាត់វិធានកា​រ​ត្រឹមត្រូវ​។​
 
​នៅ​កម្ពុជា គោលនយោបាយ​ស្តីពី​ថ្នាំពេទ្យ​របស់​ក្រសួងសុខាភិបាល បាន​ចែងថា ថ្នាក់​ពេទ្យ​ត្រូវបាន​អនុញ្ញាត​ឲ្យ​លក់​នៅតាម​ឱសថស្ថាន​ដែលមាន​ឱសថការី​ដែលមាន​វិជ្ជាជីវៈ​និង​អាជ្ញា​ប​ណ្ឌ​លក់ដូរ​ថ្នាំ​ត្រឹមត្រូវ​។ បន្ថែម​លើ​នេះ អ្នកជំងឺ​មិនអាច​សុំ​ទិញ​ថ្នាំ​ដែល​ត្រូវបាន​ហាមឃាត់ ដូចជា​ថ្នាំ​ផ្សះ ដោយ​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ជាដាច់ខាត​។​
 
​យ៉ាងណាមិញ ការស្រាវជ្រាវ​នេះ​ក៏បាន​កត់សម្គាល់​ពី​តួនាទី​សំខាន់​មួយ​របស់​ក្រុម​អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ទាំងនេះ ក្នុងការ​ផ្តល់​ថ្នាំ​មួយចំនួន​ដែល​សមាជិក​នៃ​សហគមន៍​នៅតាម​តំបន់​ដាច់ស្រយាល និង​ជនបទ​ត្រូវការ និង​មិនមាន​លទ្ធភាព​ធ្វើដំណើរ​ទៅកាន់​មន្ទីរពេទ្យ​ដោយសារ​ជីវភាព​ខ្សត់ខ្សោយ​។ ទោះជា​យ៉ាងណាក៏ដោយ អ្នកស្រី Mishal Khan បាន​សង្កត់ធ្ងន់ថា ផ្អែកលើ​លទ្ធផល​ដែល​រកឃើញ​ទាំងអស់នេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​ណែនាំ​ឲ្យ​ក្រសួងសុខាភិបាល​យកចិត្ត​ទុកដាក់​បន្ថែម​ក្រុម​អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ទាំងអស់នេះ​។​
 
​អ្នកស្រី​បាន​ថ្លែងថា​៖ «​ការស្រាវជ្រាវ​របស់​យើង​បង្ហាញថា នៅពេលដែល​យើង​បង្កើត​យុទ្ធសាស្ត្រ​ដើម្បី​ជួយ​ឲ្យ​អ្នកជំងឺ​ទទួល​ថ្នាំ​ផ្សះ​ពី​ក្រុម​អ្នកផ្តល់​សេវា​សុខភាព​ដែលមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ វា​ក៏​សំខាន់​ណាស់ដែរ ដែល​យើង​ត្រូវ​ដឹងថា អ្នកជំងឺ​ទទួលបាន​ថ្នាំ​ផ្សះ​មិន​ត្រឹមតែ​ពី​គ្រូពេទ្យ ឬ​ឱសថការី​ទេ តាមពិត​ពួកគេ​ក៏​ទទួលបាន​ថ្នាំ​ផ្សះ​ពី​ក្រុម​អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ដែ​រ‍​»​។​
 
​អាស្រ័យហេតុនេះ អ្នកតាក់តែង​គោលនយោបាយ​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវតែទទួលស្គាល់​ពី​តួនាទី​និង​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​ក្រុម​អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ ពាក់ព័ន្ធ​នឹង​បញ្ហា​កើនឡើង​នៃ​ភាព​សុំា​នឹង​ថ្នាំ​ផ្សះ​នៅ​កម្ពុជា​នេះ​។​
 
​អ្នកស្រី​សាស្ត្រាចារ្យ Mishal Khan បាន​បន្ថែមទៀតថា​៖ «​វា​ប្រសើរ​ដែល​យើង​ត្រូវ​ដឹង​ពី​អ្វីដែល​អ្នកលក់​ថ្នាំ​ទាំងនេះ​បានធ្វើ ហើយ​យើង​ត្រូវ​ពិចារណា​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​ធ្វើការ​ជាមួយ​ក្រុម​អ្នកលក់​ថ្នាំ​ទាំងនេះ​។ ប៉ុន្តែ ពួកគេ​ត្រូវតែ​ទទួលបាន​វគ្គ​បណ្តុះបណ្តាល​ត្រឹមត្រូវ ពី​រដ្ឋាភិបាល ឬ​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​ធ្វើ​ឲ្យ​ណា​ឲ្យ​ពួកគេ​ទទួលបាន​វិជ្ជាជីវៈ​ក្នុង​កម្រិត​មួយ​ដែល​អាច​ធានាថា​ពួកគេ​ផ្តល់​សេវា​សុខភាព​ទៅតាម​ស្តង់ដា​ត្រឹមត្រូវ​។ ទាំងនេះ​គឺជា​វិធីសាស្ត្រ​ខ្លះៗ ដែល​អាច​ធានាថា ពលរដ្ឋ​ក្នុង​សហគមន៍​អាច​ទទួល​សេវា​សុខភាព​ដែលមាន​គុណភាព​ដែល​អាច​ទទួលយក​បា​ន‍​»​។​
 
​អ្នកស្រី​សាស្ត្រាចារ្យ​រូបនេះ​បញ្ជាក់ទៀតថា ដើម្បី​កាត់បន្ថយ​និង​លុបបំបាត់​ការលក់​ថ្នាំ​ផ្សះ​មិន​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ «​ស្ថាប័ន​សុខាភិបាល​រដ្ឋ​ត្រូវតែ​បំពេញ​ចន្លោះប្រហោង ដែល​ក្រុម​អ្នកលក់​ថ្នាំ​មិនមាន​វិជ្ជាជីវៈ​កំពុងតែ​បំពេញ ក្នុងនោះ​រួមមាន ការ​ធានាថា ពលរដ្ឋ​អាច​ទទួលបាន​ថ្នាំ​ព្យាបាល​ជំងឺ​នៅពេល​យប់​បា​ន‍​»​។ ហើយ​បន្ថែម​លើ​នេះ ដើម្បី​លុបបំបាត់​ផ្នត់គំនិត​សាធារណជន​ដែល​យល់​ខុសពី​ថ្នាំ​ផ្សះ វា​ចាំបាច់​ក្នុងការ​បង្កើត​ឲ្យ​មាន​យុទ្ធនា​ការអប់រំ​និង​ផ្សព្វផ្សាយ​ពី​ផលវិបាក​នៃ​ការ​លេបថ្នាំ​ផ្សះ ឬ​អង់​ទី​ប៊ី​យ្យូ​ទិច ដោយ​មិនមាន​ការធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ​៕

© រក្សាសិទ្ធិដោយ thmeythmey.com