ជាតិ
សមាជិកឧត្តមក្រុមប្រឹក្សា ស្នើសម្ដេច ហ៊ុន សែន ឱ្យបញ្ជូនលោក វ៉ា គឹមហុង ចូលបំភ្លឺរឿងព្រំដែន
× ភ្នំពេញ៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានដាក់សំណើទៅសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំបញ្ជូនលោក វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា ចូលបំភ្លឺពីកិច្ចការព្រំដែនរវាងកម្ពុជា-វៀតណាម និងប្រទេសជិតខាងកម្ពុជា។ នេះបើតាមលិខិតរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅថ្ងៃទី៩ តុលា។
លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបញ្ជាក់ថា មូលហេតុដែលលោក សុំឱ្យលោក វ៉ា គឹមហុង បំភ្លឺរឿងព្រំដែននេះ គឹដើម្បីបកស្រាយ និងលុបបំបាត់ការងឿងឆ្ងល់របស់ពលរដ្ឋ ជុំវិញបញ្ហានេះ។ លិខិតស្នើទៅសម្ដេច ហ៊ុន សែន ដែលចុះហត្ថលេខា ដោយលោក ពេជ្រ ស្រស់ បានសរសេរដូច្នេះថា៖«ខ្ញុំជាប្រធានប្រតិភូគណបក្សយុវជនកម្ពុជា បានសង្កេតឃើញថា មានការផ្សព្វផ្សាយព័ត៌មាន អំពីកិច្ចព្រមព្រៀងចំនួន២ រវាងកម្ពុជា និងវៀតណាម ស្តីអំពីសន្ធិសញ្ញាបំពេញបន្ថែមលើការកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងឆ្នាំ២០០៥ និងពិសារខណ្ឌសីមា និងបង្គោលព្រំដែនគោកប្រទេសទាំងពីរ ដែលជាចំណុចងឿងឆ្ងល់របស់ប្រជាពលរដ្ឋទូទៅ។ ពិសេសមិនបានយល់ច្បាស់អំពីគោលបំណងនៃសន្ធិសញ្ញាទាំងពីរខាងលើមិនបានច្បាស់លាស់ អាចជាហេតុបង្កឱ្យអសន្តិសុខក្នុងសង្គមជាតិ»។
បើតាមលោក ពេជ្រ ស្រស់ គោលបំណងនៃការសុំឱ្យលោក វ៉ា គឹមហុង ចូលបំភ្លឺនេះ គឺដើម្បីស្វែងរកចំណុចវិជ្ជមាន និងអវិជ្ជមានអំពីកិច្ចព្រមព្រៀងចំនួន២ រវាងកម្ពុជា និងវៀតណាម ស្តីពីសន្ធិសញ្ញាបំពេញបន្ថែម និងនីតិវិធីនៃការបោះបង្គោលកំណត់ព្រំដែន ជាមួយប្រទេសជិតខាងមួយចំនួនទៀត។
កាលពីថ្ងៃទី៥ តុលា ប្រមុខរដ្ឋាភិបាលកម្ពុជា និងសមភាគីវៀតណាម បានមានវត្តមានធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលត្រូវបានប្រព្រឹត្តទៅនៅទីក្រុងហាណូយប្រទេសវៀតណាម។ ទោះមិនទាន់បានបញ្ចប់សព្វគ្រប់នូវកិច្ចការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសជិតខាងទាំងពីរក្តី ប៉ុន្តែសម្តេច ហ៊ុន សែន បានប្រកាសថា លោកនឹងប្រឹងប្រែងបញ្ចប់បញ្ហាព្រំដែន ដើម្បីមនុស្សជំនាន់ក្រោយ។
