ជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ អះអាងថា ការចាប់ខ្លួន​សកម្មជន​អតីត​CNRP មិនមែន​ជាការ​រឹត​ដ្បិត​សេរីភាព​ទេ​
09, Oct 2019 , 3:03 pm        
រូបភាព
​ភ្នំពេញ​៖ ការចាប់ខ្លួន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គាំទ្រ​ចលនា​លោក សម រង្ស៊ី គឺ​មិនមែន​ជាការ​រឹត​ដ្បិត​សិទ្ធិសេរីភាព​ទេ ។ នេះ​ជាការ​អះអាង​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ចំពោះមុខ​អ្នកកាសែត ក្រោយ​បញ្ចប់​មហាសន្និបាត​អាណត្តិ​ទី​២ របស់​សមាគមជាតិ​ប្រឹក្សា​រាជធានី​-​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩​នេះ​។​



​សម្ដេច ស ខេង បាន​សង្កត់ធ្ងន់ថា រាល់​សកម្មភាព​ដែល​បង្ហាញ​ពី​បំណង​គាំទ្រ ចលនា​លោក សម រង្ស៊ី មេដឹកនាំ​អតីត​បក្សប្រឆាំង​នោះ វា​ត្រូវបាន​គេ​ចាត់ទុកជា​សកម្ម​ភាពខុស​ច្បាប់ ដែល​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​ភ្លាមៗ​។ ឆ្លើយតប​នឹង​សំនួរ​អ្នកសារព័ត៌មាន ជុំវិញ​ការរិះគន់​លើ​វិធានការ​ច្បាប់​របស់​រដ្ឋាភិបាល លើ​សកម្មជន​នយោបាយ​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បកស្រាយ​ដូច្នេះ​ថា​៖«​អ្នក​លើកឡើង​មតិ​ខុសគ្នា​។ ប៉ុន្ដែ​ត្រង់​ថាបើ​គាត់​ធ្វើ​សកម្មភាព​គាំទ្រ​អ្វីដែល សម រ​ង្ស៉ី បានសម្រេច​ចិត្ត បាន​ប្រកូក​ប្រកាស នេះ​ជាការ​ខុសច្បាប់ ។​អាហ្នឹង​ដើរ​ហួស ដូច្នេះ​វា​មិនមែនជា​ការគំរាមកំហែង​ទៅលើ​សិទ្ធិ​បញ្ចេញមតិ​នោះទេ បាន​ន័យ​ពួកគាត់​ធ្វើ​បំពាន​ច្បាប់ ការប្រមាថ​ព្រះមហាក្សត្រ ឬក៏​គាត់​ចង់​ធ្វើ​រដ្ឋប្រហារ តាមរយៈ​បដិវត្ត​ពណ៌ ការប្រមូល​កម្លាំង​មហាជន​ផ្ដួលរំលំ​រដ្ឋាភិបាល អាហ្នឹង​វា​ហួស​ក្របខ័ណ្ឌ ហើយ​ការចាប់​ខ្លូន នឹង​មើល​តាម​ជាក់ស្ដែង​»​។​

​រយៈពេល​ចុងក្រោយ​នេះ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនតិចជាង​២០​នាក់​ទេ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន តាម​អំណាច​ដីកា​តុលាការ​។ អ្នក​ទាំងនោះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​«​ញុះញុង​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» «​បទ​រួមគំនិត​ក្បត់​»  និង​«​ឧបឃាត​»​ជាដើម ស្របពេល​ដែល​លោក សម រង្ស៊ី ប្រកាស​ចូល​ស្រុក​វិញ​។

​ទាក់ទង​បញ្ហា​នេះ​មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ចាត់ទុក​ការចាប់ខ្លួន​នេះ វា​មិនមែន​ជាការ​រឹតបន្ដឹង និង​អនុវត្ត​ច្បាប់​ទេ ប៉ុន្តែ​វា​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ផ្ទាល់ខ្លួន របស់​អ្នកនយោបាយ​ប៉ុណ្ណោះ​។ សម្រាប់​លោក សឹង សែន​ករុណា ការចាប់ខ្លួន​ពលរដ្ឋ​ជា​បន្តបន្ទាប់​នេះ វា​បង្ហាញ​ពី​រូបភាព​នៃ​ការ​រឹត​ដ្បិត​សិទ្ធិសេរីភាព​ពលរដ្ឋ​ទៅវិញ​ទេ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មន្ត្រីជាន់ខ្ពស់​អង្គការ​អាដហុក​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​បើ​យើង​ពិនិត្យមើល​អំពើ​ប្រព្រឹត្ត​របស់​អ្នក​(​សកម្មជន​) ទាំងអស់​ហ្នឹង គឺជា​សកម្មភាព​នៃ​ការសម្ដែង​មតិ​នៃ​ផ្នែក​នយោបាយ​របស់​ពួកគាត់ ដែល​គាត់​ធ្វើឡើង​វា​ស្រប​ជាមួយនឹង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​យើង ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស អាស្រ័យ​លើ​ការគោរព​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​»​។​

អត្ថបទទាក់ទង

​កាលពី​ថ្ងៃទី​២ តុលា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ពលរដ្ឋ​ណា ដែល​ចូលរួម​សកម្មភាព​នៃ​យុទ្ធនាការ​«​ម្រាមដៃ​៩» តាម​ការអំពាវនាវរ​ប​ស់លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​ប្រឈមមុខ​ផ្លូវច្បាប់​។ សម្ដេច ហ៊ុន សែន បានចាត់ទុក​យុទ្ធនាការ​«​ម្រាមដៃ​៩» របស់លោក សម រង្ស៊ី នេះ គឺជា​ការផ្ដួលរំលំ​រដ្ឋា​ភិ​បាល ដែល​មិនអាច​លើកលែង​បាន​។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី យុទ្ធនាការ​នេះ មិនមែនជា​សិទ្ធិ​បញ្ចេញមតិ​ទេ ប៉ុន្តែ​វា​ជា​រដ្ឋប្រហារ​ទៅវិញ​។​

​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​ចូល​ស្រុក​វិញ នៅ​ថ្ងៃទី​៩ វិច្ចិកា​ខាងមុខ​។ មុន​ចូល​ស្រុក​នេះ លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គាំទ្រ​ខ្លួន និង​កងទ័ព​ធ្វើ​ចលនា​ទម្លាក់​ប្រមុខ​រដ្ឋាភិបាល​ផងដែរ​។​

​ដោយសារ​ពាក្យសម្តី​រប​ស់មេ​ដឹកនាំ​រូបនេះ ទើប​តុលា​ការចេញ​ដីកាចាប់ខ្លួន​លោក សម រ​ង្ស៉ី និង​មនុស្ស​៨​ទៀត រួមមាន​លោក អេង ឆៃអ៊ាង​,​លោកស្រី  មូរ សុខ​ហួរ​, លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ​, លោក ហូរ វ៉ាន់​, លោក ឡុង រឺ​, លោក ម៉ែន សុថា​វរិ​ន្ទ្រ​, លោក នុត រំដួល និង​ភរិយា​លោក សម រង្ស៊ី គឺ​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ព្រមទាំង​គូកន ក្រោម​បទ​ចោទ​ឧបឃាត ដោយ​យោងតាម​មាត្រា​៤៥១ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាចមាន​ទោស​ពី ១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​៕


Tag:
 ស ខេង​
  សម រង្ស៊ី​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com