អន្តរជាតិ
បុរសបង់ក្លាដែសម្នាក់ កោរសក់ប្រពន្ធខ្លួនឯង ក្រោយឃើញសក់មួយសរសៃក្នុងអាហារ រូបតំណាង
×
ដោយ៖ ងួន សុភាវត្តី
បុរសជនជាតិបង់ក្លាដែសម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយចាប់កោរសក់ប្រពន្ធខ្លួនឯងបន្ទាប់ពីរូបគេរកឃើញសក់មួយសរសៃក្នុងអាហារពេលព្រឹកដែលនាងរៀបចំ។ ប៉ូលិសបង់ក្លាដែស នៅថ្ងៃទី៨ខែតុលាននិយាយថា បុរសជាប្ដី នឹងត្រូវចោទពីបទអំពើហិង្សា។ ក្រុមសិទ្ធិមនុស្សបង់ក្លាដែស អះអាងថា អំពើហិង្សាលើស្ត្រីនៅក្នុងប្រទេសកាន់សាសនាឥស្លាមមួយនេះ បានកើនឡើងគួរអោយកត់សម្គាល់។
ប៉ូលិសបានឆ្មក់ចូលក្នុងភូមិមួយនៅភាគខាងកើតនៃសង្កាត់ Joypurhat និងបានចាប់ខ្លួនបុរសឈ្មោះBablu Mondal អាយុ ៣៥ឆ្នាំ ដែលអ្នកភូមិបានអះអាងថាចាប់ប្រពន្ធខ្លួនឯងកោរសក់។ អធិការប៉ូលិសប្រចាំតំបន់លោក Shahriar Khan បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា អំពើហិង្សានេះបានកើតឡើងដោយសារជនបង្កបានរកឃើញសក់មនុស្សក្នុងបាយ និងទឹកដោះគោដែលស្ត្រីជាប្រពន្ធបានរៀបចំអោយ។
មន្ត្រីប៉ូលិសរូបនេះបានប្រាប់ទៀតថា លោក Bablu ជាប់ចោទពីបទបង្កការឈឺចាប់ដោយចេតនា ហើយបទល្មើសនេះអាចលោកធ្វើអោយត្រូវជាប់ពន្ធនាគារយូរបំផុតរហូតដល់១៤ឆ្នាំ និងពីបទប្រមាថលើប្រពន្ធខ្លួនផងដែរ។
ក្រុមសកម្មជនសិទ្ធិមនុស្សនិយាយថា ហេតុការណ៍នេះ បានឆ្លុះបញ្ចាំងអោយឃើញពីកំណើននៃការមើលងាយលើស្ត្រីនៅបង់ក្លាដែស បើទោះបីជាមានច្បាប់ការពារលើស្ត្រីទាំងនេះក៏ដោយ។ ក្រុមសិទិ្ធមនុស្សបង់ក្លាដែស Ain o Salish Kendra អះអាងថា ជាមធ្យមក្នុងមួយថ្ងៃមានស្ត្រី៣នាក់ត្រូវបានរំលោភបើគិតត្រឹមពាក់កណ្តាលឆ្នាំនេះ។
បើតាមអង្គការដដែល មនុស្សស្រីប្រមាណ៦៣០នាក់ ត្រូវបានគេរំលោភនៅចន្លោះខែមករាមកខែមិថុនានេះ ហើយមនុស្សស្រី៣៧ត្រូវបានគេសម្លាប់ក្រោយរំលោភ និង៧នាក់ផ្សេងទៀតបានសម្លាប់ខ្លួន។ក្នុងនោះដែរក៏មានស្ត្រី១០៥ត្រូវបានគេប៉ុនប៉ងរំលោភផងដែរ។
គួររំលឹកថា កាលពីខែមេសាកន្លងទៅ មានការផ្ទុះការតវ៉ាយ៉ាងធំមួយនៅបង់ក្លាដែសបន្ទាប់ក្មេងស្រីអាយុ១៩ឆ្នាំមួយរូបបានដុតខ្លួនរហូតដល់ស្លាប់ ដោយចោទគ្រូបង្រៀននាងថាបានរំលោភបំពានលើរូបនាង៕
© រក្សាសិទ្ធិដោយ thmeythmey.com