អន្តរជាតិ
ប្រទេស​អឺរ៉ុប ជំរុញ​ឲ្យ​អនុវត្ត​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​កូរ៉េខាងជើង​កាន់តែ​តឹងរ៉ឹង​ជាង​មុន​
09, Oct 2019 , 8:39 pm        
រូបភាព
​ក្រុម​ប្រទេស​អឺរ៉ុប​ដែលជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​៨ ខែតុលា អំពាវនាវ​ឲ្យ​អនុវត្ត​ទណ្ឌកម្មសេដ្ឋកិច្ច​អន្តរជាតិ​កាន់តែ​តឹងរឹង​ជាង​មុន​ប្រឆាំងនឹង​កូរ៉េខាងជើង​។ ការអំពាវនាវ​នេះ ធ្វើឡើង​ក្រោយពី​កិច្ចប្រជុំ​បិទទ្វារ​នៅឯ​អង្គការសហប្រជាជាតិ ដែល​បាន​ជជែក​ពិភាក្សា​អំពី​កា​សាកល្បង​មី​ស៊ី​ល​ប៉ា​លី​ស្ទិ​ករ​បស់​កូរ៉េខាងជើង​លើកចុងក្រោយ​នេះ​។



​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម ដែល​បាន​អាន​ដោយ​អគ្គរដ្ឋទូត​បារាំង Nicolas Riviere ក្រុម​ប្រទេស​អឺរ៉ុប​បាន​លើកឡើងថា ទណ្ឌកម្ម​អន្តរជាតិ​នៅតែ​ដាក់​លើ​កូរ៉េខាងជើង​ដដែល ហើយ​ត្រូវតែ​ចាប់បង្ខំ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ និង​តឹងរឹង​បំផុត​។ បារាំង បែលហ្ស៊ិក អាល្លឺម៉ង់ ប៉ូឡូញ អង់គ្លេស និង​អេ​ស្តូ​នី ជា​ក្រុម​ប្រទេស​ដែល​ដាក់ឈ្មោះ​ក្នុង​សេចក្ដីថ្លែងការណ៍​ដាក់បន្ទុក​នេះ​។  នេះ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP ។

​ពាក្យរិះគន់​របស់​អឺរ៉ុប ធ្វើឡើង​ក្រោយ​កូរ៉េខាងជើង​បាន​ព្រមាន​ពី​ការបង្កើន​ការការពារ​ខ្លួន បើ​អន្តរជាតិ​បន្ត​រឹតត្បិត​ខ្លួន​នោះ​។ មួយ​ថ្ងៃមុន​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ លោក គីម សុង អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ បាន​រិះគន់​ខ្លាំងៗ​តែម្តង​ទៅលើ​អឺរ៉ុប​ថា កំពុង​អនុវត្ត​វិធីសាស្ត្រ​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ស្វែងរក​កិច្ចប្រជុំ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​។

​ក្នុងន័យ​ព្រមាន​អាមេរិក និង​ក្រុម​ប្រទេស​បរិវារ អគ្គរដ្ឋទូត​កូរ៉េខាងជើង​រូបនេះ បាន​លើកឡើងថា ប្រសិនបើ​ប្រទេស​ទាំងនោះ​លើកយក​វិធី​សាស្ត្រា​ការពារ​ខ្លួន​របស់​កូរ៉េខាងជើង​ទៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ខណៈពេល​នេះ វា​នឹង​បង្ក​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​បង្កើន​មហិច្ឆតា​បន្ថែមទៀត ក្នុង​គោលបំណង​ការពារ​អធិបតេយ្យភាព​របស់ខ្លួន ។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុម​ប្រទេស​អឺរ៉ុប ប្រទេស​បារាំង អាល្លឺម៉ង់ អង់គ្លេស​បានស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​មួយ ដោយសារតែ​បញ្ហា​ការបារម្ភ​រួមគ្នា​របស់​ក្រុម​ប្រទេស​អឺរ៉ុប​លើ​បញ្ហា​សាកល្បង​មី​ស៊ី​ល​ម្តង​ហើយ​ម្តងទៀត​របស់​កូរ៉េខាងជើង​។ ម្យ៉ាងវិញទៀត សកម្មភាព​បង្ករឿង​របស់​កូរ៉េខាងជើង​បែបនេះ គឺ​កំពុង​គំរាមកំហែង​ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់ ជាពិសេស​គឺ​បំពាន​ទៅលើ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​។​

​សូមបញ្ជាក់ថា ប្រទេស​អង់គ្លេស អាល្លឺម៉ង់ និង​បារាំង​ធ្លាប់​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​បើក​កិច្ចប្រជុំ​ម្តង​ហើយ​បន្ទាប់ពី​កូរ៉េខាងជើង​បាន​សាកល្បង​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ចម្រុះ ប៉ុន្តែ​ចុងក្រោយ​ប្រទេស​ទាំងបី​បាន​ត្រឹម​អំពាវនាវ​ឲ្យ​បន្ត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​បន្ថែមទៀត​លើ​កូរ៉េខាងជើង​។ ចំណែក​រុស្សី និង​ចិន​ក្នុង​ឆ្នាំ ២០១៩​នេះ បាន​អំពាវនាវ​ឲ្យ​អង្គការសហប្រជាជាតិ​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ចេញពី​កូរ៉េខាងជើង ដើម្បី​ជំរុញ​ឲ្យ​មាន​ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ​កាន់តែ​ឆាប់រហ័ស ប៉ុន្តែ​ត្រូវបាន​អាមេរិក​ច្រានចោល​។​

​គួររំលឹកថា កិច្ចប្រជុំ​រវាង​ប្រតិភូ​ទីក្រុង​ព្យុងយ៉ាង និង​ទីក្រុង​វ៉ាស៊ីនតោន​នា​ប្រទេស​ស៊ុយអែត នៅ​ថ្ងៃទី​៥ ខែតុលា បានទទួល​បរាជ័យ បន្ទាប់ពី​អ្នកតំណាង​កូរ៉េខាងជើង​បាន​ដើរ​ចេញពី​កិច្ចប្រជុំ​ដោយ​មិន​ទទួលបាន​លទ្ធផល​ផ្លែផ្កា​អ្វី​បន្តិច​ឡើយ​៕

Tag:
 ​អឺរ៉ុប​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com