កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែបម្រើអាល្លឺម៉ង់ Schweinsteiger ប្រកាសចូលនិវត្តន៍ ត្រឹមវ័យ៣៥ឆ្នាំ
× Bastian Schweinsteiger ដែលជួយអាល្លឺម៉ង់ឈ្នះ World Cup ឆ្នាំ២០១៤ នៅថ្ងៃទី៨ ខែតុលា បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាបាល់ទាត់នៅត្រឹមអាយុ ៣៥ឆ្នាំ។ អតីតខ្សែបម្រើឆ្នើម Bayern Munich និង Manchester United រូបនេះ នឹងព្យួរស្បែកជើងនៅក្រោយបញ្ចប់រដូវកាលក្នុងក្របខណ្ឌលីគកំពូលអាមេរិក MLS រដូវកាលនេះ។
Schweinsteiger សព្វថ្ងៃកំពុងលេងឲ្យក្រុម Chicago Fire ចាប់តាំងពីរូបគេផ្លាស់ចេញពី Man Utd នៅឆ្នាំ ២០១៧។ រយៈពេលប្រកបអាជីពជាកីឡាករបាល់ទាត់១៧ឆ្នាំ Schweinsteiger បានក្លាយជាកីឡាករសញ្ជាតិអាល្លឺម៉ង់ដែលឈ្នះពានច្រើនជាងគេជាមួយក្លិបនៅអាល្លឺម៉ង់ Bayern Munich រួមជាមួយក្រុមជម្រើសជាតិ។
ខ្សែបម្រើរូបនេះ បានចាប់ផ្តើមជាកីឡាករអាជីពផ្លូវការដោយបង្ហាញខ្លួនជាមួយ Bayern Munich នៅឆ្នាំ២០០២ ដោយជួយក្រុមឈ្នះពានលីគកំពូល Bundesliga ៨លើក German Cups ៧លើក និង Champions Leageu ១លើកនៅឆ្នាំ២០១៣ ពោលគឺមុនពេលចាក់ចេញទៅទឹកដីអង់គ្លេសនៅឆ្នាំ២០១៥។
Schweinsteiger បន្តរួមរស់នៅ Old Trafford ពីររដូវកាលពីឆ្នាំ២០១៥ ដល់២០១៧ រហូតផ្លាស់ទៅក្រុម Chicago Fire ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដោយបានបង្ហាញខ្លួន៨៥លើកនិងស៊ុតបញ្ចូលទី៨គ្រាប់គិតត្រឹមឆ្នាំ២០១៩នេះ។
តាមរយៈការបង្ហោះសារលើបណ្តាញសង្គម Schweinsteiger សរសេរថា៖«អ្នកគាំទ្រជាទីស្រលាញ់ពេលវេលាបានមកដល់ហើយ ខ្ញុំនឹងបញ្ចប់អាជីពរបស់ខ្ញុំនៅចុងបញ្ចប់នៃរដូវកាលនេះ។ ខ្ញុំសូមថ្លែងអំណរគុណទាំងអ្នកទាំងអស់គ្នាដែលរួមមាន Bayern Munich @fcbayern, Manchester United @ manchesterunited, Chicago Fire @chicagofire និងក្រុមជម្រើសជាតិអាល្លឺម៉ង់ @dfb_team ដែលអ្នកបានផ្តល់ពេលវេលាដ៏អស្ចារ្យសម្រាប់ខ្ញុំ!»។
Schweinsteiger ដែលរួមចំណែកជួយអាល្លឺម៉ង់ឈ្នះពាន World Cup ឆ្នាំ២០១៤ នៅប្រេស៊ីលបន្ថែមថារូបគេនៅតែមានក្តីស្រឡាញ់ ក្តីរំភើព និងភាពស្មោះត្រង់ជាមួយកីឡាបាល់ទាត់នេះជានិច្ច៕
Tag:
Bastian Schweinsteiger
ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com