បើទោះជានៅសេសសល់១៦ភាគរយទៀតក៏ដោយ សម្រាប់សម្តេច ហ៊ុន សែន ការឈានដល់ការចុះហត្ថលេខាលើឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងការខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ ក៏បានបង្ហាញយ៉ាងច្បាស់ថា ដំណោះស្រាយព្រំដែនរវាងប្រទេសជិតខាងទាំងពីរបានបោះជំហ៊ានទៅមុខដោយមោទនៈ និងប្រកបដោយភាតរភាព។
តែយ៉ាងណាគណបក្សនយោបាយនានា ក៏បានបង្ហាញជំហរមិនទុកចិត្ត ចំពោះអ្វីដែលប្រមុខរដ្ឋាភិបាលលើកឡើងនេះដែរ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ឃើញថា ក្នុងស្ថានភាពនយោបាយ ដែលប្រទេសមិនទាន់មានឯកភាពជាតិ និងក្នុងពេលដែលសភាជាតិ គ្រប់គ្រងដោយគណបក្សតែមួយនោះ រដ្ឋសភាពុំគួរផ្ដល់សច្ចាប័នលើសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងលើបញ្ហាព្រំដែនឡើយ។
ត្រង់ចំណុចនេះគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទាមទារ៤ចំណុច ដោយឱ្យរដ្ឋាភិបាលបង្ហាញឯកសារច្បាប់ទាំងពីរទាក់ទងនឹងបញ្ហាព្រំដែន ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី៥ តុលា ឆ្នាំ២០១៩ ជាសាធារណៈ។ ជាពិសេសរដ្ឋាភិបាល ត្រូវធានាថា ពលរដ្ឋខ្មែរគ្រប់រូប ម្ចាស់ដីនៅតាមបន្ទាត់ព្រំដែន អាចកាន់កាប់ ប្រើប្រាស់ អាស្រ័យផល និងដើរដោយគ្មានការរារាំង និងគំរាមកំហែង។ បន្ថែមពីនេះទៀត រដ្ឋាភិបាលកម្ពុជា ត្រូវអភិវឌ្ឍន៍តំបន់ព្រំដែន ទៅជាសហគមន៍សម្បូរសប្បាយ និងចុងក្រោយ រដ្ឋាភិបាលមិនត្រូវបង្កើតតំបន់សដ្ឋកិច្ចពិសេស នៅតាមបណ្ដោយព្រំដែនដោយវិនិយោគិននៃប្រទេសដែលជាប់ព្រំដែនឡើយ។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរដូច្នេះថា៖«ដោយសារព្រះរាជាណាចក្រកម្ពុជា មិនមានគណៈកម្មការជំនាញឯករាជ្យលើបញ្ហាព្រំដែន ប្រវត្តិសាស្ត្រ ច្បាប់ និងប្រជាសាស្ត្រ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនអាចដឹងថា ការចុះសន្ធិសញ្ញាព្រំដែនរវាងរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ និងរដ្ឋាភិបាលវៀតណាម នៅថ្ងៃទី៥ តុលា ឆ្នាំ២០១៩ កម្ពុជាខាត ឬវៀតណាម ចំណេញទេ។ គណបក្សយល់ឃើញថា ការមានព្រំដែនមួយច្បាស់លាស់ជារឿងមួយល្អប្រសើរ»។
ចាប់តាំងពីការអនុម័តលើសន្ធិសញ្ញាបំពេញបន្ថែមស្តីពីព្រំដែនកម្ពុជាវៀតណាមក្នុងឆ្នាំ២០០៥ ហើយបង្គោលព្រំដែនគោកទីមួយត្រូវបានសម្ពោធក្នុងខែកញ្ញាឆ្នាំ២០០៦ ក្រុមការងារចម្រុះព្រំដែនកម្ពុជា-វៀតណាម បានសម្រេចការងារកំណត់ខណ្ឌសីមា និងបោះបង្គោលបាន៨៤ភាគរយហើយរហូតដល់ពេលនេះ ក្នុងចំណោមប្រវែងព្រំដែនគោកសរុប១២៧០គីឡូម៉ែត្រ៕
Tag:
ពេជ្រ ស្រស់
ហ៊ុន សែន
វ៉ា គឹមហុង
ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com